តើ​ធ្វើ​ដូចម្តេច​ ដើម្បី​ឱ្យ​ស្កប់ស្កល់​ចំពោះ​រូបរាង​របស់​អ្នក​?

សព្វថ្ងៃ​នេះ​ គឺជា​សម័យ​នៃ​ការរស់នៅ​ក្នុង​ពិភពលោក​ដ៏​ទំនើប​ ហើយ​ប្រហែល​មិន​ខុស​ទេ​ បើ​យើង​និយាយ​ថា​ វា​ជាស​ម័យ​កាល​មួយ​ដែល​មនុស្សជា​ច្រើន​ចង់​សម្តែង​ និង​បង្អួត​ភាព​ស្រស់​ស្អាត​ដែល​ខ្លួន​មាន​ឱ្យទៅ​អ្នកដទៃ​បានឃើញ​។ ទោះ​យ៉ាងណា​ ពាក្យចាស់​បាន​ពោល​ថា​ “មនុស្សយើង​មិន​អាច​មាន​អ្នកណា​ល្អ​គ្រប់​ទាំង10នោះ​ទេ​”។ បើ​ទោះជាយ៉ាងណា​ក៏​យើង​គ្រប់គ្នា​ ជាពិសេស​នា​រីៗ​ទាំងឡាយ​តែងតែ​ប្រាថ្នា​ចង់​បាន​នូវ​រូប​សម្រស់​ដែល​ជាទី​ទាក់ទាញ​បំផុត​។ ប្រា​ថា្ន​ក៏​ប្រា​ថា្ន​ចុះ​ ហើយ​ចង់​ផ្លាស់​ប្តូរ​ក៏​ផ្លាស់​ប្តូរ​ចុះ​ ប៉ុន្តែ​សូម​ធ្វើ​យ៉ាងណា​កុំឱ្យ​ជ្រុល​ពេក​ ត្រូវ​ចេះ​ស្កប់ស្កល់​នូវ​អ្វី​ដែល​អ្នកមាន​ខ្លះ​ផង​ កុំ​វង្វេង​នឹង​ភាព​ចង់​ស្អាត​ចង់​ល្អ​ជ្រុល​រហូត​ក្លាយជា​ទុក្ខ​ដល់​ខ្លួន​វិញ​ឱ្យ​សោះ​។ ដូច្នេះ​ត្រូវ​ធ្វើ​ដូចម្តេច​ទៅ​? សូម​តាមដាន​អត្ថបទ​បន្ត​។

ឈប់​! ប្រៀបធៀប​ខ្លួន​អ្នកជា​មួយ​អ្នកដទៃ​ : អ្នក​កាន់តែ​ប្រៀបធៀប​ខ្លួន​អ្នកជា​មួយ​អ្នក​ផ្សេង​ច្រើន​ប៉ុណ្ណា​ គឺ​វា​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្លួនឯង​អាក្រក់​ច្រើន​ដូច្នេះ​ដែរ​។ ត្រូវ​ប្រាប់​ខ្លួនឯង​ថា​ មនុស្សយើង​វា​មិន​ដូចគ្នា​នោះ​ទេ​ ហើយ​ការ​យក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​អ្នកដទៃ​គឺជា​រឿង​ដែល​គ្មាន​ប្រយោជន៍​បំផុត​។ កុំ​រវល់​តែ​តូចចិត្ត​នឹង​សុដន់​របស់​ខ្លួន​ដែល​មើលទៅ​មាន​ទំហំ​តូច​ពេល​នៅ​ជិត​អ្នកមាន​សុដន់​ធំ​ទ្រលុកទ្រលន់​នោះ​ទៀត​អី​ សូម​ក្រឡេក​ភ្នែក​របស់​អ្នកមើល​នារី​ផ្សេងទៀត​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​អ្នក​ នោះ​អ្នក​នឹង​ស្ងប់ចិត្ត​វិញ​ជាមិនខាន​។

