វិធី​ថែរក្សា​ធ្មេញ ដែល​ត្រឹមត្រូវ​តាម​អ្នកជំនាញ

នាពេល​បច្ចុប្បន្ននេះ​មាន​មនុស្ស​មួយក្រុម​តូច​ប៉ុណ្ណោះ​ដែល​មើលរំលង​ការថែរក្សា​ធ្មេញ នោះ​មានន័យថា សារសំខាន់​នៃ​ការថែរក្សា​ធ្មេញ​បាន​និងកំពុងស្ថិត​នៅក្នុង​គំនិត​មនុស្ស​ជាច្រើន​រួចហើយ ព្រោះ​ពួកគាត់​សុទ្ធតែ​បានដឹងថា​ស្ទើរតែ​គ្រប់​ប្រភេទ​អាហារ​ដែល​បានដាក់​បញ្ចូល​ទៅក្នុង​មាត់​សុទ្ធតែ​អាច​បង្ក​ការខូចខាត​ដល់​ធ្មេញ ដូចជា ការកើតមាន​អាការ​ក្លិន​មាត់​មិនល្អ ដង្កូវ​ស៊ី​ធ្មេញ ស្រៀវធ្មេញ ហើម​អញ្ចាញធ្មេញ ឬ​ដំបៅ​ក្នុង​មាត់​ជាដើម។

ការ​ដុស​សម្អាត​អាច​ទុក​ថា​ជា​វិធី​នៃ​ការថែរក្សា​ធ្មេញ​ចម្បង​គេ ប៉ុន្តែ​វា​ក៏​មិនទាន់​អាច​ប្រើពាក្យ​ថា​គ្រប់គ្រាន់ ឬ​ជា​វិធី​ថែរក្សា​ធ្មេញ​ដែល​ល្អ​បំផុត​នោះទេបើ​អ្នក​គ្រាន់តែ​ដុស​ឱ្យ​តែមាន​ឈ្មោះថា​បាន​ដុស​នោះ ព្រោះថា​ការថែរក្សា​ធ្មេញ​ឱ្យបាន​ល្អ​ពិតប្រាកដ​នោះ​ត្រូវ​ពឹង​ផ្អែកលើ​សកម្មភាព​បន្ថែមផ្សេងៗមួយចំនួន​ទៀត។

ខាងក្រោម​នេះ​គឺជា​វិធី​ក្នុងការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​ដ៏​មាន​ប្រសិទ្ធភាព​ពី​អ្នកជំនាញ​សូម​តាមដាន​ជា​បន្ត​ដូចតទៅ៖
– ការសម្អាត​ធ្មេញ​គួរតែ​ធ្វើឡើង​រាល់ពេល​បន្ទាប់ពី​ទទួលទាន​អាហារ​រួច(រាប់ទាំង​អាហារ​ថ្ងៃត្រង់ ឬ​អាហារ​ក្រៅ​ពេលផ្សេងៗផងដែរ)។
– ជ្រើសរើស​ច្រាស​ដុសធ្មេញ​ណា​ដែល​អាច​សម្អាត​បាន​ជ្រៅ ទន់ ងាយ​ធ្វើការ​សម្អាត មិន​ឈឺ​អញ្ចាញ​ពេល​ប្រើ ហើយក៏​ត្រូវតែមាន​ទំហំ​សមស្រប​ទៅនឹង​មាត់​របស់​អ្នកប្រើប្រាស់​ផងដែរ (ច្រាស​ដុសធ្មេញ​សម្រាប់​ក្មេង និង​មនុស្ស​ធំ)។
– សូម​ជ្រើសរើស​ថ្នាំដុសធ្មេញ​ណា​ដែល​ត្រូវ​គ្នា​ទៅនឹង​បញ្ហា​ដែល​កើតមាន​ចំពោះ​ធ្មេញ​របស់​អ្នក ដូចជា ថ្នាំដុសធ្មេញ​សម្រាប់​អាការ​ស្រៀវធ្មេញ ដង្កូវ​ស៊ី ឬ​ធ្មេញ​ពុក​ជាដើម។
– ធ្វើការ​ដុសធ្មេញ​យ៉ាង​ត្រឹមត្រូវ (ចំណាយ​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ដុសធ្មេញ​យ៉ាងតិច2នាទី, ដុស​ឱ្យ​សព្វគ្រប់​កន្លែង ទាំងមុខ ទាំងក្រោយ​ធ្មេញ​ថ្កា​ម​ឆ្វេង​ស្តាំ លើ ក្រោម…)។
– ស្វែងរក​វិធី​សម្អាត​ធ្មេញ​បន្ថែមទៀត ក្រៅពី​ការសម្អាត​ធ្មេញ ដោយ​ការ​ដុសធ្មេញ ដូចជា ប្រើ​ខ្សែ​អំបោះ​សម្អាត​ធ្មេញ ប្រើ​ថ្នាំ​ខ្ពុរមាត់​កាត់បន្ថយ​បាក់តេរី ក្លិន​មាត់ និង​ការពារ​អ​ញ្ជា​ញ​ជាដើម។
– ទៅ​ជួប​ពេទ្យធ្មេញ​ឱ្យបាន​ទៀងទាត់ (6ខែម្តង) ដើម្បី​ពិនិត្យ និង​តាមដាន​សុខភាព​ធ្មេញ ហើយ​បើ​កើតមាន​បញ្ហា​ណាមួយ​ឡើង​នោះ ការព្យាបាល​ក៏មាន​ភាពងាយស្រួល​ជាង​ដែរ។ ការតាមដាន​សុខភាព​មាត់​ធ្មេញ​ជាប្រចាំ​នឹងធ្វើ​ឱ្យ​ភាគរយ​នៃ​ការកើតមាន​បញ្ហាផ្សេងៗនៅលើ​មាត់​ធ្មេញ​មាន​កាន់តែ​តិច​ឡើង។

បញ្ហា​សុខភាព​ធ្មេញ​ដែល​បាន​កើតមាន​ចំពោះ​មនុស្សម្នាក់ៗអាច​នឹងមាន​សភាព​ខុស​ប្លែក​ពីគ្នា ដូច្នេះ​បន្ថែម​ពីលើ​ការថែរក្សា​ធ្មេញ​យ៉ាង​ត្រឹមត្រូវ លោកអ្នក​គួរតែ​ទៅ​ជួប​ទន្ត​បណ្ឌិត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ស្វែងរក​ជំងឺ​ពិតប្រាកដ ហើយក៏​ទទួលបាន​នូវ​ដំបូន្មាន និង​ការថែរក្សា​ធ្មេញ​យ៉ាង​ល្អ​បំផុត​ផងដែរ៕

Advertisement