ព្រិល​ភ្នែក​ ស្រវាំង​ភ្នែក​អ្នក​កំពុង​កើតជំងឺ​ភ្នែក​ហើយ​!

ជំងឺ​ព្រិល​ភ្នែក​ ឬភ្នែក​មើល​មិន​ច្បាស់​ គឺជា​ចំណុច​រំខាន​មួយ​ក្នុង​ជីវិត​របស់​អ្នក​ មិន​មាន​អ្នក​ណា​ម្នាក់​ចង់​កើតមាន​អាការ​ព្រិល​ភ្នែក​នេះនោះ​ទេ​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទប់ស្កាត់​វា​បាន​ឡើយ​ ដោយសារតែ​ការ​ធ្វេសប្រហែស​ មិនបាន​ថែរក្សា​ភ្នែក​បាន​ល្អ​ ឬមិន​បាន​ចាប់អារម្មណ៍​លើ​បញ្ហា​ទាំងនេះ​។ ដូច្នេះ​ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​មិត្ត​អ្នកអាន​ថា​ អ្នក​ត្រូវ​ចេះ​ការពារ​ភ្នែក​របស់​ខ្លួនឯង​ឱ្យ​បាន​ ចៀសវាង​ការ​ស្តាយក្រោយ​នៅពេល​ដែល​មី​ញ៉ូប​ភ្នែក​បាត់​ទៅ​ហើយ​ ឬភ្នែក​មើល​លែង​ច្បាស់ជា​ដើម​។ ពេលខ្លះ​ការដែល​ខូចភ្នែក​បាត់​ទៅ​ហើយ​នេះ​ អ្នកខ្លះ​រហូតដល់​ត្រូវ​វះកាត់​ ឬការ​ព្យាបាល​យ៉ាងធ្ងន់ធ្ងរ​ពី​មន្ទីរពេទ្យ​ទៀតផង​ ដូច្នេះ​វា​មិន​មែន​ជា​រឿង​លេងសើច​នោះ​ទេ​ ដែល​ត្រូវ​បណ្តោយ​ឱ្យ​ភ្នែក​របស់​អ្នក​ទៅជា​ព្រិល​។ ជា​បទ​ពិ​សោ​ធខ្លះ​ៗ ក៏ដូចជា​ដំបូន្មាន​មួយចំនួន​ យើង​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា​ចេះ​រក្សាសុខ​ភាព​ភ្នែក​ឱ្យ​បាន​ល្អជា​ប្រចាំ​។ អ្នក​ត្រូវ​ផ្ដល់​ឱ្យ​កែវភ្នែក​របស់​អ្នក​នូវ​សារធាតុ​បំប៉ន​គ្រប់គ្រាន់​ ដោយ​ការ​ទទួលទាន​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ភ្នែក​ព្រិល​ដោយសារ​អ្នក​ខ្វះ​ជីវជាតិ​ វីតាមីន​ A, E, C និង​ជាតិ​ស័ង្កសី​ជាដើម​។ ដូច្នេះ​ចំពោះ​របប​អាហារ​ដែល​អ្នក​ត្រូវ​ផ្ដោត​សំខាន់​ និង​ជ្រើស​យក​តែ​អាហារ​ណា​ដែល​មាន​ជីវជាតិ​ជំនួយ​ដល់​ភ្នែក​ ដូចជា​ ទទួលទាន​មើម​ការ៉ុត​ ម្ទេសប្លោក​ បន្លែ​បៃតង​ ដូចជា​ កូន​ស្ពៃ​ជាដើម​។ ជីវជាតិ​ផ្សេងទៀត​ក៏បាន​ពី​ការ​ទទួលទាន​ត្រី​ផង​ដែរ​ ដូច្នេះ​សូម​ព្យាយាម​ទទួលទាន​ត្រី​ឱ្យ​បាន​ច្រើនជាង​សាច់​ដទៃទៀត​។