បញ្ឈប់​គំនិត​អវិជ្ជមាន​អំពី​រាងកាយ​របស់​អ្នក​ :អ្នកស្រាវជ្រាវ​បាន​ធ្វើការ​អះអាង​ថា​ ប្រសិនបើ​អ្នក​នៅតែ​គិត​អំពីអ្វី​មួយ​ថា​ជា​រឿង​អាក្រក់​គ្រប់​ពេលវេលា​នោះ​ វា​នឹង​នៅ​ចាក់ឫស​ក្នុង​គំនិត​របស់​អ្នក​យ៉ាង​ជាប់​ ហើយ​ជា​លទ្ធផល​ដែល​អ្នកទទួល​បាន​គឺ​គ្មានអ្វី​ក្រៅពី​ការដែល​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​មាន​ភាព​ខ្វះខាត​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​តែ​ប៉ុណ្ណឹង​។ ដូច្នេះ​ដើម្បី​ឱ្យ​ខ្លួន​អ្នកមាន​អារម្មណ៍​ពេញចិត្ត​ចំពោះខ្លួន​ឯង​នោះ​ អ្នក​ត្រូវ​ឈប់​មានគំនិត​អវិជ្ជមាន​ចំពោះខ្លួន​ឯង​។ ការ​គិត​វិជ្ជមាន​ ធ្វើ​ឱ្យ​អ្នកចេះ​ស្គាល់​ពាក្យ​ថា​ ស្កប់ស្កល់​ ហើយក៏​ជួយ​ឱ្យ​មាន​ភាព​រីករាយ​ខាង​ផ្លូវចិត្ត​ផង​ដែរ​។ ប្រសិនបើ​អ្នក​អាច​វាយ​ដណ្តើម​យកជ័យជម្នះលើ​គំនិត​អវិជ្ជមាន​បាន​ នោះ​អ្នក​នឹង​មានការ​រីកចម្រើន​ឡើង​។

រំឭក​ខ្លួនឯង​ពី​ចំណុច​ល្អ​ដែល​អ្នកមាន​ : ពេល​និយាយ​ដល់​ការ​បំបាត់ចោល​គំនិត​អវិជ្ជមាន​ចំពោះខ្លួន​ឯង​ គឺ​ត្រូវ​គិតដល់​ចំណុច​ល្អ​ដែល​អ្នក​មាន​។ មិន​ចូលចិត្ត​ទ្រង់ទ្រាយ​ច្រមុះ​មែនទេ​? ចឹង​មើល​ស្បែក​ភ្លឺ​ថ្លា​ រាង​ដែល​ស្រឡូន​ស្អាត​ សក់​ភ្លឺរលោង​ដែល​អ្នកមាន​វិញ​ល្អ​ជាង​។ អន់​ច្រមុះ​ បាន​ស្បែក​ បាន​សក់​ និង​បាន​រាង​យោង​ដែរ​ មាន​អី​ត្រូវ​បារម្ភ​!!!

កុំ​ភ្លេច​អ្វី​ដែល​មាននៅ​ខាងក្នុង​ : កុំ​ភ្លេច​ឱ្យ​សោះ​ថា​ ភាពល្អ​ស្អាត​ពិតប្រាកដ​របស់​មនុស្ស​ម្នា​ក់ៗ​គឺ​ស្ថិតនៅ​ផ្នែក​ខាងក្នុង​នៃ​ចិត្តគំនិត​ ចរិយាមាយាទ​ហើយ​ភាព​រីករាយ​របស់​មនុស្សម្នាក់​ក៏​មិន​អាច​បញ្ជាក់​បាន​ដោយ​គ្រាន់តែ​បានឃើញ​ស្នាម​ញញឹម​តែមួយមុខ​នោះ​ដែរ​។

ទទួលស្គាល់​ខ្លួនឯង​ : កុំ​ព្យាយាម​ផ្លាស់​ប្តូរ​នូវ​អ្វី​ដែល​មិន​អាច​ផ្លាស់​ប្តូរ​បាន​ទៀត​អី​ និយាយរួម​ព្រម​ទទួលយក​នូវ​អ្វី​ដែល​អ្នកមាន​។ អ្នកខ្លះ​បាន​ចំណាយពេល​វេលា​ និង​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន​ ដើម្បី​កែខៃ​នូវ​អ្វី​ដែល​មនុស្ស​ភាគច្រើន​តែង​និយាយ​ថា​ មិន​ស្អាត​ ឬមិន​សម​អុី​ចេះ​មិន​សម​អុី​ចុះ​ ប៉ុន្តែ​ទីបំផុត​ មិនថា​អ្នក​ខំ​កែខៃ​យ៉ាងណា​នោះ​ទេ​ អ្នក​នៅតែ​មិន​អាច​បំពេញចិត្ត​អ្នក​ទាំងនោះ​បាន​គ្រប់ជ្រុងជ្រោយ​នោះ​ទេ​៕

Advertisement