ជំងឺ​ឆ្លងតាម​ប្រព័ន្ធ​ដង្ហើម 6ប្រភេទ ដែល​អ្នក​គួរ​យល់ដឹង ដើម្បី​ការពារ​ខ្លួន

1/ ជំងឺ​ផ្តាសាយ​ប្រចាំ​រដូវ​កាល

គឺជា​ជំងឺ​ផ្តាសាយ​ដែល​តែងតែ​ឡើងជារឿយៗ និង​គ្រប់​ទីកន្លែង​ដោយសារ​មេរោគ​វីរុស(Virus) និង​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាម​ខ្យល់អាកាស​តាមរយៈ​ប្រព័ន្ធ​ដកដង្ហើម ជា​ជំងឺ​ផ្តាសាយ​ដែល​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល1 សប្តាហ៍។ អា​ការដែល​សង្កេត​ដឹង​ច្បាស់​បំផុត​ភាគច្រើន​គឺ ឈឺក្បាល ឈឺ​តាម​សាច់ដុំ គ្រុនក្តៅ ក្អក ឈឺ​ក តឹង​ច្រមុះ ហៀរ​សំបោរ តែបើ​កើត​លើ​កុមារ ស្ត្រី​មានគភ៌ និង​មនុស្ស​ចាស់​វិញ​មេរោគ​ផ្សេងទៀត​នឹង​អាច​ជ្រៀត​ចូលមកក្នុង​រាងកាយ​យ៉ាង​ងាយ​ខ្លាំងណាស់ ហេតុនេះហើយ​ទើប​មនុស្ស​ក្នុង​ក្រុម​នេះ ចាំបាច់​ត្រូវតែ​ពិនិត្យ​តាមដាន និង​មើលថែទាំ​ពី​គ្រូពេទ្យ​ឱ្យបាន​ដិតដល់​បំផុត ដើម្បី​បង្ការ​កុំឱ្យ​អ្នកជំងឺ​កើត​ជំងឺផ្សេងៗទៀត។ ឯ​វិធី​ការពារ​វិញ គឺ​មិនត្រូវ​នៅ​ជិត​អ្នក​ដែលមាន​អាការរោគ​នេះឡើយ ហើយ​ត្រូវតែ​ឧស្សាហ៍​មើលថែ​សុខភាព​របស់ខ្លួន​ឱ្យបាន​ល្អ​ជាប់​ជានិច្ច។

2/ គ្រុនផ្តាសាយ H1N1 (គ្រុន​ផ្តាសាយធំ 2009)

គ្រុន​ផ្តាសាយធំ H1N1 គឺជា​អម្បូរ​របស់​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក ដែល​ធ្លាប់បាន​ឆ្លង​រីក​រាលដាល​យ៉ាង​សាហាវ​ក្នុងអំឡុង​ឆ្នាំ2009 រហូត​ត្រូវគេ​ដាក់ឈ្មោះ​ឱ្យ​ជំងឺ​គ្រុនផ្តាសាយ​ប្រភេទ​នេះ​មួយ​ទៀតថា “គ្រុន​ផ្តាសាយធំ 2009”។ ជំងឺ​នេះ​មាន​អាការ​ជារួម​មិន​ខុសប្លែក​ពី​ជំងឺ​ផ្តាសាយ​ជ្រូក​ប៉ុន្មាន​ទេ តែបើ​អ្នកជំងឺ​ទាំងឡាយណា​ដែលមាន​អាយុ​ច្រើនជាង65ឆ្នាំ​ឡើងទៅ អាការ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​អ្នកជំងឺ​ដែលមាន​អាយុ​តិច។ ជំងឺ​គ្រុន​ផ្តាសាយធំ​ប្រភេទ​នេះ អាច​ចម្លង​បាន​រហ័ស​ដូចជា ជំងឺ​គ្រុនផ្តាសាយ​ប្រចាំ​រដូវ​កាល​ដែរ គ្រាន់តែ​បច្ចុប្បន្ននេះ ជំងឺ​គ្រុនផ្តាសាយ H1N1 បាន​ធ្លាក់ចុះ​ឥទ្ធិពល​របស់ខ្លួន​មក​នៅត្រឹមតែ​ជា​កម្រិត​គ្រុនផ្តាសាយ​ប្រចាំ​រដូវ​កាល និង​មាន​វ៉ាក់សាំង​ចាក់​សម្រាប់​ការពារ​ជំងឺ​ផ្តាសាយ​អម្បូរ​នេះ​តែប៉ុណ្ណោះ។

3/ ផ្តាសាយ​បក្សី (Avian Flu)

