តើ​អ្នក​ញ៉ាំ​យ៉ា​អួ​ ហើយ​ឬនៅ​?

ថា​ជា​ទឹកដោះគោឆៅ​ ក៏​មិនមែន​ ថា​ជា​ទឹក​ ក៏​មិន​ត្រូវ​ តែ​ហេតុ​អី​បាន​ជា​មានតែ​អ្នក​ប្រាប់​ថា​ ឱ្យ​ញ៉ាំ​យ៉ា​អួ​ ឬយ៉ូ​ហ្គ៊ើ​ត ឱ្យ​បាន​ 1ថ្ងៃ​ 1ពែង​? តើ​យ៉ា​អួ​ ល្អ​ចំពោះ​សុខភាព​យ៉ាងណា​ខ្លះទៅ​?។ នៅពេល​អាន​អត្ថបទ​ខាងក្រោម​នេះ​ចប់ហើយ​ លោកអ្នក​អាច​នឹង​ចាប់ផ្តើម​ញ៉ាំ​យ៉ា​អួ​ ក៏អាច​ថា​បាន​ដែរ​។

តើ​យ៉ា​អួ​ គឺជា​អ្វី​?
យ៉ា​អួ​ ឬទឹកដោះគោ​ជូរ​ គឺជា​ផលិតផល​ ដែល​ផលិត​ឡើង​ពី​ទឹកដោះ​ ដែល​កើតឡើង​ពី​ការ​ផ្អាប់​ ឬបិតរ​វាង​ទឹកដោះ​ និង​ ប្រូ​បៃ​អូ​ទិ​ក(Probiotics​ = បាក់​តេ​រី​ល្អ​ៗដែល​មានជីវិត​) នៅពេល​យើង​ញ៉ាំ​ចូល​ទៅ​ បាក់តេរី​ទាំងអស់​នេះ​នឹង​ទៅ​បង្កើត​ភាព​តុល្យការ​ឱ្យ​អតិសុខុម​ប្រាណ​(Mi​-croorganism​) ដែល​នៅក្នុង​ពោះវៀន​។ ចំណែក​ឯលទ្ធផល​ដែល​បាន​មក​នោះ​គឺ​ ប្រព័ន្ធ​បន្ទោបង់​ និង​សុខភាព​ជា​រួម​របស់​យើង​ នឹង​រឹតតែ​ល្អ​ប្រសើរ​ឡើង​ហ្នឹងឯង​។

តើ​យ៉ា​អួ​បែប​ណា​ ទើប​ល្អ​?
បច្ចុប្បន្ន​នេះ​ យើង​ឃើញ​មាន​យ៉ា​អួ​ 2ប្រភេទ​ គឺ​គ្រីក​យ៉ា​អួ​ និង​យ៉ា​អួ​បែប​ធម្មតា​ ហើយ​យ៉ា​អួ​បែប​គ្រីក​ កំពុងតែ​បាន​ទទួលការ​ពេញនិយម​ឡើង​ជា​បណ្តើរ​ៗហើយ​ ដូច្នេះតើ​យើង​គួរ​ជ្រើស​យកបែប​ណា​ទើប​ល្អ​?គ្រីក​យ៉ា​អួ​ ការពិត​ទៅ​ វា​ក៏​ជា​យ៉ា​អួ​ធម្មតា​ដែល​ត្រូវ​បាន​បឺត​យកជាតិ​ទឹក​ និង​វត្ថុរាវ​ដែល​ប្រកបដោយ​ លែ​កថូស​(Lactose​ = ជាតិ​ស្ករ​ដែល​ភាគច្រើន​មាននៅ​ក្នុងទឹក​ដោះ​) ចេញ​ ដូច្នេះហើយ​ទើប​វា​ក្លាយជា​យ៉ា​អួ​ដែល​មាន​ភាព​ខាប់​ជាង​មុន​ ធ្វើ​ឱ្យ​លោកអ្នក​ទទួល​បាន​សារធាតុ​អាហារ​ និង​ប្រូ​បៃ​អូ​ទិ​កកាន់តែ​ច្រើនឡើង​ផង​ដែរ​។ ឧទាហរណ៍​ គ្រីក​យ៉ា​អួ​ 1ពែង​មាន​ប្រូ​តេ​អុីន​ច្រើនជាង​យ៉ា​អួ​ធម្មតា​ទ្វេដង​ តែ​មាន​ជាតិ​ស្ករ​តិច​ជាង​។