ខាងក្រោម​នេះ​គឺជា​ជំងឺ​ព្រិល​ភ្នែក​ ដែល​ប្រឈម​ចំពោះ​សុខភាព​របស់​អ្នក​ ហើយដែល​អ្នក​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ដូច​ខាងក្រោម​នេះ​ ៖
1. ជំងឺភ្នែកឡើងបាយ​
អ្នក​កំពុង​មានការ​វិវឌ្ឍ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ​ ដែល​កើតមានឡើង​តាម​វ័យ​ ដោយសារ​កញ្ចក់​នៅ​ខាងមុខ​ភ្នែក​ក្លាយជា​ព្រិល​ និង​រារាំង​ពន្លឺ​ចូល​ទៅ​រ៉េ​ទីន​ ហើយ​តែង​ធ្វើ​ឱ្យ​អ្នកមើល​មិន​សូវ​ច្បាស់​។ ជំងឺភ្នែកឡើងបាយ​មនុស្សចាស់​ ចាប់ពី​អាយុ45ឆ្នាំ​ឡើង​ទៅ​។ ការវះកាត់​ភ្នែក​ឡើងបាយ​អាច​ធ្វើឡើង​យ៉ាង​សាមញ្ញ​ បន្ទាប់ពី​បាន​ពិនិត្យ​ដោយ​ឧបករណ៍​ចក្ខុ​សាស្ត្រ​នានា​នៅ​តាម​មន្ទីរពេទ្យ​ភ្នែក​ ដោយ​គ្រូពេទ្យ​ឯកទេស​។ក្រោយពី​វះកាត់​បក​បាយ​ភ្នែក​ចេញ​ហើយ​ គេដាក់​បញ្ចូល​កែវភ្នែក​សិប្បនិម្មិត​ជំនួស​កែវភ្នែក​ធម្មជាតិ​ ដើម្បី​ឱ្យ​អ្នកជំងឺ​អាច​មើលឃើញ​ឡើង​វិញ​។ ការវះកាត់​ពុំ​មានការ​ឈឺចាប់​នោះ​ទេ​ និង​ចំណាយពេល​តែ15ទៅ20នាទី​តែប៉ុណ្ណោះ​។

2. ជំងឺ​ទឹកដក់​ក្នុង​ភ្នែក​
ទឹកដក់​ក្នុង​ភ្នែក​មិនមែន​មានន័យថា​ ទឹក​មក​ដក់ជាប់​នៅក្នុង​ភ្នែក​នោះ​ទេ​ គ្រាន់តែ​វា​ជា​ឈ្មោះ​ជំងឺ​មួយ​ប្រភេទ​ តែ​រង​នូវ​ការ​ប៉ះពាល់​ឈាន​ទៅ​ដល់​ដំណាក់កាល​ពិការ​ភ្នែក​បាន​ ប្រសិនបើ​ព្យាបាល​មិនទាន់ពេល​វេលា​។ ជំងឺ​ប្រភេទ​នេះ​បាន​បំផ្លាញ​សរសៃប្រសាទ​ភ្នែក​ដែល​បង្កឡើង​ដោយ​មូលហេតុ​ជាច្រើន​ធ្វើ​ឱ្យ​សម្ពាធ​ទឹក​ក្នុង​ភ្នែក​កើន​ឡើង​ខ្ពស់​ ម្យ៉ាងទៀត​ធ្វើ​ឱ្យ​ធ្លា​ខ្សែភ្នែក​ខូច​ ឬរួម​តូច​បន្តិចម្ដង​។ ករណីនេះ​ភាគច្រើន​កើតមាន​ចំពោះ​អ្នក​ដែល​មាន​អាយុ​ពី40ឆ្នាំ​ឡើង​ទៅ​ តែ​កត្ដា​ខ្លះ​ក៏អាច​កើតមាន​លើ​អ្នក​ដែល​មាន​អាយុ​ទាប​ជាង​នេះ​ផង​ដែរ​។