មនុស្ស​ជាច្រើន​ប្រហែលជា​អាច​នៅចាំ​បាន​ពី​ជំងឺផ្តាសាយបក្សី​នេះ ព្រោះ​វា​ក៏​ធ្លាប់​រីក​រាលដាល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​យើង​មួយរយៈ​ដែរ ហើយ​ថែមទាំង​បង្ក​ជា​សេចក្ដី​ភ័យខ្លាច និង​ក្ដីកង្វល់​ដល់​ប្រជាជន​កម្ពុជា​យើង​យ៉ាងខ្លាំង​ទៀតផង។ ការពិត ជំងឺ​នេះ​មិន​មែនមាន​ប្រភព​ចេញពី​សត្វ​មាន់​នោះទេ ដើមហេតុ​នៃ​ជំងឺ​នេះ​ពិតប្រាកដ គឺ​កើតចេញ​មកពី​សត្វ​បក្សី​គ្រប់​ប្រភេទ ហើយ​ប្រភេទ​ជំងឺ​ដែល​កាច​សាហាវ និង​មាន​គ្រោះថ្នាក់​បំផុត ដែល​ធ្លាប់​ឆ្លង​រីក​រាលដាល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​យើង និង​ប្រទេសជិតខាង​នោះ គឺ H5N1។

នៅពេលដែល​វីរុស​ប្រភេទ​នេះ​ចូលទៅក្នុង​រាងកាយ​នរណាម្នាក់​ហើយ បុគ្គល​នោះ​នឹងមាន​អាការ​គ្រុនក្តៅ ក្អក និង​ពិបាក​ក្នុងការ​ដកដង្ហើម ដែល​អាច​បណ្ដាលឱ្យ​អត្រា​នៃ​ការបាត់​បង់ជីវិត​ខ្ពស់​ដល់​ទៅ60% បើទោះបីជា បច្ចុប្បន្ននេះ​លែងមាន​របាយការណ៍​នៃ​ការ​ច​ម្លើ​ង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​នេះ​ក៏ដោយ ក៏​អង្គការ​សុខភាព​ពិភពលោក​នៅតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ព្រោះ​ខ្លាច​ជំងឺ​ដ៏​សាហាវ​នេះ​វិ​វ​ឌ្ឍ​ទៅជា​ជំងឺ​ថ្មី​ដែល​កាន់តែ​អាក្រក់ ជាពិសេស​គឺ​ចំពោះ​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​តែម្ដង។ វិធី​ការពារ​ជំងឺ​គ្រុនផ្តាសាយ​ដ៏​ងាយស្រួល​បំផុត​គឺ ចៀសវាង​ការប៉ះពាល់​សត្វ​ស្លាប​គ្រប់​ប្រភេទ(ពិសេស​សត្វ​ងាប់) មិន​ទទួលទាន​សាច់សត្វ​ស្លាប​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ ហើយ​អ្វីដែល​គួរ​ចៀសវាង​បំផុត​នោះ គឺ​មិនត្រូវ​ពិសា​ស៊ុត​ឆៅ​តែម្ដង។

4/ ផ្តាសាយ​ជ្រូក (Variant Flu)

ក្រៅពី​ផ្តាសាយ​បក្សី​ហើយ ក៏​នៅមាន​ជំងឺ​គ្រុនផ្តាសាយ​មួយ​ប្រភេទ​ទៀត​ដែលមាន​គ្រោះថ្នាក់​បំផុត កើតចេញ​មកពី​សត្វ​ដូចគ្នា​ដែរ នោះ​គឺ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក ដែលមាន​ឈ្មោះ​ហៅ​មួយ​ទៀតថា H3N2V ដែល​កើត​ពី​វីរុស​នៅក្នុង​សត្វ​ជ្រូក ដោយ​យើង​តែងតែ​យល់ច្រឡំ​ថា គ្រាន់តែ​ជា​ជំងឺ​គ្រុនផ្តាសាយ​ប្រចាំ​រដូវ​កាល(ផ្ដាសាយ​ធម្មតា) ដោយសារតែ​វា​មាន​អាការ​ស្រដៀង​គ្នា​តែបើ​យើង​ពិនិត្យ​ឱ្យ​ដិតដល់​នឹង​ឃើញថា វា​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ជាង។ តែ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​នេះ នៅមាន​ហានិភ័យ​ទាប​ជាង​គ្រុនផ្តាសាយ​បក្សី​ដែរ ព្រោះ​វា​មិនអាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ងាយ​ដូច​គ្រុនផ្តាសាយ​បក្សី​ឡើយ ដោយ​ឆ្លង​តែ​ក្នុងករណី​ដែល​យើង​ទទួលទាន​សាច់ជ្រូក​ដែលមាន​មេរោគ​ប្រភេទ​នេះ​ស្រាប់ ដោយ​មិនបាន​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​ប៉ុណ្ណោះ។ រីឯ​វិធី​ការពារ​ជំងឺ​នេះ​វិញ គឺ​ត្រូវតែ​ចម្អិន​សាច់ជ្រូក​ឱ្យ​ឆ្អិន​ល្អ​បំផុត និង​ជ្រើសរើស​ទិញ​តែ​សាច់ជ្រូក​ណា​ដែល​ល្អ មាន​អនាម័យ​មក​ទទួលទាន​ប៉ុណ្ណោះ។