តើ​យ៉ា​អួ​ល្អ​ចំពោះ​សុខភាព​យ៉ាងណា​ខ្លះទៅ​?
-បង្កើន​ភាព​ប្រឆាំង​នឹង​ជំងឺ​ក្នុង​រាងកាយ​ : មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បញ្ជាក់​ថា​ ការ​ញ៉ាំ​យ៉ា​អួ​រៀងរាល់ថ្ងៃ​ នឹង​ជួយការ​ពារ​ការ​ឆ្លង​រោគ​នៅក្នុង​រាងកាយ​បាន​ ដូច្នេះ​ទើប​ប្រូ​បៃ​អូ​ទិ​កសំខាន់​ខ្លាំង​ណាស់​ ព្រោះ​វា​បាន​ទៅ​ជួយ​ជំរុញ​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​រហូត​ទៅដល់​កោសិកា​ ដែល​វា​នឹង​ជួយ​ឃុំគ្រង​ការពារ​ខ្លួន​អ្នក​ពី​មេរោគ​វីរុស​ ប៉ារ៉ាស៊ីត​ និង​មហារីក​។ លោកអ្នក​នឹង​មានជីវិត​រស់នៅ​បាន​យូរអង្វែង​។-ការពារ​ការ​កើត​ដំបៅ​នៅក្នុង​ក្រពះ​ : លែក​តូ​បា​ស៊ី​ឡាស់​(Lactobacillus​)ដែល​មាននៅ​ក្នុង​យ៉ា​អួ​ នឹង​ជួយ​បញ្ឈប់​ការ​រីកចម្រើន​ធំធាត់​របស់​អតិសុខុម​ប្រាណ​ H.Pylori​ ដែល​ជា​មូលហេតុ​របស់​ដំបៅ​ក្នុង​ក្រពះ​បាន​ជាង​ 90​%។
-ផ្តល់​នូវ​វីតាមីន​ : ជាពិសេស​ រ៉ៃ​បូ​ហ្វ្លា​វិន​ ឬវិ​តា​មីន​ B1​ និង​វិ​តា​មីន​ K ដែល​ទឹកដោះគោ​ជូរ​ និង​យ៉ា​អួ​មាន​សម្រាប់​ជួយ​ដល់​ពោះវៀន​។
-ជួយ​ព្យាបាល​អាការ​រាករូស​ : បើ​បាន​ពិសា​ទឹកដោះគោ​ជូរ​ ឬយ៉ា​អួ​ វា​នឹង​ជួយ​ឱ្យ​អាការ​រាករូស​នោះ​ កាន់តែ​ឆាប់​បាត់​ឡើង​ទៀត​។
-ជួយ​ឱ្យ​រាងកាយ​បឺត​យកជាតិ​កាល់ស្យូម​បាន​កាន់តែ​ងាយ​ឡើង​ ហើយ​ជាតិ​អាស៊ីត​លែក​ទិ​កដែល​មាននៅ​ក្នុងទឹក​ដោះ​គោ​ជូរ​ និង​យ៉ា​អួ​នឹង​ជួយ​ជំរុញ​ឱ្យ​ការ​រំលាយ​កាល់ស្យូម​ក្នុងទឹក​ដោះ​បាន​កាន់តែ​ល្អ​ឡើង​ដែរ​។-ជួយការ​ពារ​ជំងឺ​សរសៃឈាម​បេះដូង​ : ព្រោះ​លែក​តូ​បា​ស៊ី​ឡាស់​នៅក្នុង​ទឹកដោះគោ​ជូរ​ នឹង​ជួយ​គ្រប់គ្រង​បរិមាណ​កូ​លេ​ស្តេ​រ៉ូល​ នៅក្នុង​ឈាម​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កើតជំងឺ​សរសៃឈាម​បេះដូង​បាន​។
-ការពារ​ជំងឺមហារីក​បាន​ទៀតផង​ : ព្រោះ​លែក​តូ​បា​ស៊ី​ឡាស់​ អាច​ចាប់​សារធាតុបង្កមហារីក​បាន​ និង​ថែមទាំង​ជួយ​បង្អាក់​ក្រុម​មេរោគ​បាក់តេរី​នៅក្នុង​ពោះវៀន​ដែល​បង្កើត​សារធាតុ​ ណៃ​ត្រេត​ ដែល​ជា​សារធាតុបង្កមហារីក​ទៀតផង​។

តើ​ត្រូវ​ញ៉ាំ​យ៉ា​អួ​យ៉ាងដូច​ម្តេច​ទៅ​?
-ញ៉ាំ​ធ្វើជា​ចំណី​ពេលទំនេរ​ រាល់ថ្ងៃ​ នឹង​ជួយ​ឱ្យ​លោកអ្នក​មាន​អារម្មណ៍​ឆ្អែត​ និង​មាន​ថាមពល​ខ្លាំង​ជាង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​កាឡូរី​ប៉ុនគ្នា​ទៅទៀត​។
-ញ៉ាំ​យ៉ា​អួ​ រសជាតិ​ពី​ធម្មជាតិ​… យ៉ា​អួ​ភាគច្រើន​ ច្រើនតែ​បញ្ចូល​ក្លិន​របស់​ផ្លែឈើ​ និង​បន្ថែម​ស្ករ​ ដូច្នេះ​គួរ​ជ្រើសរើស​ញ៉ាំ​យ៉ា​អួ​ រសជាតិ​ពី​ធម្មជាតិ​វិញ​ប្រសើរ​ជាង​។
-បើ​លោកអ្នក​ធុញ​នឹង​ការ​ញ៉ាំ​យ៉ា​អួ​ រសជាតិ​បែប​ធ្មម​ជាតិ​ហើយ​ សូម​សាកល្បង​បន្ថែម​ផ្លែ​ឈើ​ស្រស់​ ឬធ្វើជា​ម្ហូប​ញាំ​ផ្លែឈើ​ដោយ​ប្រើ​យ៉ា​អួ​ធ្វើជា​ទឹក​សម្រាប់​ញាំ​ក៏បាន​។

Good​ for​ Skin​
យ៉ា​អួ​ធម្មជាតិ​ មាន​អាស៊ីត​ អាល់ហ្វា​-ហាយ​-ដ្រ​ក់​ស៊ី​ ដែល​នឹង​ជួយ​សក​កោសិកា​ស្បែក​ ដោយ​គេ​អាចយ​កយ៉ា​អួ​ធម្មជាតិ​មក​លាប​នៅ​លើ​ស្បែក​ទុកចោល​ប្រមាណ​ 15នាទី​ រួចហើយ​លាង​ចេញ​ដោយ​ទឹក​ត្រជាក់​ រួច​សឹម​លាប​ ម៉​យស៍​ជើ​រ៉ៃ​ហ្ស៊ើរ៍​វា​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ តឹងណែន​ និង​ភ្លឺរលោង​៕

Advertisement