“ហូរឈាម​ច្រមុះ​” មិនមែន​ជា​រឿង​ធម្មតា​ទេ​ បើ​កូន​មាន​អាការ​បែបនេះ​!

November 27, 2019​ ម៉ោង 11:26 am

ចំពោះ​កូនក្មេង​ ច្រើនតែ​មាន​បញ្ហា​រឿង​ហូរឈាម​ចេញ​តាម​ច្រមុះ​ជា​ញឹកញាប់​ ក្មេង​ខ្លះ​កើត​អាការ​នេះ​ធ្ងន់ធ្ងរ​ តែ​ក្មេង​ខ្លះ​ក៏​មិនជា​ធ្ងន់ធ្ងរ​អ្វី​ដែរ​ តែ​អាការ​បែបនេះ​មួយចំនួន​គួរតែ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​ ឬបើ​ក្មេង​ខ្លះ​ដែល​មាន​អាការ​នេះ​ដែរ​ តែ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ អាច​ធ្វើ​បឋម​ព្យាបាល​រយៈ​ដំបូង​ឱ្យ​សិន​ក៏បាន​ តែបើ​ធ្វើ​បឋម​ព្យាបាល​មិន​ត្រូវ​វិធី​ ក៏អាច​នឹង​ធ្វើ​ឱ្យ​ក្មេង​រឹតតែ​មាន​អាការ​ធ្ងន់ធ្ងរ​ឡើង​បាន​ដែរ​… ដូច្នេះ​ ឥឡូវ​យើង​នាំគ្នា​មក​មើល​ពី​មូលហេតុ​ និង​ការ​ធ្វើ​បឋម​ព្យាបាល​ដែល​ត្រឹមត្រូវ​វិញ​ប្រសើរ​ជាង​។

តើ​ការ​ហូរឈាម​ច្រមុះ​បណ្ដាលមកពី​អ្វី​? អ្នកម្ដាយ​ទាំងឡាយ​ត្រូវតែ​ដឹង​….
. បើ​ដាច់​សរសៃឈាម​ច្រមុះ​ផ្នែក​ខាងមុខ​ ឈាម​នឹង​ហូរចេញ​មក​ពី​រន្ធច្រមុះ​។
. បើ​ដាច់​សរសៃឈាម​ផ្នែក​ខាងក្រោយ​(ឬខាងក្នុង​) នឹង​ធ្វើ​ឱ្យ​ឈាម​ហូរ​ចូល​ទៅ​ក្នុង​បំពង់ក​ អ្នក​កើត​អាការ​នេះ​នឹង​មាន​អារម្មណ៍​ថា​ ល្វីង​ខាប់​ក្នុង​បំពង់ក​ ឬបើ​លេប​ចូលក្នុង​ពោះ​ អាច​មាន​អាការ​ក្អួត​មាន​ឈាម​ចេញ​មក​ជាមួយ​។

មូលហេតុ​អាច​បណ្ដាលមកពី​
. ខ្វេះ​ កេះ​ ឬអេះ​ក្នុង​ច្រមុះ​ ជា​មូលហេតុ​ដែល​ជួបប្រទះ​ញឹកញាប់​បំផុត​នៅ​លើ​ក្មេង​។
. កណ្ដាស់​ញឹកញាប់​ ឬញើសសំបោរ​ខ្លាំង​ហួសហេតុ​ពេក​។
. ច្រមុះ​ទទួលរង​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​។
. ធាតុអាកាស​ត្រជាក់​ខ្លាំង​ និង​ស្ងួត​ ធ្វើ​ឱ្យ​បែក​សរសៃឈាម​។
. ការប្រើ​ថ្នាំ​ប្រភេទ​ខ្លះ​ ធ្វើ​ឱ្យ​ងាយ​ចេញឈាម​ ដូចជា​ ថ្នាំ​អាស្ពីរីន​ និង​ថ្នាំ​បំបាត់​ការ​រលាក​ក្លាយ​។ល។
. មាន​វត្ថុ​ប្លែក​ចម្លែក​នៅក្នុង​ច្រមុះ​។ គ្រូពេទ្យ​ធ្លាប់​ជួបប្រទះ​ករណី​ ក្មេង​មួយចំនួន​ញាត់​ស្ករគ្រាប់​ចូលក្នុង​រន្ធច្រមុះ​ដោយ​ឪពុកម្ដាយ​មិនបាន​ដឹង​ តែ​នាំមក​ជួប​គ្រូពេទ្យ​ដោយមាន​ឈាម​ហូរចេញ​មក​តាម​រន្ធច្រមុះ​ម្ខាង​នោះ​។ ពេល​ឆ្លុះមើល​ទៅ​ ទើប​ឃើញ​មាន​ដុំ​ស្ករគ្រាប់​ជាប់​នៅ​ខាងក្នុង​រយៈពេល​យូរ​ រហូត​រលាក​រន្ធច្រមុះ​ ធ្វើ​ឱ្យ​មាន​ឈាម​ហូរចេញ​មក​។
. ឈាម​បង្កក​ខ្លួន​ខុសប្រក្រតី​ ដូចជា​ ក្នុង​ជំងឺ​បណ្ដាលមកពី​ឈាម​ប្រភេទ​ខ្លះ​ ក្មេង​ច្រើន​តែ​មាន​ឈាម​ហូរចេញ​មក​ខុសប្រក្រតី​នៅកន្លែង​ផ្សេងទៀត​លើ​រាងកាយ​ផង​ដែរ​ ដូចជា​ មានស្នាម​ជាំ​ខ្មៅ​តាម​រាងកាយ​ ក្អួត​មាន​ឈាម​មក​ជាមួយ​ បន្ទោបង់​មក​មាន​ឈាម​ ឈាម​ចេញ​នៅ​តាម​សន្លាក់​ និង​តាម​សាច់ដុំ​។ល។
. ការ​ឆ្លង​មេរោគ​នៅក្នុង​ប្រហោងច្រមុះ​។
. ដុះ​សាច់​នៅក្នុង​ប្រហោងច្រមុះ​។

