រីករាយ​ជាមួយ​ទេសកាល​បុណ្យផ្កា​ “Color​ De​ Fleur​” ដើរ​ទស្សនា​ផ្កា​ចម្រុះ​ពណ៌​នៅក្នុង​សួន​ CORO​ Field​

ចង់ទៅ​ទស្សនា​គយគន់​ផ្កា​ចម្រុះ​ពណ៌​ដែល​មិន​ឆ្ងាយ​ពី​ប្រទេស​យើង​ដែរ​ទេ​! មិន​ចាំបាច់​ទៅ​ដល់​ប្រទេស​ជប៉ុន​ ចិន​ កូរ៉េ​ ឬប្រទេស​ហូ​ឡង់​នោះ​ទេ​ គ្រាន់តែ​ទៅ​ទស្សនា​តំបន់​សួនផ្កា​នៅ​ប្រទេស​ថៃ​ក៏បាន​ដែរ​ ហើយ​នៅ​ជិត​ប្រទេស​យើង​ស្រាប់​ផង​។ នៅក្នុង​ខែ​នេះ​ ទស្សនាវដ្តី​ ឡា​រ៉ែ​ន នឹង​នាំ​អារម្មណ៍​លោកអ្នក​ទៅកាន់​ពិភព​សួនផ្កា​ចម្រុះ​ពណ៌​ក្នុង​សួន​ CORO​ Field​ នា​ឱកាស​ “បុណ្យផ្កា​”។

សួន​ CORO​ Field​ ត្រូវ​បាន​រចនា​ម៉ូដ​សួនច្បារ​ឱ្យ​ក្លាយជា​សួនផ្កា​ដូច​នៅ​ប្រទេស​ជប៉ុន​ ហើយក៏​បាន​រៀបចំ​ពិធីបុណ្យ​ផ្កា​ “Color​ De​ Fleur​” ផង​ដែរ​។ នៅក្នុង​បរិយាកាស​បុណ្យផ្កា​ ដែល​មាន​លម្អ​ដោយ​ផ្កា​ Forget​ Me​ Not​ និង​ផ្កា​ Cleome​ ជាច្រើន​ដើម​ មិនថា​តែ​ពណ៌ស្វាយ​ ពណ៌​ផ្កាឈូក​ និង​ពណ៌​ទឹកសមុទ្រ​នោះ​ទេ​ គឺ​សុទ្ធតែ​ស្អា​តៗ​ទាំងអស់​។ ផ្កា​ដ៏​ស្រស់​ឆើតឆាយ​ទាំងនោះ​ នឹង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ហោះហើរ​ទៅកាន់​ពិភព​មួយផ្សេងទៀត​ ដែល​ឈ្លក់​វង្វេង​នឹង​ការ​ថតរូប​។ ទេសភាព​នា​បុណ្យផ្កា​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់​ដើមខែ​ធ្នូ​ រហូតដល់​ខែមករា​តែប៉ុណ្ណោះ​។

ក្រៅពី​បុប្ផា​ស្រស់បំព្រង​ខាងលើ​ហើយ​ សួន​ធម្មជាតិ​មួយ​នេះ​ក៏​មាន​នូវ​ហាង​កា​ហ្វេ​ស្ទា​យជប៉ុន​មួយ​ផង​ដែរ​ ដែល​មានឈ្មោះ​ថា​ ​“G.I.Y​. Café​” បើក​លក់​នូវ​ប្រភេទ​ភេ​សជ្ជៈ​ផ្សេង​ៗ និង​នំ​ផ្អែម​ៗជា​ច្រើន​ស្ទា​យ។ អ្វី​ដែល​ស្អាត​ប្លែក​ភ្នែក​នោះ​គឺ​ ការ​ឌីហ្សាញ​ម៉ូដ​កាហ្វេ​ និង​ភេសជ្ជៈ​ដោយ​ប្រើ​ផ្កា​ស្អា​តៗ​ដូចជា​ Sparkling​ White​ Yuzu​ , Pastel​ De​ Fleur​, Afternoon​ Tea​ , Major​ Fleur​ Tea​ Set​ និង​ Simple​ Fleur​ Tea​ Set​ ជាដើម​។

ក្រៅពី​នេះ​ សួនផ្កា​នេះ​ក៏​មាន​សិក្ខា​សា​លា​ខ្លី​ៗស្ដី​អំពី​ការ​ដាំ​ផ្កា​ និង​ការ​ថែ​ទាំង​ផ្កា​ផង​ដែរ​។ ហើយក៏​មាន​បង្ហាត់បង្ហាញ​ឱ្យ​អ្នកចេះ​ធ្វើការ​តុបតែង​កែច្នៃ​ផ្កា​ ដូចជា​ ច្នៃ​ផ្កា​ក្រៀម​ធ្វើជា​គ្រឿង​តាំង​លម្អ​ ខ្មៅដៃ​ផ្កា​ សៀវភៅកំណត់​ត្រា​ផ្កា​ ស៊ុម​រូបភាព​ផ្កា​ និង​កាត​ប៉ុ​ស្តិ៍​ស្ទឺរ​ផ្កា​ជាដើម​។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​ ភ្ញៀវ​ទេសចរ​ក៏អាច​ភ្លក្ស​នូវ​រសជាតិ​ផ្លែ​ត្រសក់ស្រូវ​ ដែល​នាំ​ពូជ​ពី​ប្រទេស​ជប៉ុន​មាន​រសជាតិ​ផ្អែម​ត្រជាក់ចិត្ត​តែម្ដង​។ ប្រសិនបើ​មាន​ចំណាប់​អារម្មណ៍​ចង់ទៅ​ទស្សនា​ និង​ចូលរួម​ពិធីបុណ្យ​ផ្កា​នេះ​ លោកអ្នក​អាច​ស្វែងរក​ទីតាំង​បាន​យ៉ាង​ងាយស្រួល​នៅ​លើ​ហ្កួលហ្កល​ផែនទី​ ឬនៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក CORO​ Field​ និង​បើក​ឱ្យ​ចូល​ទស្សនា​រៀងរាល់ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃសុក្រ​ ពី​ម៉ោង​9ព្រឹក​ ដល់ម៉ោង5ល្ងាច​ សម្រាប់​ថ្ងៃសៅរ៍​-អាទិត្យ​ ចាប់​បើក​ពី​ម៉ោង9ព្រឹក​ ដល់ម៉ោង7យប់​៕

Advertisement