ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ ចង់​ជោគជ័យ​ត្រូវ​វិនិយោគ​លើ​ខ្លួនឯង​

December 4, 2019​ ម៉ោង 2:29 pm

ផ្តើម​ចេញពី​យុវជន​ ដែល​ពោរពេញ​ទៅ​ដោយ​ការ​តាំងចិត្ត​ និង​មាន​សមត្ថភាព​ខ្ពស់​ លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ ជា​អ្នកជំនួញ​វ័យក្មេង​មួយ​រូប​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ដែល​ចូលចិត្ត​ការចែក​រំលែកគំនិត​យុវជន​ជាច្រើន​នាក់​ផ្សេងទៀត​នៅ​កម្ពុជា​។

សហគ្រិន​វ័យក្មេង​រូប​នេះ​បាន​ប្រកាន់​ភ្ជាប់​នូវ​គំនិត​មួយ​សម្រាប់​ជា​ការ​អភិវឌ្ឍ​ខ្លួនឯង​ និង​សម្រាប់​ជាដើម​ទុន​សំខាន់​ដើម្បី​ធ្វើអាជីវកម្ម​ នោះ​គឺ​ “ការ​វិនិយោគ​លើ​ខ្លួនឯង​”។ លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​លើកឡើង​ថា​៖ “ជាដើម​ទុន​ដំបូង​សម្រាប់​ការ​ធ្វើអាជីវកម្ម​ឱ្យ​ទទួល​បាន​ជោគជ័យ​គឺ​ គំនិត​ ចំណេះដឹង​ កម្លាំងចិត្ត​ ទំនុកចិត្ត​ និង​ការ​កសាង​ធនធានមនុស្ស​។ ចំណុច​ទាំងអស់​នេះ​ត្រូវការ​ចាប់ផ្តើម​ពី​ខ្លួនឯង​ ហើយ​ការ​កសាង​ចំណុច​ទាំងអស់​នេះ​គឺជា​ការ​វិនិយោគ​លើ​ខ្លួនឯង​”។បើ​តាម​លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ ការ​កសាង​សមត្ថភាព​ និង​ចំណេះដឹង​សម្រាប់​ខ្លួនឯង​គឺជា​ការ​វិនិយោគ​យ៉ាង​ធំ​មួយ​សម្រាប់​ខ្លួនឯង​ ព្រោះ​មិនថា​ ធ្វើការងារ​ឱ្យ​គេ​ ឬធ្វើអាជីវកម្ម​នោះ​ទេ​ អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ត្រូវការ​ចំណេះដឹង​ទាំង​ក្នុង​សាលា​ និង​ក្រៅ​សាលា​។ ចំណេះដឹង​ ផ្តើម​ចេញពី​ការសិក្សា​ ការស្រាវជ្រាវ​ ការ​ធ្វើការ​ឱ្យ​គេ​ និង​បន្ទាបខ្លួន​ស្តាប់​យក​មតិយោបល់​របស់​មនុស្សជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​។ នៅពេល​ដែល​យើង​មាន​បទ​ពិសោធ​ជីវិត​ច្រើន​ មាន​ព័ត៌មាន​ច្រើន​នៅក្នុង​ខ្លួន​ យើង​នឹងអាច​អភិវឌ្ឍ​អាជីវកម្ម​ឱ្យ​ជោគជ័យ​ជាមួយនឹង​ភាព​បត់បែន​ខ្ពស់ទៅ​តាម​ស្ថានការណ៍​សង្គម​។

លើស​ពីនេះ​ទៅទៀត​សហគ្រិន​វ័យក្មេង​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ត្រឹមតែ​មាន​សមត្ថភាព​ មិនទាន់​រាប់​ថា​ក្លាយជា​អ្នកចេះ​វិនិយោគ​ខ្លួនឯង​បាន​ល្អ​នោះ​ទេ​ យើង​ក៏​ត្រូវ​មាន​កម្លាំងចិត្ត​រឹងមាំ​ ជាមួយនឹង​ទំនុកចិត្ត​ដែល​មនុស្ស​គ្រប់គ្នា​ផ្តល់​ឱ្យ​។ ការ​រកស៊ី​ ទាមទារ​ឱ្យ​មានការ​តាំងចិត្ត​ខ្ពស់​ ហើយ​ទាមទារ​ឱ្យ​មាន​ភាពរឹងមាំ​ផ្នែក​ផ្លូវចិត្ត​ ដើម្បី​ទប់ទល់​ជាមួយនឹង​ឧបសគ្គ​ដែល​ចូល​មក​ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ អាច​មាន​កម្លាំងចិត្ត​រឹងមាំ​ នៅពេល​នោះ​ យើង​នឹង​មាន​ភាព​វិជ្ជមាន​ក្នុង​ការ​ដកស្រង់​យកចំណេះ​ដឹង​ដែល​បាន​រៀន​យក​មក​អនុវត្ត​ ហើយ​ទទួល​បាន​គុណ​តម្លៃ​ជា​ប្រយោជន៍​ជាក់ជា​មិនខាន​ឡើយ​។

លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​លើក​ឡើង​ផង​ដែរ​ថា​៖ “ការសិក្សា​ដោយ​មិន​យក​មក​អនុវត្ត​ គឺ​ប្រៀបបានទៅ​នឹង​សៀវភៅ​ដែលគេ​ទុកចោល​ដូច្នោះ​ដែរ​។ យើង​មិន​អាច​ទទួល​ជោគជ័យ​បានទេ​ ប្រសិនបើ​យើង​គ្មានកម្លាំង​ដើម្បី​អនុវត្ត​ចំណេះដឹង​របស់​យើង​នៅក្នុង​អាជីវកម្ម​បាន​ល្អ​ ហើយ​កម្លាំងចិត្ត​គឺ​សំខាន់​បំផុត​ដើម្បី​រុញច្រាន​យើង​ឱ្យ​ទទួល​បាន​ជោគជ័យ​”។លោក​លើកឡើង​ផង​ដែរ​ថា​ ជា​ធម្មតា​ បន្ទាប់​ពី​យើង​មានចំណេះ​ដឹង​ច្បាស់លាស់​ហើយ​ មាន​គំនិត​អភិវឌ្ឍ​ល្អ​ និង​មាន​កម្លាំងចិត្ត​ល្អ​ យើង​ទាមទារ​ឱ្យ​មាន​ភាព​ទុកចិត្ត​បាន​ផង​ដែរ​ ទើប​យើង​អាច​រកស៊ី​បាន​ល្អ​។ ការ​កសាង​ទំនុកចិត្ត​គឺ​ត្រូវការ​ទំនុកចិត្ត​ខ្លាំង​បំផុត​ ប្រសិនបើ​យើង​មាន​គ្រប់យ៉ាង​ តែ​ខ្វះ​ភាព​ទុកចិត្ត​បាន​ យើង​នឹង​ពិបាក​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ ហេតុ​នេះ​អ្នករក​ស៊ី​ត្រូវ​កសាង​ទំនុកចិត្ត​ខ្ពស់​បំផុត​។

ដើម្បី​ឱ្យ​គេ​ទុកចិត្ត​លុះត្រាតែ​យើង​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​ឱ្យ​បាន​ល្អ​ ហើយ​បង្ហាញ​ភាព​ស្មោះត្រង់​ទៅកាន់​មនុស្ស​ទូទៅ​ បន្ទាប់ពី​យើង​ធ្វើ​ល្អ​ទៅកាន់​មនុស្ស​គ្រប់គ្នា​ ពួកគាត់​នឹង​ចាប់ផ្តើម​ផ្តល់​តម្លៃ​មក​យើង​វិញ​ ដែល​ធ្វើ​ឱ្យ​ដំណើរ​ចរ​ចារ​នានា​នៅក្នុង​អាជីវកម្ម​អាច​ធ្វើ​ទៅ​បាន​ដោយ​រលូន​។ ចំពោះ​ការ​កសាង​ធនធានមនុស្ស​វិញ​ លោក​ឧកញ៉ា​ ចិត្រ​ សេរី​សុ​ភ័ក្ត្រ​ បាន​លើកឡើង​ថា​ ដំណើរ​ក្រុមហ៊ុន​អាច​ទៅមុខ​បាន​ដោយ​រលូន​គឺ​ទាមទារ​ឱ្យ​មាន​បុគ្គលិក​ និង​ធនធានមនុស្ស​ពូ​កែៗ​។ ទន្ទឹម​នឹង​ភាព​ពូកែ​របស់​បុគ្គលិក​ អ្នក​គ្រប់គ្រង​ក៏​ត្រូវ​ចេះ​ទាញ​យក​បេះដូង​បុគ្គលិក​ឱ្យ​បាន​ផង​ដែរ​ តាមរយៈ​ការ​ផ្តល់​តម្លៃ​ដល់​បុគ្គលិក​ ហើយ​ចាត់ទុក​បុគ្គលិក​ដូចជា​បងប្អូន​ ដែល​ត្រូវ​ធ្វើការងារ​សំ​ខាន់​ៗរួមគ្នា​។ ចំណុច​ទាំងអស់​នេះ​ ជា​ការ​វិនិយោគ​លើ​ខ្លួនឯង​ដែល​អាច​រុញច្រាន​ឱ្យ​ក្រុមហ៊ុន​ និង​ដំណើរ​ជីវិត​ទទួល​បាន​ជោគជ័យ​។គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Luxury​ Smile​ Beauty​ Group​ Co​., LTD​ ដែល​ជា​ក្រុមហ៊ុន​បង្កើត​ម៉ាក​សញ្ញា​ និង​ចែកចាយ​គ្រឿងសម្អាង​ធំជាង​គេ​បំផុត​នៅ​កម្ពុជា​ និង​មាន​រោងចក្រ​ទទួល​ផលិត​គ្រឿងសម្អាង​ដ៏​ធំ​នៅ​ប្រទេស​ថៃ​ ជា​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​សិទ្ធិ​ចែកចាយ​គ្រឿង​សម្អាង​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ និង​ទំនុកចិត្ត​ខ្ពស់​ ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ​។ ថ្មី​ៗនេះ​ក្រុមហ៊ុន​ដ៏​មាន​សក្តា​នុ​ពល​នេះ​ទើបតែ​បង្កើត​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ Successful​ CEO​ Award​ 2019​ ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ដល់​ម្ចាស់​អាជីវកម្ម​ផ្នែក​សម្ផស្ស​ ក្រោម​អធិបតីភាព​ពី​លោក​ជំទាវ​ ឱ វណ្ណ​ឌីន​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ម៉ម​ ប៊ុ​នហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​មានការ​ចូលរួម​ពី​លោកជំទាវ​ វី​ សា​ឌី​ អនុប្រធាន​គណៈកម្មការ​ប្រឆាំង​ផលិត​-ផល​ក្លែងក្លាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ មៀច​ សុ​ផាន់​ណា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ព្រមទាំង​មាន​វត្តមាន​របស់​តំណាង​ស្ថានទូត​ ស្ថាប័ន​ពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន​ជាតិ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​៕