បងៗស្រ្តីមេផ្ទះ ញ៉ាំផ្លែក្រូចហើយ កុំចោលសម្បក ព្រោះវាមានគុណប្រយោជន៍អាចប្រើការបានច្រើនយ៉ាងទៀត

ពេលបងៗស្រ្តីមេផ្ទះទាំងឡាយទិញផ្លែក្រូចមកពិសា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ឬក្រូចថ្លុងក៏ដោយ សូមកុំអាលបោះចោលសម្បកវា ព្រោះវានៅអាចយកមកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗទៀតបាន ដូច្នេះបើបងៗចង់ដឹងថា តើសម្បកផ្លែក្រូចទាំងនោះមានប្រយោជន៍អ្វីខ្លះនោះសូមអានជាបន្ត…។

-​ សម្បកផ្លែក្រូចឆ្មារ
. យកមកដុសនៅតាមកន្លែងផ្សេងៗលើរាងកាយពេលងូតទឹក វានឹងជួយកម្ចាត់ស្នាមក្អែល ធ្វើឱ្យរាងកាយស្អាតក្រអូបស្រស់ថ្លា។
. ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងទឹកតែក្ដៅឧណ្ហៗ ដើម្បីបង្កើនរសជាតិឱ្យរឹតតែឈ្ងុឆ្ងាញ់ឡើង។
. ដាក់សម្បកផ្លែក្រូចឆ្មារចូលទៅក្នុងសាច់មាន់ពេលដាក់អាំង ដើម្បីបង្កើនក្លិន និងមានរសជាតិកាន់តែគួរឱ្យចង់ទទួលទានឡើងទៀត។
– សម្បកផ្លែក្រូចពោធិ៍សាត់
. បង្កើនភាពស្រទន់ដល់ស្ករក្រហម(ស្ករត្នោត) ដោយការយកដាក់ចូលទៅក្នុងដបកែវដាក់ស្ករក្រហម។
. ធ្វើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈប្រភេទ ខក់ធេល។
. បន្ថែមភាពក្រអូបប្រហើរដល់ស្រោមជើងឈុតក្នុង ដោយការធ្វើវាឱ្យស្ងួត រួចដាក់ចូលក្នុងកញ្ចប់ ឬថង់ ហើយចោះប្រហោងឱ្យមានក្លិនសាយភាយចេញមក រួចយកទៅដាក់នៅក្នុងទូខោអាវ ឬថតតុជាដើម។
. ធ្វើជាជីរុក្ខជាតិ ដោយនាំយកទៅដាក់គរចោលនៅត្រង់គល់ដើមឈើ ហើយទុកឱ្យវារលួយជ្រាបចូលទៅក្នុងដីដោយខ្លួនឯង។
. យកមកដុសលាបលើស្បែក ដើម្បីបណ្តេញសត្វល្អិតដែលមករំខាននៅពេលយប់។

– សម្បកផ្លែក្រូចថ្លុង
. យកសម្បកក្រូចថ្លុងដែលឆ្លងកាត់ការស្ងោរហើយ មកដុសខាត់ភាជនៈប្រភេទអាលុយមីញ៉ូម
ដូចជាវែកឆា វែកបាយជាដើម-ល- នឹងធ្វើឱ្យភាជនៈទាំងនោះឡើងភ្លឺរលោងដូចថ្មីមិនខាន។
. យកមកចម្រាញ់ធ្វើជាទឹកអប់ក្លិនក្រូច។
. យកមកធ្វើជាដំណាប់ មានរសជាតិប្លែក ផ្អែមឈ្ងុយឆ្ងាញ់៕

Advertisement