រឿង​តូចតាច​ តែ​ល្អ​ចំពោះ​សុខភាព​រាងកាយ​ 8យ៉ាង​ ដែល​គ្រូពេទ្យ​ចិន​បុរាណ​ប្រាប់​ឱ្យធ្វើ​ញឹកញាប់​

នៅក្នុង​ក្បួនតម្រា​ពេទ្យ​របស់​ចិន​បាន​បង្រៀន​ថា​ មាន​កាយវិការ​ 8យ៉ាងដែល​មនុស្សយើង​គួរ​ធ្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ឱ្យ​បាន​ញឹកញាប់​ ដើម្បី​ឱ្យ​មាន​សុខភាព​រាងកាយ​ល្អ​ ហើយ​កាយវិការ​ទាំងអស់​នោះ​គឺ​ ៖

1. ធ្វើ​ចលនា​កែវភ្នែក​ : ការ​ផ្ចង់​ខ្សែភ្នែក​សម្លឹង​ទៅ​រក​ចំណុច​ណាមួយ​ក្នុងរយៈពេល​យូរ​ គឺជា​ការធ្វើបាប​កែវភ្នែក​ខ្លួនឯង​ដោយ​ផ្ទាល់​ដោយ​មិនដឹង​ខ្លួន​ ដូច្នេះ​យ៉ាង​ហោច​ណាស់​នៅ​រៀងរាល់​ 1ម៉ោង​ម្តង​ មនុស្ស​ម្នា​ក់ៗ​គួរ​ធ្វើលំ​ហាត់ប្រាណ​ខ្សែភ្នែក​ដោយ​ការ​បើកភ្នែក​សម្លឹង​មើលទៅ​លើ​ពិតាន​ រួចហើយ​បង្វិល​កែវ​ភ្នែក​សន្សឹម​ៗទៅ​ខាងឆ្វេង​ រួច​ចុះទៅ​ក្រោម​ ហើយ​រេ​ទៅ​ខាងស្តាំ​ មុននឹង​វិល​ទៅ​សម្លឹង​មើល​ខាង​លើ​វិញ​។ ចូរ​ធ្វើបែប​ហ្នឹង​ឱ្យ​បាន​ច្រើនដង​ សាច់ដុំ​ភ្នែក​នឹង​បាន​រឹងមាំ​ល្អ​។

2. លេបទឹកមាត់​ : ការ​លេបទឹកមាត់​ញឹកញាប់​ គឺជា​ការ​ធ្វើលំ​ហាត់ប្រាណ​សាច់ដុំ​បំពង់ក​ ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយអាហារ​ឱ្យធ្វើ​ការបាន​តាម​ប្រក្រតី​។

3. សិតសក់​ : ទោះជា​ការ​សិតសក់​ញឹកញាប់​មិនបាន​ជួយ​ឱ្យ​សក់​របស់​យើង​ស្អាត​ឡើង​មែន​ តែ​វា​ជា​ការ​ជួយ​ម៉ាស្សា​សរសៃប្រសាទ​លើ​នៅ​លើ​ស្បែក​ក្បាល​ ជួយ​ធ្វើ​ឱ្យ​ភ្នែកភ្លឺ​ច្បាស់​ ឫស​សរសៃសក់​រឹងមាំ​ឡើង​ ព្រោះ​មាន​លោហិត​ហូរ​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល​គ្រប់ពេល​ដែល​យើង​បាន​សិតសក់​ជានិច្ច​។

4. ម៉ាស្សា​ត្រចៀក​ : តាម​ក្បួនតម្រា​របស់​គ្រូពេទ្យ​ចិន​បុរាណ​បានឱ្យ​ដឹង​ថា​ នៅ​នឹង​ត្រចៀក​របស់​យើង​មាន​សរសៃប្រសាទ​ដែល​តភ្ជាប់​ជាមួយ​ក្រលៀន​ ដូច្នេះ​ការ​ទាញ​ ផ្ទាត់​ ច្របាច់​ ឬត្រដុស​ស្លឹកត្រចៀក​ញឹកញាប់​ នឹង​ជួយ​ជំរុញ​ការ​ធ្វើការងារ​របស់ក្រ​លៀន​ដោយ​ផ្ទាល់​ ជួយការ​ពារ​អាការ​វិលមុខ​ និង​ការបាន​ឮអ្វី​ផ្តេស​ផ្តាស់​។

5. កម្រើក​អណ្តាត​ពេល​អង្គុយ​ទំ​នេរ​ៗ : បើ​បាន​យក​អណ្តាត​រុញ​ក្រអូមមាត់​ខាង​លើ​ផង​នោះ​ វា​នឹង​ជួយ​ជំរុញ​ការ​បញ្ចេញ​ទឹកមាត់​ ធ្វើ​ឱ្យ​ប្រអប់មាត់​ស្អាត​ និង​បំបាត់​ក្លិន​មាត់​បាន​ទៀតផង​។

6. ខ្ជឹប​រន្ធ​គូទ​ : ជា​វិធី​បំបាត់​អាការ​ឆ្អល់ពោះ​ដ៏​ងាយ​ និង​មានប្រសិទ្ធភាព​បំផុត​។ ចូរ​ខ្ជឹប​រន្ធ​គូទ​ក្នុង​ 1ថ្ងៃ​ឱ្យ​បាន​ 3ឈុត​ 1ឈុត​ឱ្យ​បាន​ពី​ 50​ -100ដង​ ព្រោះ​រាល់ពេល​ដែល​យើង​ខ្ជឹប​រន្ធ​គូទ​ ពោះវៀន​នឹង​ពង្រឹង​ខ្លួន​កម្ចាត់​កាកសំណល់​មិនល្អ​ដែល​នៅ​សេសសល់​ក្នុង​ពោះវៀន​មិន​ឱ្យ​រាតត្បាត​បំផ្លាញ​រាងកាយ​របស់​យើង​។

7. ខាំធ្មេញ​ : ការ​ខាំ​ធ្មេញ​ស្រាល​ៗញឹកញាប់​ នឹង​ជួយ​ធ្វើ​ឱ្យ​ធ្មេញ​រឹងមាំ​ និង​ជួយ​ជំរុញ​ការផលិត​ទឹក​រំលាយអាហារ​ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​រឿង​ពោះវៀន​ចូរ​កុំ​ខកខាន​ឱ្យ​សោះ​។

8. យកដៃ​ត្រដុស​ថ្ពាល់​ និង​ផ្ទៃមុខ​ : ថ្ពាល់​ និង​ផ្ទៃមុខ​ គឺជា​កន្លែង​ដែល​ខ្វះ​ការហាត់ប្រាណ​ច្រើន​បំផុត​លើ​រាងកាយ​ នេះ​ជា​វិធី​មួយ​ដ៏​សែន​ងាយ​បំផុត​ គ្រាន់តែ​ត្រដុស​បាត​ដៃ​ទាំងសងខាង​ រួចហើយ​យក​បាតដៃ​មក​ដុស​មុ​ខស្រាល​ៗ វា​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ឈាម​រត់​ ធ្វើ​ឱ្យ​ឈាម​ហូរ​មក​ចិញ្ចឹម​ផែន​ថ្ពាល់​ទាំង​សងខាង​បាន​កាន់តែ​ច្រើនឡើង​ ធ្វើ​ឱ្យ​ផ្ទៃមុខ​ស្អាត​ស្រស់ថ្លា​៕

Advertisement