ទាំងនេះ​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ

អ្នក​ធាត់​ចង់​ស្គម អ្នក​ស្គម​ចង់​ធាត់! អ្នកណាៗក៏​គិត​ដែរ​ថា​ភាពធាត់​ធ្វើឱ្យ​រាងកាយ​របស់​យើង​មិនសូវ​ស្អាត ប៉ុន្តែ​បើ​ស្គម​មានតែ​ស្បែក​ដណ្តប់​ឆ្អឹង​នោះ​ក៏​មិន​ស្អាត​ដូចគ្នា​ដែរ។ យើង​សង្កេតឃើញថា​បច្ចុប្បន្ននេះ​ការផ្សព្វផ្សាយ​អំពី​វិធីសាស្ត្រ​ធ្វើឱ្យ​ទម្ងន់​ស្រក​ចុះ​មាន​ច្រើនណាស់ រហូត​ធ្វើឱ្យ​សុភាពបុរស​សុភាពនារី​មួយចំនួន​ដែលមាន​រូបរាង​ស្គមស្គាំង​មានការ​ពិបាក​បន្តិច​ក្នុងការ​ស្វែងរក​វិធី​ដែល​អាចជួយ​ឱ្យ​ខ្លួនឯង​មាន​សាច់មាន​ឈាម​ជាង​មុន។ មែនហើយ​អ្នក​អាច​នឹង​គិតថា​ដំណោះស្រាយ​នៃ​ការធ្វើឱ្យ​ធាត់​គឺ​ងាយ​បំផុត ព្រោះ​វា​គ្មានអ្វី​ក្រៅពី​ការដែល​ខំ​ទទួលទាន​ឱ្យបាន​ច្រើន​នោះទេ ប៉ុន្តែ​ទន្ទឹមនឹង​ការទទួល​ទាន​ឱ្យ​ច្រើន​នេះ លោកអ្នក​ក៏ត្រូវ​ទទួលទាន​អាហារ​ដែល​ត្រឹមត្រូវ មិន​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ហើយ​សម្រាប់​អាហារ​ដែល​ទទួលទាន​ហើយ​អាចធ្វើឱ្យ​អ្នក​ឡើង​គីឡូ ព្រមទាំង​ប្រកបដោយ​សុខភាព​ល្អ​ទៀត​នោះ​មានដូចជា៖

សាច់​ក្រហម :  សាច់​ក្រហម​ជា​ប្រភេទ​សាច់​ដែលមាន​ប្រូតេអ៊ីន ជាតិ​ដែក និង​កូ​ឡេ​ស្តូ​រ៉ូ​ល​ខ្ពស់​ដែល​អាចធ្វើឱ្យ​ទម្ងន់​របស់​អ្នក​កើនឡើង​យ៉ាង​ងាយ។ សូមកុំ​ព្យាយាម​ចម្អិន​សាច់​ក្រហម​ជាមួយនឹង​ប្រេង​ឬ​ខ្លាញ់​មួយចំនួន​ដែល​អាច​នាំឱ្យ​ជាតិ​ខ្លាញ់​មិនល្អ​កើនឡើង ប៉ុន្តែ​អ្នក​អាច​ប្រើ​ប្រេង​អូ​លីវ​ជំនួស​វិញ។

ប៊័រ​សណ្តែកដី : សណ្តែកដី​បាន​ភ្ជាប់​មកជា​ស្រេច​នូវ​ជាតិ​ប្រូតេអ៊ីន ម៉ាញ៉េ​ស្យូ​ម ហ្វូ​លិ​ក​អាស៊ីត វីតាមីន B, E និង​ខ្លាញ់ ហើយ​វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ឡើង​ទម្ងន់​តាមបែប​ធម្មជាតិ។ ប៊័រ​ដែល​ផលិត​ចេញពី​សណ្តែកដី​មួយ​ស្លាបព្រា​មាន​កាឡូរី​រហូតដល់100កាឡូរី។

