វីរៈ​សិល្បករ​អាយ៉ៃ​ដ៏​កម្រ​ ព្រហ្ម​ ម៉ា​ញ ព្រួយបារម្ភ​ខ្លាច​អនាគត​មិន​មាន​អ្នកស្នង​អាយ៉ៃ​បុរាណ​ខ្មែរ​

អាយ៉ៃ​ គឺជា​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លើយឆ្លង​បែប​បុរាណ​មួយ​ ដែល​មាន​ប្រវត្តិ​ចារទុក​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ​។ ប៉ុន្តែ​ ទោះជា​អាយ៉ៃ​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ក៏ដោយ​ ក៏​សិល្បករ​ចម្រៀង​អាយ៉ៃ​មាន​ចំនួន​តិចតួច​ណាស់​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ លោក​ ព្រហ្ម​ ម៉ា​ញ ជា​សិល្បករ​ជើងចាស់​មាន​សំឡេង​ពីរោះ​ពូកែ​ទាំង​កំប្លុក​កំប្លែង​ ទាំង​សំនួនវោហារ​ និង​ការសំដែង​ កំពុង​មានការ​សោក​ស្តាយ​ និង​ព្រួយបារម្ភ​ចំពោះ​ការ​វិវឌ្ឍ​នៃ​វិស័យ​សិល្បៈ​អាយ៉ៃ​ទៅ​ថ្ងៃ​អនាគត​។

វីរៈ​សិល្បករ​ឆ្នើម​ ដែល​ត្រូវ​បាន​មហាជន​ឱ្យឈ្មោះ​ថា​ជា​ “ស្ដេច​អាយ៉ៃ​កំប្លែង​” មាន​វោហា​ស័ព្ទ​មិន​ចេះ​រីងស្ងួត​រូប​នេះ​ បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​ដៃគូ​ចម្រៀង​ស្រី​ លោកយាយ​ យ៉យ​ បាន​បង្ហាញ​អារម្មណ៍​ភ័យ​បារម្ភ​បន្ទាប់ពី​សិល្បៈ​អាយ៉ៃ​ ហាក់​បាត់បង់​ការ​គាំទ្រ​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ​។

លោក​បាន​ប្រកាស​បង្រៀន​ដោយ​ឥតគិតថ្លៃ​ ដល់​យុវវ័យ​គ្រប់​ផ្នែក​ ជាមួយនឹង​ការ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​អាជីព​នៅ​ក្រោយពេល​លោក​ចូលនិវត្តន៍​ អាច​បន្ត​ស្ទុះ​ទៅ​មុន​ទៀត​បាន​។ក្រៅពី​ការ​បារម្ភ​អំពី​បញ្ហា​សុខភាព​ដែល​កាន់​តែ​ទ្រុឌទ្រោម​ ពីព្រោះ​វ័យ​របស់​លោក​កាន់តែ​ជ្រេ​ ក៏​លោក​ ព្រហ្ម​ ម៉ា​ញ នៅតែ​បង្ហាញ​នូវ​ឆន្ទៈ​ចង់​ជំរុញ​ឱ្យ​សិល្បៈ​អាយ៉ៃ​ខ្មែរ​ នៅតែ​មានការ​ចាប់អារម្មណ៍​ទៅ​ថ្ងៃខាងមុខ​។ លោក​បាន​ប្រកាស​ចំណាយពេល​ និង​កម្លាំង​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​ ជា​ថ្នូរ​នឹង​ភាព​ព្រងើយកន្តើយ​របស់​យុវជន​ខ្មែរ​មួយចំនួន​ធំ​ ដែល​ពុំសូវ​ខ្វល់ខ្វាយ​អំពី​សិល្បៈ​បុរាណ​ ហើយ​ធ្វើ​ឱ្យ​លោក​ភ័យ​ព្រួយ​ខ្លាច​មិន​មាន​អ្នក​បន្តវេន​ផ្នែក​ចម្រៀង​អាយ៉ៃ​ខ្មែរ​។ លោក​បាន​ប្រកាសដំណឹង​ដល់​បងប្អូន​សិល្បៈ​ ឬយុវជន​ណា​ដែល​មានបំណង​ចង់​ចេះ​ ចង់​ហាត់រៀន​សិល្បៈ​អាយ៉ៃ​ ដោយ​មិន​សំដៅ​ទៅលើ​តែ​អ្នក​ដែល​មាន​និស្ស័យ​ពី​កំណើត​នោះ​ទេ​ ដោយ​លោក​នឹង​ធ្វើ​ការ​បង្ហាត់បង្រៀន​ ផ្ទេរ​បទ​ពិសោធ​ទៅ​ឱ្យ​យុវជន​យុវនារី​ជំនាន់​ក្រោយ​ ដើម្បី​បន្តវេន​ពី​លោក​បន្ត​ទៀត​។

ពេលវេលា​បង្ហាត់​ គឺ​មិនកំណត់​ថា​នឹង​រៀន​ពេញ​មួយ​សប្ដាហ៍​នោះ​ទេ​ គឺ​អាស្រ័យ​ទៅលើ​ម៉ោង​ដែល​លោក​ទំនេរ​ ដកឃ្លា​ពី​ការងារ​ផ្ទាល់​ខ្លួន​របស់​លោក​បាន​ ហើយ​លោក​នឹង​ជូន​ជា​ដំណឹង​ជាមុន​អំពី​ម៉ោង​ពេល​សម្រាប់​ការហាត់​រៀន​។ការប្រកាស​របស់​លោក​ គឺជា​រឿង​មួយ​ដ៏​ប្រសើរ​ ដែល​លោក​មានគំនិត​ចង់​បង្ហាត់បង្រៀន​បណ្ដុះ​ស្មារតី​ដល់​កូនខ្មែរ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​នូវ​សិល្បៈ​អាយ៉ៃ​ខ្មេរ​ ដែល​ភាគតិច​ណាស់​ដែល​មាន​អ្នក​អាច​ចេះ​ជំនាញ​មួយ​នេះ​ពិតប្រាកដ​ និង​អាច​ចាប់​អាជីព​នេះ​ជាប់លាប់​។

លោក​ ព្រហ្ម​ ម៉ា​ញ សង្ឃឹមថា​ កុលបុត្រ​កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ​ នឹង​មិន​ព្រងើយកន្តើយ​អំពី​ដំណឹង​មួយ​នេះនោះ​ទេ​។ មិន​តែប៉ុណ្ណោះ​ ជា​ជ្រុង​មួយ​ជួយ​ឱ្យ​សិល្បៈ​អាយ៉ៃ​ខ្មែរ​មាន​ទីផ្សារ​ងើបឡើង​វិញ​ ប្រសិនបើ​ក្មេង​ជំនាន់​ក្រោយ​អាច​ធ្វើ​បាន​ និង​បន្តវេន​ពី​លោក​ដោយ​ជោគជ័យ​នោះ​ សិល្បៈ​បុរាណ​ខ្មែរ​មួយ​នេះ​នឹង​មិន​បាត់បង់​ជាក់ជា​មិនខាន​ឡើយ​៕

Advertisement