3. បញ្ហា​ភ្នែក​មី​ញ៉ូប​
សម្រាប់​ក្មេង​ ឬមនុស្ស​វ័យ​ជំទង់​តែង​មាន​អាការ​ព្រិល​ ឬស្រវាំង​ភ្នែក​ ពេល​មើលឆ្ងាយ​ ដែល​ផ្ទុយពី​មនុស្សចាស់​ ដែល​តែង​ពិបាក​មើល​ជិ​តៗ​វិញ​។ ភ្នែក​មី​ញ៉ូ​បមិន​អាច​មើលឆ្ងាយ​បាន​ច្បាស់​ តែបើ​មើល​ជិត​គឺ​ឃើញច្បាស់​ ដោយសារ​រូបភាព​មក​ផ្ដុំ​គ្នា​នៅមុខ​សរសៃ​បាត​ភ្នែក​(រ៉េ​ទីន​)។ ការ​ចាំង​ពន្លឺ​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឱ្យ​ភ្នែក​មិន​អាច​ចាប់​ពន្លឺ​បាន​ច្បាស់​ និង​នាំ​ឱ្យ​ភ្នែក​ចុក​រោយ​ក្ដៅ​ងំ​ហៀរ​ទឹកភ្នែក​ ពព្រៀក​ ឧស្សាហ៍​ព្រិច​ភ្នែក​ និង​ឈឺក្បាល​នៅ​ម្ដុំ​ថ្ងាស​ជាដើម​។ អាការ​ទាំងនេះ​កាន់តែ​ខ្លាំង​នៅពេល​អ្នក​សម្លឹង​មើល​ច្រើន​ ដូចជា​អាន​សៀវភៅ​ កែ​អត្ថបទ​ ឬប្រើ​កុំព្យូទ័រ​។ល។

4. ជំងឺភ្នែកក្រហម​
ជំងឺភ្នែកក្រហម​ កើតមាន​រៀងរាល់​ឆ្នាំ​នៅក្នុង​អំឡុង​រដូវភ្លៀង​ ហើយ​វា​ឆ្លង​រាតត្បាត​ខ្លាំង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​។ ជំងឺ​នេះ​បណ្តាល​មក​ពី​មេ​រោ​គអេ​ដេ​ណូ​ ដែល​ធ្វើ​ឱ្យ​រលាក​ និង​ធ្វើ​ឱ្យ​ភ្នែក​ឡើងក្រហម​។ ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ ក្រហមភ្នែក​ រកាំភ្នែក​ ហៀរ​ទឹកភ្នែក​ ហើម​ភ្នែក​ និង​ឈឺភ្នែក​ខ្លាំង​ តែ​វា​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល​ ពី7ទៅ14ថ្ងៃ​។ ជំងឺ​នេះ​ ឆ្លង​ខ្លាំង​តាមរយៈ​ការប្រើ​ប្រាស់​នូវ​សម្ភារ​រួមគ្នា​ដូចជា​ ក្រមា​ ឬខ្នើយ​ជាដើម​ ដែល​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​។ ប្រសិនបើ​អ្នកណា​ប៉ះ​ទឹកភ្នែក​អ្នកជំងឺ​ នោះ​នឹង​ឆ្លង​ជំងឺ​នេះ​ភ្លាម​ៗតែម្តង​។

5. ជំងឺ​ទឹកនោមផ្អែម​
ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ហើយ​មិនបាន​គ្រប់គ្រង​ ឬប្រើប្រាស់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ វា​បង្ក​ឱ្យ​មានការ​ហូរឈាម​នៅ​ខាងក្រោយ​ភ្នែក​ និង​ធ្វើ​ឱ្យ​ការ​មើលឃើញ​របស់​អ្នកប្រែ​ទៅ​ជា​ព្រិល​ស្រអាប់​។

6. ដាច់​សរសៃឈាម​ខួរក្បាល​
អ្នក​អាច​មាន​សញ្ញា​ព្រិល​ភ្នែក​ ឬគំហើញ​បែក​ជា2​ នៅពេល​អ្នករងគ្រោះ​ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ខណៈ​ដែល​អាការ​ដាច់​សរសៃឈាម​កើតឡើង​ ដង្ហើម​នឹង​ពិបាក​ដក​ រី​ឯបញ្ហា​ញ័រ​ដើមទ្រូង​ក៏​កើតឡើង​ បណ្តោល​មក​ពី​ចង្វាក់​បេះដូង​លោត​ញាប់​ពេក​ ព្រោះ​តម្រូវការ​អុក​ស៊ី​ហែ្ស៊ន​មិន​គ្រប់គ្រាន់​។

7. ដុំ​សាច់​ក្នុង​ខួរក្បាល​
ដុំ​សាច់​នៅ​ផ្នែក​ណាមួយ​នៃ​ខួរក្បាល​អាច​ផ្តល់​នូវ​សម្ពាធ​ សង្កត់​ទៅលើ​ឆ្អឹង​លលាដ៏​ក្បាល​ និង​បង្ក​ឱ្យ​មាន​នូវ​សញ្ញា​ជាច្រើន​ រួម​ទាំង​ការ​ព្រិល​ឬស្រវាំង​ភ្នែក​ផង​ដែរ​៕

Advertisement