អាហារ​ឱសថ​បុរាណ​ដ៏​ពូកែ​មួយ ដែល​យើង​មើលរំលង…

បើ​លោកអ្នក​កើតមាន​អាការ​រមាស់​នៅលើ​ស្បែក​ត្រង់​កន្លែង​ណាមួយ ត្រឹមតែ​អ្នកយក​មើម​ខ្ទឹមបារាំង​ពាក់កណ្ដាល​ផ្លែ(ពុះ​ជា2) មក​ដុស​នៅត្រង់​កន្លែង​នោះ វា​នឹង​ជួយ​កាត់បន្ថយ​អាការ​រមាស់ និង​បណ្ដេញ​ជាតិ​ពិស​បាន​ភ្លាម​តែម្តង។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ខ្ទឹមបារាំង​មានគុណ​សម្បត្តិ​ច្រើនយ៉ាង​ណាស់  ហើយ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាង​ដែលមាន​ឈ្មោះថា Quercetin ដែលមាន​ប្រសិទ្ធភាព​បន្ថយ​អាការ​ប្រតិកម្ម​លើ​ស្បែក​ដូចជា រមាស់ ក្រហាយ ជាដើម​បាន។ មិនតែប៉ុណ្ណោះ​វា​ក៏មាន​ផ្ទុក​នូវ​សារធាតុ​ម្យ៉ាងទៀត​ដែល​ប្រឆាំងនឹង​មេរោគផ្សេងៗ ហើយ​ថែមទាំង​ជួយ​សម្រាល អាការ​តឹង​ច្រមុះ និង​អាការ​រលាក​បំពង់​កបាន​ទៀតផង។

បន្ថយ​អាការ​រមាស់
អាការ​រមាស់​ដោយសារ​សត្វល្អិត​ទិច ខាំ គ្រាន់តែ​យក​សាច់​ខ្ទឹមបារាំង​មក​លាប​ត្រដុស​លើ​ស្បែក​ត្រង់​កន្លែង​រមាស់ នោះ​អាការ​រមាស់​នឹង​បាត់ភ្លាមៗតែម្ដង។

បន្ថយ​អាការ​តឹង​ច្រមុះ
គ្រាន់តែ​បិទ​ភ្នែក(ត្រូវតែ​បិទ​ភ្នែក ព្រោះ​ក្លិន​របស់​ខ្ទឹមបារាំង​អាចធ្វើឱ្យ​លោកអ្នក​ក្រហាយ​ភ្នែក​បាន) ហើយ​ស្រូបយក​ក្លិន​ពី​មើម​ខ្ទឹមបារាំង ក៏​ជួយ​ឱ្យ​ច្រមុះ​របស់​អ្នក​ដកដង្ហើម​ស្រួល លែងមាន​អារម្មណ៍​តានតឹង​ពិបាក​ដកដង្ហើម​បានដែរ។

បន្ថយ​អាការ​រលាក​បំពង់ក
ហាន់​មើម​ខ្ទឹមបារាំង​ជា​ចំណិតតូចៗ ហើយ​ស្ងោរ​ជាមួយ​ទឹក 1-2 ពែង រួច​ពិសា​នៅ​អំឡុងពេល​ថ្ងៃត្រង់ វា​នឹង​ជួយ​ព្យាបាល​បំពង់ក​ឱ្យ​ស្រឡះ​ស្រួល មិនមាន​ស្លេស្ម៍​រំខាន និង​កាត់បន្ថយ​អាការ​ក្អក​បាន​ទៀតផង។

ក្រៅពីនេះ សារធាតុ​មួយចំនួន​នៅក្នុង​មើម​ខ្ទឹមបារាំង​ថែមទាំង​អាចជួយ​ព្យាបាល​អាការ​លើសឈាម​បាន​ទៀតផង។ មើម​ខ្ទឹមបារាំង​អាច​ចាត់ទុកបាន​ថា ជា​អាហារ​ឱសថ​បុរាណ​សម្រាប់​សុខភាព​ដ៏​ល្អ​មែនទែន តម្លៃ​មិន​ថ្លៃ ថែមទាំង​មានគុណ​ប្រយោជន៍​ជាច្រើន និង​អាច​ទទួលទាន​បាន​រាល់ថ្ងៃ​ទៀតផង៕

Advertisement