វីធីកម្ចាត់​ស្លាកស្នាម​នៅលើ​ស្បែក

បន្ទាប់ពី​ការ​បង្ក​ឱ្យ​មានរបួស​ណាមួយ​មិនថា​តិច​ ឬច្រើន​នោះ​ទេ​ គឺ​តែងតែ​បន្សល់ទុក​នូវ​ក្តី​បារម្ភ​ជានិច្ច​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ភាព​រលោង​ស្រស់​ស្អាត​នៃ​ស្បែក​ ជាពិសេស​គឺ​នា​រីៗ​តែម្តង​។ ជា​ការពិត​ស្លាកស្នាម​ខ្លះ​ វា​ពិតជា​មិន​អាច​ គេច​ផុត​ពិតមែន​ ប៉ុន្តែ​បើ​អ្នកចេះ​ថែរក្សា​ និង​អនុវត្ត​តាម​ការ​ណែ​នាំ​ល្អ​ៗនោះ​ ស្នាម​ដែល​ត្រូវ​កើតមាន​នៅ​លើ​ស្បែក​ ប្រហែលជា​អាច​ត្រូវ​បាន​កាត់បន្ថយ​ខ្លះ​ក៏​ថា​បាន​ដែរ​។ ទុក​ក្តី​បារម្ភ​ត្រង់នេះ​សិន​ រួច​ងាក​មក​អាន​ពី​វិ​ធី​ល្អ​ៗដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ស្នាម​ដែល​សេសសល់​នៅ​លើ​ស្បែក​បន្ទាប់ពី​របួស​ជាសះស្បើយ​មាន​តិច​បំផុត​។

កុំ​យកដៃ​ប៉ះ​របួស​ : ដៃ​ជាផ្នែក​មួយ​នៃ​រាងកាយ​ដែល​បាន​ប៉ះពាល់​ជាមួយនឹង​បាក់តេរី​ជាច្រើន​ប្រភេទ​ ហេតុដូច្នេះ​វា​ពិតជា​ចៀស​មិន​ផុត​ទេ​ដែល​ថា​ដៃ​របស់​អ្នកជា​កន្លែង​ដែល​មាន​មេរោគ​ច្រើន​ ហើយ​បើ​អ្នក​យកដៃ​ទៅ​ប៉ះ​ត្រង់កន្លែង​ដែល​មានរបួស​នោះ​ បាក់តេរី​ដែល​នៅ​ជាប់ដៃ​របស់​អ្នក​នឹង​ឆ្លង​ទៅកាន់​របួស​នោះ​ វា​អាច​ធ្វើ​ឱ្យ​របួស​មិន​ងាយ​ជា​ ឬរីក​កាន់តែ​ធំឡើង​ ដូច្នេះ​វិធី​ល្អ​បំផុត​គឺ​ព្យាយាម​កុំ​យកដៃ​ទៅ​ប៉ះ​របួស​នោះ​ ដើម្បី​ជួយ​ឱ្យ​មុខរបួស​មិន​ឆ្លង​ និង​ឆាប់​ដុះ​ស្បែក​ថ្មី​។
ឱ្យ​របួស​ត្រូវ​ខ្យល់​ខ្លះ​នា​ពេលយប់​ : ដោយសារតែ​ខ្លាច​ថា​មេ​រោ​គផ្សេង​ៗនឹង​ចូល​ទៅ​ក្នុង​របួស​ ហេតុនេះ​ហើយ​បាន​ជា​ពេលថ្ងៃ​អ្នក​ត្រូវការ​ពារ​វា​ដោយ​ការ​រុំ​ដោយ​បង់​រុំ​របួស​ស្អាត​មាន​អនាម័យ​ ប៉ុន្តែ​បើ​ពេលយប់​មកដល់​កាលណា​ អ្នក​គួរតែ​ស្រាយ​បង់​រុំ​របួស​នោះ​ចេញ​ ហើយ​ជូត​សម្អាត​វា​ឱ្យ​បាន​ស្អាត​ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​របួស​ឆាប់​ជា​ និង​កាត់បន្ថយ​ស្លាកស្នាម​បាន​ទៀតផង​។
សំណើម​ : ការ​ផ្តល់​សំណើម​ដល់​ស្បែក​តាមរយៈ​ការប្រើ​សំឡី​កប្បាស​ជ្រលក់​ជាមួយ​ទឹក​បន្តិច​ និង​ធ្វើ​ឱ្យ​ស្បែក​ថ្មី​លូតលាស់​បាន​កាន់តែ​លឿន​ឡើង​។
សម្អាត​មុខរបួស​ : ការ​សម្អាត​មុខរបួស​ឱ្យ​បាន​ស្អាត​គឺជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវតែ​ធ្វើ​ ព្រោះ​វិធី​នេះ​មិន​ត្រឹមតែ​ជា​ការ​ជួយ​ឱ្យ​របួស​ឆាប់​ជា​ប៉ុណ្ណោះទេ​ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​ស្នាម​នៅសល់​តិច​ជាង​មុន​ផង​ដែរ​។
វីតាមីនE​ : វា​ជា​ធាតុផ្សំ​ដ៏​សំខាន់​មួយ​ដែលគេ​តែង​យក​មក​ប្រើ​នៅក្នុង​គ្រឿងសម្អាង​ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​រលោង​ស្អាត​ និង​កម្ចាត់​ស្លាកស្នាម​។វីតាមីនE​ អាច​ជួយ​ឱ្យ​របួស​ឆាប់​ជាសះស្បើយ​ ជួយ​បង្កើត​កោសិកា​ថ្មី​ ទប់ស្កាត់​នឹង​ការ​កើតឡើង​នៃ​ស្នាម​លើ​ស្បែក​។ ការ​ម៉ាស្សា​ប្រើ​វីតាមីនE​ នៅ​លើ​ស្បែក​(បន្ទាប់ពី​ជារ​បួស​) ជា​វិធី​ល្អ​មួយទៀត​ដែល​អ្នក​គួរ​ធ្វើ​ ដើម្បី​កាត់បន្ថយ​ស្នាម​សន្លា​ក៕

Advertisement