5/ ជំងឺ​អ៉ី​បូ​ឡា (Ebola)

ជា​ជំងឺ​ដែល​កំពុងតែ​បង្ក​ការភ័យខ្លាច​បំផុត​សម្រាប់​មនុស្ស​ទូទាំង​សកលលោក​នាពេល​បច្ចុប្បន្ន​នេះ ព្រោះ​អាចឱ្យ​អ្នក​កើត​ស្លាប់​ក្នុង​រយៈពេល​ដ៏​ខ្លី និង​រហូតមក​ទល់នឹង​បច្ចុប្បន្ននេះ​ជំងឺ​នេះ​នៅ​មិនទាន់មាន​រិះរក​វិធី​ព្យាបាល ការពារ ឬ​ទប់ស្កាត់បាន100%នៅឡើយ​ទេ។ ការឆ្លង​រីក​រាលដាលថ្មីៗបំផុត​នេះ គឺជា​ការចម្លង​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ដោយ​ចាប់ផ្តើម​ឆ្លង​រីក​រាលដាល​បំ​ដូង​នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច និង​ឆ្លង​ចូលទៅ​ប្រទេស​អាមេរិក​លើកដំបូង​ក្នុងអំឡុង​ខែសីហា ឆ្នាំ2014 ដោយសារតែ​ការបញ្ជូន​ភ្នាក់ងារ​សុខាភិបាល​ដែលមាន​ឆ្លង​មេរោគ​អ៉ី​បូ​ឡា​ត្រឡប់មក​ព្យាបាល​នៅ​ប្រទេស​អាមេរិក។ ទោះជា​នៅពេលនេះ​សហរដ្ឋអាមេរិក​អាច​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​បាន​ក៏ដោយ ក៏​នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយចំនួន​នៅតែមាន​អ្នក​ឈឺ​ជំងឺ​នេះ​កើន​ឡើងជា​បន្តបន្ទាប់​ដ​ដែល ដែល​រហូតមក​ទល់នឹង​ពេលនេះ បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់​ច្រើនជាង5,000នាក់​ទៅទៀត។

អាការ​របស់​ជំងឺ​អ៉ី​បូ​ឡា​នេះ នឹង​ចាប់ផ្តើម​បង្ហាញឱ្យឃើញ​ក្រោយពី​ឆ្លង​មេរោគ​ចូលមកក្នុង​ខ្លួន​បាន2-21ថ្ងៃ នៅក្នុង​រយៈ​ដំបូង​នឹងមាន​អាការ​គ្រុនក្តៅ​រងា ឈឺក្បាល​យ៉ាងខ្លាំង ឈឺ​តាម​សាច់ដុំ និង​ឈឺសន្លាក់ ឈឺ​ក អស់កម្លាំង​ល្វើយ និង​រាក បន្ទាប់ពីនោះ​អាការ​នឹង​ចាប់ផ្តើម​ធ្ងន់ធ្ងរ​ខ្លាំងឡើងៗ ដូចជា ក្អួតចង្អោរ រាក មាន​ឈាម​ចេញ​នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើឱ្យ​បន្ទោបង់​មក​មាន​ឈាម ភ្នែក​ឡើង​ក្រហម ឈឺ​ដើមទ្រូង ចុក​ណែន​ម្តុំ​ក្រពះ ទម្ងន់​ខ្លួន​ធ្លាក់ចុះ មាន​ឈាម​ចេញ​តាម​ច្រមុះ មាត់ ត្រចៀក ភ្នែក​និង​ទ្វារធំ អវយវៈ​ភេទ​ហើម ក្រៅពីនេះ​នៅមាន​អាការ​ជ្រៀតជ្រែកផ្សេងៗទៀត​ដែល​គ្រោះថ្នាក់​ដូចជា ប្រព័ន្ធ​ធ្វើការ​របស់​អវយវៈផ្សេងៗគាំង ធ្លាក់ឈាម​ធ្ងន់ធ្ងរ អារម្មណ៍​វិលវល់ ប្រកាច់ និង​បាត់ស្មារតី​ឆ្ពោះទៅរក​សភាវ​ខូ​ម៉ា (Coma) ហើយ​បើទោះជា​បានទទួល​ការព្យាបាល​ទាន់ពេលវេលា​ក៏ដោយ ក៏ត្រូវ​ប្រើពេល​វេលា​ជាច្រើន​ខែ​ដែរ ទើប​រាងកាយ​អាច​វិល​ទៅរក​ភាពប្រក្រតី​ដូចដើម​ឡើងវិញ។