ហូរឈាម​ច្រមុះ​បែប​ណា​ ទើបត្រូវ​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ​?
1. ហូរឈាម​ចេញ​មក​យូរ​ជាង​ 15នាទី​។
2. ហូរឈាម​ចេញ​មក​ច្រើនជាង​ 1ដង​ក្នុង​ 1សប្ដាហ៍​។
3. មាន​អាការ​ងងឹតមុខ​ វិលមុខ​ មុខ​ឡើង​ស្លាំង​ ត្រជាក់​ចុងដៃ​ ចុងជើង​។
4. មាន​អាការ​ចេញឈាម​ខុសប្រក្រតី​ផ្សេងទៀត​រួម​ជាមួយ​ ដូចជា​ ក្អួត​ចេញឈាម​ ជុះ​ចេញឈាម​ មាន​ចេញឈាម​តាម​សន្លាក់​ ឬសាច់ដុំ​។
5. ក្ដៅខ្លួន​ខ្លាំង​។

បើ​គ្មាន​សញ្ញា​គ្រោះថ្នាក់​ណាមួយ​ទេ​ អាច​ធ្វើការ​បឋម​ព្យាបាល​រយៈ​ដំបូង​បាន​ដូចតទៅ​

ហូរឈាម​ច្រមុះ​ តើ​ត្រូវ​ឃាត់ឈាម​យ៉ាងណា​?
. អង្គុយ​ស្ងៀម​នៅ​មួយ​កន្លែង​ បង្អោនខ្លួន​មក​ខាងមុខ​បន្តិច​ យក​ម្រាម​មេដៃ​ និង​ម្រាម​ចង្អុលដៃ​ច្របាច់​ខ្ទប់​រន្ធច្រមុះ​ ហើយ​ដកដង្ហើម​តាម​មាត់​ប្រមាណ10នាទី​។ លុះ​កន្លង​ផុត​ទៅ10នាទី​ហើយ​ ចូរ​ឈប់​ច្របាច់​ច្រមុះ​ តែបើ​សិន​ជា​ឈាម​នៅតែ​មិនព្រម​ឈប់​ហូរ​ ចូរ​ធ្វើតាម​ដំណាក់កាល​ដំបូង​ម្ដងទៀត​។
. បើ​មាន​ឈាម​ហូរ​ចូល​ទៅ​ក្នុង​មាត់​ ឬបំពង់ក​ ចូរ​ខ្ជាក់​ឈាម​នោះ​ចេញ​ កុំ​លេប​ចូល​ទៅ​ក្នុង​ពោះ​ រួម​ទាំង​មិន​ត្រូវ​គេង​រាប​នឹង​ដី​ និង​មិន​ងើយ​មុខ​ឡើង​ខណៈ​ដែល​ហូរឈាម​ច្រមុះ​ឡើយ​ ព្រោះ​ឈាម​អាច​នឹង​ហូរ​ចូល​ទៅ​បិទ​បំពង់ខ្យល់​(បំពង់​ដង្ហើម​) ឬបើ​លេប​ចូល​ទៅ​ នឹង​ធ្វើ​ឱ្យ​ក្អួត​ចេញឈាម​នោះ​មកវិញ​។
. អាចយ​កក្រណាត់​ជ្រលក់​ទឹក​ត្រជាក់​ ឬក្រណាត់​ខ្ចប់​ទឹកកក​មក​ដាក់​ស្អំ​នៅ​លើ​ក្ដោងច្រមុះ​បាន​។
. កុំ​បញ្ចេញ​ខ្យល់​តាម​ច្រមុះ​ ញើសសំបោរ​ ឬលូក​ខ្វេះ​ច្រមុះ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​អាការ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។

ហូរឈាម​ច្រមុះ​ និង​ការ​មើលថែ​ទាំ​ខ្លួនឯង​ ក្រោយ​ឈាម​ឈប់​ហូរ
​. ព្យាយាម​កុំ​បញ្ចេញ​ខ្យល់​ខ្លាំង​ៗតាម​ច្រមុះ​ ឬញើសសំបោរ​ ឬកណ្ដាស់​ 24ម៉ោង​ក្រោយ​បាត់​ហូរ​ឈាម​ច្រមុះ​។
. ចៀសវាង​ពី​ការ​ស្ថិតនៅ​ក្នុង​ទីកន្លែង​ដែល​មាន​ធាតុអាកាស​ស្ងួត​ និង​ត្រជាក់​ខ្លាំង​។

យ៉ាងណាក៏ដោយ​ បើ​ធ្វើ​បឋម​ព្យាបាល​រយៈ​ដំបូង​ហើយ​ អាការ​នៅតែ​មិនល្អ​ប្រសើរ​ឡើង​ ឬនៅ​តែ​មាន​ឈាម​ហូរចេញ​មក​ញឹកញាប់​ដដែល​នោះ​ គួរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ ដើម្បី​ពិនិត្យមើល​អាការ​យ៉ាង​ដិតដល់​៕