ទឹកដោះគោ​សុទ្ធ :  ដំណោះស្រាយធម្មតាៗមួយទៀត​សម្រាប់​អ្នក​ចង់​ឡើង​ទង្ង​ន់​គឺ​ទទួលទាន​ទឹកដោះគោ​ដែល​ទឹកដោះគោ​នោះ​គឺជា​ទឹកដោះគោ​សុទ្ធ មិនមែនជា​ទឹកដោះគោ​ដែល​គេ​ចម្រាញ់​យកជាតិ​ក្រែ​ម​ចេញរួច​នោះទេ។ ទឹកដោះគោ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុចិញ្ចឹម ដូច្នេះ​មិន​ថា​អ្នក​ទទួលទាន​វា​ច្រើន​ប៉ុណ្ណា​ទេ គឺ​វា​នៅតែ​ល្អ​សម្រាប់​សុខភាព​របស់​អ្នកជា​និច្ច។

ផ្លែ​ប៊័រ : ប៊័រ​ជា​ប្រភេទ​ផ្លែឈើ​ដ៏​ល្អ​បំផុត​ក្នុង​ការបន្ថែម​ជាតិ​ខ្លាញ់​ល្អ​ចូលទៅក្នុង​របប​អាហារ​របស់​អ្នក។ ផ្លែ​ប៊័រ​ត្រឹម​តែមួយ​ចំហៀង​ផ្លែ​មាន​កាឡូរី​ដល់​ទៅ140កាឡូរី ហើយ​វា​ក៏​ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ ហ្វូ​លិ​ក​អាស៊ីត និង​ប៉ូ​តា​ស្យូ​ម​ផងដែរ។

ផ្លែឈើ :  ជាពិសេស​ផ្លែឈើ​នៃ​តំបន់​ត្រូពិច គឺ​ពិតជា​អាចជួយ​អ្នក​ក្នុង​ការឡើង​ទម្ងន់​បាន ដូចជា ផ្លែស្វាយ ចេក ល្ហុង និង​ផ្លែ​ម្នាស់ ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​យ៉ាង​ល្អ ដែល​ជួយ​ឱ្យ​ឡើង​ទម្ងន់​បាន​ដោយ​មិនចាំបាច់​បារម្ភ​ពី​ផលប៉ះពាល់​នោះទេ។អាហារ​ទាំងនេះ​ជា​ប្រភព​នៃ​ថាមពល​ចំពោះ​រាងកាយ​របស់​អ្នក។ផ្លែឈើ​ទាំងនេះ​ជា​បង្អែម​ធម្មជាតិ​ដោយ​មិនចាំបាច់​ត្រូវ​បន្ថែម​ស្ករ​ឬ​ជាតិ​ផ្អែម​ណា​ទៀត​នោះទេ។

ធញ្ញជាតិ :  សណ្តែកដី កៅឡាក់ ស្វាយចន្ទី និង​គ្រាប់​ធញ្ញជាតិផ្សេងៗទៀត សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អ សារធាតុចិញ្ចឹម និង​ជាតិ​សរសៃ ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ទទួលទាន​លេង​កម្សាន្ត​មាត់​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ឡើង​ទម្ងន់ ប្រកបដោយ​សុវត្ថិភាព។

ជាការ​ពិតណាស់​ដែលថា ការ​ទទួលទាន​ភេសជ្ជៈ​ដែលមាន​រសជាតិ​ផ្អែម ការទទួល​ទាន​អាហារ​ប្រភេទ Fast Food  អាហារ​បំពង​ជាដើម អាចជួយ​ឱ្យ​អ្នក​ឡើង​ទម្ងន់ ប៉ុន្តែ​សូម​ចាំ​ថា​វា​មិនមែនជា​មធ្យោបាយ​ល្អ​ចំពោះ​សុខភាព​នោះទេ។ សូម​ចាំ​ថា​វិធី​ល្អ​បំផុត​គឺ​ត្រូវតែ​ឡើង​ទាំង​ទម្ងន់ ល្អ​ទាំង​សុខភាព​របស់​អ្នកផង ទើប​ត្រឹមត្រូវ៕

Advertisement