6/ ជំងឺ​គ្រុន​ផ្តាសាយធំ

គ្រុនផ្តាសាយ​ធំ​ការពារ​យ៉ាងណា? សម្រាប់​ប្រទេស​យើង ឱកាស​ដែល​អាច​បណ្ដាលឱ្យ​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ គឺមាន​ខ្ពស់​ណាស់ ដោយ​ក្នុងមួយឆ្នាំៗមាន​អ្នក​កើត​ជំងឺ​នេះ​មិនតិច​នាក់​ឡើយ ដូច្នេះ​ខាងក្រោម​នេះ​គឺជា​វិធី​បង្ការ​កុំឱ្យ​ឆ្លង​ជំងឺ​នេះ ដែល​អ្នក​ត្រូវតែ​អនុវត្ត​ឱ្យបាន។

  • ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្តាសាយធំ
    បច្ចុប្បន្ននេះ ជំងឺ​ផ្តាសាយធំ​អាច​ការពារ​បាន​តាមរ​យៈ​ការចាក់​វ៉ាក់សាំង ដូច្នេះ​ដើម្បី​សុវត្ថិភាព​អ្នក និង​សមាជិកគ្រួសារ​អ្នក គួរតែ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនផ្តាសាយ​ធំ​នេះ​យ៉ាងហោចណាស់​ក៏​មួយឆ្នាំ​ម្ដង​ដង​ដែរ។
  • លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់
    ការ​លាងដៃ​ញឹកញាប់​នឹង​ជួយ​ឱ្យ​លោកអ្នក​គេច​ផុតពី​មេរោគផ្សេងៗដែលជា​ហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ​បាន។ ដូច្នេះ​គ្រប់​ពេលដែល​អ្នក​បាន​ប៉ះពាល់​វត្ថុផ្សេងៗនៅតាម​ទីសាធារណៈ ជាពិសេស​ពេល​ចូល​បន្ទប់ទឹក និង​មុនពេល​ទទួលទាន​អាហារ​អ្នក​ត្រូវតែ​លាង​សម្អាត​ដៃ​ឱ្យបាន​ស្អាត ហើយ​ក្នុងករណី​ដែល​អ្នក​មិនទាន់បាន​លាង​សម្អាត​ដៃ​នោះ សូមកុំ​យកដៃ​ទៅ​ប៉ះម្តុំៗភ្នែក ច្រមុះ និង​មាត់​ឱ្យសោះ។
  • ចៀសវាង​ការចេញ​ទៅ​ទីសាធារណៈ
    នៅពេល​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ​បើ​លោកអ្នក​កើត​ជំងឺ​គ្រុន​ផ្តាសាយធំ រឿង​ដ៏​ល្អ​បំផុត​ដែល​ត្រូវធ្វើ​ដើម្បី​ការពារ​កុំឱ្យ​រីក​រាលដាល​ទៅ​អ្នកដទៃ គឺ​សម្រាក​នៅក្នុង​ផ្ទះ ដោយ​ក្នុងអំឡុង5-7ថ្ងៃ​ដំបូង សូម​កុំទៅ​ទីសាធារណៈ ឫ​កន្លែង​ទាំងឡាយណា​ដែលមាន​មនុស្ស​ច្រើន​ឱ្យសោះ ព្រោះ​អាច​ចម្លង​ទៅ​អ្នកដទៃ​បាន និង​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ជាពិសេស​សូម​ទទួលទាន​ថ្នាំ​តាម​វេជ្ជបញ្ជា​ឱ្យបាន​ទៀងទាត់​ផង។

មេរោគ​អាច​ជ្រៀត​ចូលមកក្នុង​ខ្លួន​អ្នក​បាន​គ្រប់ពេល ដូច្នេះ​បើ​អ្នក​មិន​ចង់ឱ្យ​មេរោគ​ទាំងអស់នោះ​ចូលមក​បំផ្លាញ​សុខភាព​របស់​អ្នកនោះ​វិធី​ដែល​ល្អ​បំផុត អ្នក​ត្រូវតែ​ឧស្សាហ៍​មើលថែទាំ​សុខភាព​របស់​អ្នក​ឱ្យបាន​ល្អ ទទួលទានដំណេក​ឱ្យបាន​គ្រប់គ្រាន់ ទទួលទាន​អាហារ​ទាំងឡាយណា​ដែលមាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព និង​ហាត់ប្រាណ​ឱ្យ​ទៀងទាត់​ស្របតាម​ច្បាប់​ក្បួន បើ​អ្នក​អាចធ្វើ​បាន​នោះ​នឹង​គ្មាន​មេរោគ​ណាមួយ​អាច​ជ្រៀត​ចូលមកក្នុង​ខ្លួន​របស់​អ្នក​បានឡើយ៕

Advertisement