សារធាតុផ្សំ 4 ប្រភេទ សម្រាប់អ្នកមានបញ្ហាសក់ស្តើង

សក់ដ៏តិចតួច ស្តើង គ្មានជីវិតជីវ៉ា គឺជាសុបិន្តដ៏អាក្រក់សម្រាប់ស្ត្រីដែលស្រឡាញ់សុខភាព និងភាពឡូយឆាយនៃសម្រស់ដែលបានមកពីសក់ដ៏ក្រាស់ ភ្លឺ រលោង និងមានទម្ងន់។ ជំនួសឱ្យភាពសោកសៅដែលអ្នកមិនចង់បាន ឡារ៉ែន សូមឱ្យអ្នកងាកមករកការព្យាបាលមួយដែលអាចនឹងធ្វើឱ្យសុបិន្តអាក្រក់នេះរលាយបាត់ទៅជារៀងរហូត។

សារធាតុផ្សំដែលអ្នកត្រូវការមានដូចជា ស៊ុតក្រហម មួយគ្រាប់, ទឹកឃ្មុំ មួយស្លាបព្រាបាយ, ស្រាបៀរ 100មីល្លីលីត្រ និងផ្លែចេក កន្លះផ្លែ។ ដោយគ្រាន់តែកិនល្បាយទាំងនេះរួមបញ្ចូលគ្នា រួចយកវាមកលាបឱ្យសព្វលើស្បែកក្បាល ជាពិសេសត្រង់កន្លែងដែលសក់ស្តើងតែម្តង។ រួចទុកឱ្យសារធាតុផ្សំទាំងនេះធ្វើការនៅលើស្បែកក្បាលរបស់អ្នកប្រហែលជា3ម៉ោង សឹមសម្អាតចេញដោយសាប៊ូកក់សក់កម្រិតស្រាល។ ប្រសិនបើអ្នកមានអារម្មណ៍ថាស្បែកក្បាលហាក់ដូចជាក្តៅនៅពេលអនុវត្តវិធីនេះ សូមកុំបារម្ភព្រោះថា នេះគឺជាសញ្ញាល្អទេ មានន័យថាវាកំពុងតែបញ្ចេញប្រសិទ្ធភាពហើយ។

ខាងក្រោមនេះគឺអ្វីដែលមានផ្ទុកនៅក្នុងម៉ាសមួយប្រភេទនេះ ហើយ ឡារ៉ែន នឹងជម្រាបអ្នកឱ្យជ្រាបកាន់តែច្បាស់ថា តើសារធាតុផ្សំអាចជួយអ្វីខ្លះដល់ស្បែកក្បាលរបស់អ្នក?

1. ទឹកឃ្មុំ
អាចនិយាយបានថា ទឹកឃ្មុំស្រឡាញ់ជាតិទឹកបំផុត ដូច្នេះវាគ្មានថ្ងៃព្រមឱ្យជាតិទឹកចាកចេញពីសក់ ឬស្បែកក្បាលរបស់អ្នកបានទេ នោះមានន័យថា វាជាអ្នករក្សាជាតិទឹកបានយ៉ាងល្អបំផុត។ វាជួយជួសជុលពន្លកសក់ថ្មី និងធ្វើឱ្យមានភាពភ្លឺរលោង បន្ទាប់មកទៀតវាធ្វើឱ្យសក់ដែលខូចប្រែមកជាមានជីវិតសារឡើងវិញ ព្រមទាំងជួយជំរុញសក់ឱ្យដុះឡើងយ៉ាងល្អថែមទៀតផង។ ប្រសិនបើអ្នកមានបញ្ហាសក់ជ្រុះដែលបណ្តាលមកពីការកើតអង្គែ ឬមេរោគផ្សេងៗនោះ ទឹកឃ្មុំគឺភ្នាក់ងារប្រឆាំងការពារដ៏ល្អបំផុត ដែលអាចជួយអ្នកបាន ប៉ុន្តែសូមចាំថាក្នុងអំឡុងពេលព្យាបាលដោយទឹកឃ្មុំ អ្នកមិនគួរចេញទៅខាងក្រៅឱ្យត្រូវកម្តៅថ្ងៃនោះទេ។

2. ផ្លែចេក
ចេកសម្បូរដោយប៉ូតាស្យូមខ្ពស់ដែលជាធាតុផ្សំដ៏សំខាន់នៃការជួយដល់ការលូតលាស់នៃសក់។ អាស៊ីត Ascorbic ដែលមានវត្តមាននៅក្នុងផ្លែចេក បង្កើតស្រោមការពារជុំវិញរន្ធសក់ ដើម្បីទប់ស្កាត់ការដាច់ជ្រុះ។ ចំណែកឯវីតាមីន B វិញ ជួយការពារសក់ពីអាកាសធាតុដ៏អាក្រក់ដែលចាំបំផ្លាញសុខភាពសក់របស់អ្នក។

3. ស៊ុតក្រហម
ស៊ុតក្រហមជាកញ្ចប់នៃប្រូតេអ៊ីន ហើយសក់របស់អ្នកក៏នឹងពេញចិត្តនូវអ្វីដែលអ្នកធ្វើដែរ ហេតុអីដឹងទេ? កង្វះប្រូតេអ៊ីនជាមូលហេតុនាំឱ្យសក់
របស់អ្នកទន់ខ្សោយ មិនអាចលូតលាស់បានល្អ ដូច្នេះនៅពេលដែលអ្នកដាក់បញ្ចូលប្រូតេអ៊ីនទៅឱ្យសក់ គឺប្រៀបបានទៅនឹងការជួយបន្ថែមថាមពល ដើម្បីឱ្យវាអាចលូតលាស់បានល្អប្រសើរជាងមុន។ ក្រៅពីប្រូតេអ៊ីនហើយនោះ ស៊ុតក្រហមក៏មានផ្ទុកនូវជាសំណើមដែអាចជួយឱ្យសក់ភ្លឺរលោង កាត់បន្ថយការបំផ្លាញ និងបែកចុងផងដែរ។

4. ស្រាបៀរ
ចូលមកដល់សារធាតុផ្សំបែបស្រវឹងនេះវិញម្តង។ ជាច្រើនឆ្នាំមកហើយដែលស្រាបៀរត្រូវបានយកមកទទួលទាន ដើម្បីបង្កើនភាពរីករាយក្នុងកម្មវិធីជួបជុំផ្សេងៗ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សចាប់ផ្តើមយកស្រាបៀរមកធ្វើជាជំនួយដល់សក់។ ស្រាបៀរត្រូវបានផលិតឡើងដោយមានការរួមផ្សំពីធញ្ញជាតិម្យ៉ាងឈ្មោះថា ស្រូវបាឡេ ហើយស្រូវបាឡេនេះគឺជាប្រភពនៃជាតិដែក វីតាមីន B Complex Niacin និង Procyanidin ព្រមទាំងសារធាតុសំខាន់ៗជាច្រើនទៀត ដែលសារធាតុទាំងនេះសុទ្ធតែជាសារធាតុសំខាន់ៗក្នុងការជួយការពារសក់ពីការជ្រុះ ជួយជំរុញឱ្យសក់ឆាប់ដុះ។ សូមចាំថាប្រសិទ្ធភាពគឺស្ថិតនៅលើការខិតខំរបស់អ្នក៕

Advertisement