វិធី​ត្រៀមខ្លួន​ក្លាយជា​កូនក្រមុំ​ស្អាត​បំផុត​ក្នុង​ថ្ងៃ​រៀបការ​

បើ​ទោះជា​អ្នក​មិនមែន​ជា​កូនក្រមុំ​ម្នាក់​ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ឥត​ទាស់​ដូច​តារា​ក៏ដោយ​ ក៏​មិនមែន​មានន័យថា​ អ្នក​ត្រូវតែ​បណ្ដែតបណ្ដោយ​រូប​សម្រស់​ឱ្យទៅ​ជា​យ៉ាងណា​ក៏បាន​នោះ​ដែរ​។ សូម​ចងចាំ​ថា​ តារា​គេ​ស្អាត​តាម​បែប​របស់​គេ​ តែ​អ្នក​ក៏​ស្អាត​តាម​បែប​របស់​អ្នក​ដែរ​ ដូច្នេះ​អ្វី​ដែល​យើង​អាច​ជួយ​ឱ្យ​ខ្លួន​យើង​មើលទៅ​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន​បាន​ យើង​គួរ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត​។ តោះ​ចាប់ផ្ដើម​យុទ្ធនាការ​ទាញ​យក​ភាព​ស្អាត​ចេញពី​រាងកាយ​អ្នក​ តាមរយៈ​ការ​មើលថែ​តាំងពី​ក្បាល​ដល់​ចុងជើង​ជាមួយ​ ឡា​រ៉ែ​ន ដូច​ខាងក្រោម​៖

សក់​ : នេះ​ជាផ្នែក​ខាងលើ​បំផុត​នៃ​រាងកាយ​របស់​អ្នក​ ហើយក៏​ជាផ្នែក​មួយ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ផង​ដែរ​។ សម្រាប់​ថ្ងៃ​ពិធី​ សក់​ពិតជា​ត្រូវ​តុបតែង​ជាច្រើន​ម៉ូដ​ ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើ​ឱ្យ​មានការ​ប្រាកដ​ក្នុងចិត្ត​ថា​ វា​ពិតជា​មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ ដើម្បី​ទប់ទល់​នឹង​ការបំផ្លាញ​ដែល​មិន​អាច​គេច​ផុត​ក្នុង​ថ្ងៃ​នោះ​។ អ្នកជំនាញ​និយាយ​ថា​ វា​គ្មានអ្វី​ល្អ​ជាង​ការ​ទទួល​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ B នោះ​ទេ​ ព្រោះថា​វីតាមីន​ប្រភេទ​នេះ​អាច​ជួយ​ឱ្យ​សក់​ភ្លឺរលោង​បែប​ធម្មជាតិ​ពី​ផ្នែក​ខាង​ក្នុង​មក​។ ចំពោះ​ការ​ថែរក្សា​ផ្នែក​ខាងក្រៅ​វិញ​នោះ​ អ្នក​អាច​ជ្រើសរើស​យក​វិ​ធី​ផ្សេង​ៗដូចជា​ ម៉ាស្សា​ស្បែក​ក្បាល​ លាបប្រេង​ជំនួយ​ តម្រឹម​ចុង​សក់​ និង​ការពារ​សក់​ពី​ការ​បំផ្លាញ​ផ្សេង​ៗជាដើម​។

មុខ​ : ចំណុច​បន្ទាប់ពី​សក់​គឺ​ផ្ទៃមុខ​ ដែល​ជា​ចំណុច​លេចធ្លោ​បំផុត​ និង​មាន​នាទី​សំខាន់​បំផុត​ក្នុង​ការ​ទាញ​យក​ចំណាប់​អារម្មណ៍​ពី​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ខ្លួន​ ជាពិសេស​គឺ​ស្វាមី​របស់​អ្នក​តែម្តង​។ មាន​វិធីសាស្ត្រ​ថែរក្សា​ និង​កែខៃ​ផ្ទៃមុខ​ដែល​មាន​បញ្ហា​ច្រើនណាស់​ដែល​ ឡា​រ៉ែ​ន ធ្លាប់​បាន​នាំ​មក​ជូន​មិត្ត​អ្នកអាន​នៅក្នុង​ទំព័រ​ថែរក្សា​សម្រស់​ ដូច្នេះ​យើង​សង្ឃឹមថា​ វា​មិនមែន​ជា​ឧបសគ្គ​សម្រាប់​អ្នកនោះ​ទេ​។ ជ្រើសរើស​វិធី​ណា​ក៏បាន​តាមដែល​អ្នកមើល​ឃើញថា​ វា​មានប្រសិទ្ធភាព​ចំពោះ​សភាព​ស្បែក​របស់​អ្នក​ មិនថា​ការ​បិទ​ម៉ាស​តាម​បែប​ធម្មជាតិ​, ចំហុយ​, ស្ប៉ា​ ឬប្រើប្រាស់​គ្រឿងសម្អាង​នោះ​ទេ​។ សូម​ចាំ​ថា​ ឡា​រ៉ែ​ន តែងតែ​គាំទ្រ​អ្នកជា​និច្ច​ក្នុង​ការស្វែងរក​ភាព​ស្រស់​ស្អាត​ឱ្យ​ផ្ទៃមុខ​របស់​អ្នក​ ប៉ុន្តែ​សូម​ចងចាំ​ចំណុច​ដ៏​សំខាន់​មួយ​ឱ្យ​បាន​ជាប់​ជានិច្ច​ថា​ ការសាកល្បង​ប្រើប្រាស់​ផលិតផល​ថ្មី​(សូម្បី​តែ​ហ្វូ​មលាង​មុខ​) ការ​ព្យាបាល​ដោយ​វិធី​ផ្សេង​ៗ គឺ​មិន​គួរ​ឱ្យ​កើតមាន​ទេ​ ប្រសិនបើ​ពេលវេលា​នៃ​ការ​រៀបការ​របស់​អ្នក​នៅសល់​តិច​ជាង2​សប្តាហ៍​នោះ​។

