ស្បែក​ក្លៀក «ស» ស្អាត គ្មាន​រោម ដោយ​ប្រើ​រូបមន្តងាយៗ

ស្ត្រី​ខ្មែរ​យើង​មិនមាន​ទម្លាប់​ទុក​រោមក្លៀក​ឱ្យនៅ​ព្រោងព្រាត​ដូច​ជនជាតិ​បរទេស​មួយចំនួន​នោះទេ គ្រប់​ពេលដែល​បានឃើញ​ថា មាន​រោម​ដុះ​នៅលើ​ស្បែក​ត្រង់​ក្លៀក​គឺ​ពិតជា​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស​គេ មិន​ហ៊ាន​ពាក់អាវ​វៀល​ក្លៀក​នោះទេ។ ការដក​រោមក្លៀក​ម្តង​មួយសរសៃៗ ត្រូវ​ចំណាយពេល​យូរ ឈឺ​ក៏​ឈឺ ហើយ​ដែល​សំខាន់​នោះ​ស្បែក​ក៏​ឡើង​គ្រើម​ទៀត ហើយ​ងាក​មករក​ការ​កោរ​វិញ ឃើញថា​វា​ឆាប់​រួចរាល់ មិន​ឈឺចាប់ និង​ចំណាយពេល​តែមួយ​ភ្លែត​ក៏ពិតមែន ប៉ុន្តែ​បើ​ខាន​ពិនិត្យ​តែ 2-3ថ្ងៃ ប្រាកដជា​បានឃើញ​រោម​ថ្មី​ដុះ​មក​ថែម និង​ខ្មៅ​ជាង​មុន​ជាមិនខាន។

សម័យនេះ ការព្យាបាល​មាន​ច្រើន តែ​វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​បន្តិច ដូច្នេះ​បើ​អ្នក​មិន​ចង់​ចំណាយ​ប្រាក់ មិន​ចង់​ដក ឬ​មិន​ចង់​កោរ​នោះ ឡា​រ៉ែ​ន មាន​វិធី​មួយ​យកមក​ជម្រាបជូន​មិត្ត​អ្នកអាន​ទាំងអស់​សាកល្បង ហើយ​វិធី​នេះ​ត្រូវការ​តែ​វត្ថុធាតុដើម​តិចតួច​បំផុត។ តោះ! សាកល្បង​អាន​ទាំងអស់គ្នា!
សារធាតុ​ផ្សំ
– មាន​ស្ករស (2ពែង), ទឹកក្រូច​ឆ្មារ (1/4ពែង), ទឹក (1/4ពែង) និង​ទឹកឃ្មុំ (1/4ពែង)។
របៀប​ធ្វើ
ដំបូង​អ្នក​ត្រូវយក​ទឹក​ទៅ​ដាក់​ដាំ​ឱ្យ​ពុះ​រួច​ដាក់​សារធាតុ​ផ្សំ​ទាំងអស់​ចូល ហើយ​កូរ​ឱ្យ​សព្វ។ បើកភ្លើងតិចៗរំងាស់​វា​ចោល​ប្រហែលជា​កន្លះ​ម៉ោង នៅពេលដែល​ល្បាយ​នោះ​ឡើង​ពណ៌​ត្នោត និង​ឡើង​ស្អិត​សឹម​ដាក់ចុះ រួច​ទុកឱ្យ​ត្រជាក់។ នៅពេល​វា​ត្រជាក់​ហើយ​អ្នក​ត្រូវ​សម្អាត​ក្លៀក​របស់​អ្នក​ឱ្យ​ស្អាត​និង​ជូត​ឱ្យ​ស្ងួត ដើម្បី​ជម្រះ​ញើស​ចេញ​ឱ្យអស់។ យក​ម្សៅ​កូនក្មេង​មក​លាប​ឱ្យ​សព្វ​លើ​ក្លៀក​របស់​អ្នក ព្រោះ​ការធ្វើ​បែបនេះ​គឺ​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​នៅសល់​ឱ្យចេញ​អស់ពី​ក្លៀក។

ឥឡូវ​អ្នក​ត្រូវយក​ល្បាយ​នោះមក​ដាក់​លើ​ស្បែក​ក្លៀក ហើយ​យក​ស្លាបព្រា​រលោង​មួយ​មក​ប៉ាត​ល្បាយ​នោះ​ឱ្យ​ស្មើ ហើយ​ត្រូវ​ចាំ​ថា ត្រូវ​ប៉ា​តវាស្តើងៗបាន​ហើយ ព្រោះ​ក្រាស់​ពេក​វា​អាចធ្វើឱ្យ​ប្រតាក។ ទុក​វា​ចោល​មួយសន្ទុះ លុះដល់​ពេល​វា​ស្ងួត​ហើយ​នោះ​អ្នក​ត្រូវ​ប្រើ​ដៃ​មួយ​ចំហៀង​ទៀត​ដើម្បី​បក​វា​ចេញ (សូមប​កវា​ចេញ​ឱ្យ​លឿន ព្រោះ​បើ​យឺត​វា​អាចធ្វើឱ្យ​ស្បែក​ត្រង់នោះ​ជ្រួញ​ពិបាក​ក្នុងការ​បក)។ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​សម្អាត​ស្បែក​ត្រង់នោះ​ឱ្យ​ស្អាត​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ហើយ​បន្ទាប់ពី​ជូត​ស្ងួត​ល្អ​ហើយ​នោះ​អ្នក​ត្រូវ​បន្ថែមសំណើម​ដល់​វា​ផង ដើម្បី​រក្សា​ស្បែក​ក្លៀក​អ្នក​ឱ្យ​ទន់​រលោង។

ដោយសារ​ប្រភេទ​ស្បែក​របស់​មនុស្សម្នាក់ៗវា​មិន​ដូចគ្នា ដូច្នេះ​មុនពេល​អនុវត្ត ឡា​រ៉ែ​ន សូម​ណែនាំ​ឱ្យ​លោកអ្នក​ធ្វើការ​សាកល្បង​យក​ល្បាយនេះ​ដាក់​លើ​ស្បែក​ត្រង់​កន្លែង​ផ្សេង​ជាមុនសិន ហើយ​បើ​សង្កេតឃើញថា​វា​មិនមាន​បញ្ហា​ប្រ​ត្តិ​កម្ម​ទេនោះ លោកអ្នក​អាចយ​កវា​មក​អនុវត្ត​ផ្ទាល់លើ​ស្បែក​ក្លៀក​បាន​ហើយ។ ម្យ៉ាងទៀត សម្រាប់​ល្បាយ​ដែល​លាយ​រួចហើយ​ប្រើ​មិនទាន់​អស់ អ្នក​អាចយ​កវា​រក្សាទុក​ក្នុង​ទូរ​ទឹកកក លុះ​ពេល​យកមកប្រើ​លើក​ក្រោយ​អ្នក​គ្រាន់តែ​យក​វា​មក​កម្តៅ​វិញ​គឺអាច​ប្រើ​បាន​ហើយ៕

Advertisement