ភ្នែក​ : លាប​ក្រែម​ជំនួយ​ ដំឡូងបារាំង​ ថង់​កាក​តែ​ ឬ ត្រសក់​ជាដើម​ ដើម្បី​ការពារ​ និង​ជំនួយ​ដល់​រង្វង់ភ្នែក​ខ្មៅ​។ ម្យ៉ាងវិញទៀត​អ្នក​គួរ​ចៀសវាង​ការ​ទទួលទាន​ប្រៃ​ពេក​ និង​គេង​មិន​គ្រប់គ្រាន់​ជាដើម​ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ភ្នែក​ឡើង​ហើម​។

បបូរមាត់​ : ព្យាបាល​ឱ្យ​ហើយ​ ប្រសិនបើ​អ្នក​មាន​បញ្ហា​បបូរមាត់​ខ្មៅ​ ប្រេះ​ ឬក្រៀម​មិន​ស្អាត​ សូម​កុំ​រង់ចាំ​រហូតដល់​ពេលវេលា​មកដល់​ទើប​សង្វាត​ស្វែងរក​ដំណោះស្រាយ​នោះ​។

ក : កូនក្រមុំ​មុ​ខស​-កខ្មៅ​ សម័យនេះ​លែង​សូវ​មាន​ទៀតហើយ​ ព្រោះ​ពួកគេ​សុទ្ធតែ​បានដឹង​ច្បាស់​ពី​ភាពអាក្រក់​មើល​របស់​វា​ សង្ឃឹមថា​អ្នក​ក៏​ជា​កូនក្រមុំ​ឆ្លាតវៃ​មួយ​រូប​ដែរ​ គឺ​ពិតជា​មិន​បណ្តោយ​ឱ្យ​សភា​ពស​ដុំ​ៗកើតមាន​ចំពោះ​អ្នកនោះ​ទេ​។

ភាព​ស័ក្តិសម​នៃ​រាងកាយ​ : ខំប្រឹង​ប៉ូវ​ បន្ថែម​សារធាតុ​អាហារ​ឱ្យ​បាន​ច្រើនជាង​មុន​ ប្រសិនបើ​អ្នក​គិតថា​ រូបរាង​របស់​អ្នក​ស្គម​ពេក​ ក៏ដូចជា​ដើម្បី​បន្ថែម​ថាមពល​ដល់​រាងកាយ​ផង​ តែ​ក៏​ត្រូវ​សម្រក​ដូចគ្នា​ដែរ​ បើ​យល់ថា​ដូចជា​ធាត់​បន្តិច​ហើយ​នោះ​។

ស្បែក​ : ដៃ​ក៏ដោយ​ ជើង​ក៏ដោយ​ តួខ្លួន​ទាំង​មូល​ក៏ដោយ​ បើ​ទោះជា​មិនបាន​សខ្ចី​ដូច​ការ​ប៉ង​ទុក​ ក៏​មិន​ត្រូវ​ឱ្យ​គ្រើម​ស្រអាប់​ ស្ងួត​ ប្រេះ​បែក​ស្រ​ការ​ស្រម៉​កនោះ​ដែរ​។ ខាត់ស្បែក​តាម​បែប​ធម្មជាតិ​ជា​វិធី​ដ៏​ល្អ​បំផុត​ ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​សន្សឹម​ៗ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺរលោង​ស្រស់​ស្អាត​។

ចុងជើង​ : ចំណុច​ក្រោម​គេ​បង្អស់​ តែ​កុំ​ស្មាន​ថា​មិន​មាន​អ្នកចាប់​អារម្មណ៍​ឱ្យ​សោះ​ណា៎​! មើល​ថែ​វា​ឱ្យ​ស្អាតបាត​ កាត់តម្រឹម​ លេង​ម៉ូដ​ក្រចកជើង​ រក្សា​ភាព​មាន​អនាម័យ​ មិន​ត្រូវ​ឱ្យ​មើលឃើញ​ភាព​ស្ងួត​គ្រើម​ ប្រេះ​បែកស្រកា​ដាច់ខាត​។ព្រោះ​វា​ជា​ថ្ងៃ​ដ៏​ពិសេស​របស់​អ្នក​ ដូច្នេះ​តាំង​ពីលើ​ក្បាល​ដល់​ចុងជើង​ត្រូវតែ​ Perfect​ គ្រប់​ចំណុច​ទាំងអស់​៕

Advertisement