គន្លឹះទាំង4 ដើម្បីជួយឱ្យដើមទ្រូងត្រឡប់មកធំណែនឡើងវិញ

ដើមទ្រូងគឺជាផ្នែកដ៏សំខាន់មួយសម្រាប់ជួយលើកសម្រស់នារីៗយើង ឱ្យមើលទៅមានមន្ដស្នេហ៍ និងទាក់ទាញបំផុត។ ក៏ប៉ុន្ដែនារីៗភាគច្រើនតែងជួប​ប្រទះនឹងបញ្ហាដើមទ្រូងតូច ស្ទើរតែរាបស្មើដូចជាពងទាចៀន ហើយមើលទៅមិនមានភាពទាក់ទាញ និងគួរឱ្យបាក់ចិត្តស្រឡាញ់ទាល់តែសោះ។ ចាប់ពីថ្ងៃនេះទៅ សូមមិត្តនារីៗទាំងអស់កុំកង្វល់តទៅទៀត ព្រោះថា ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនពីគន្លឹះទាំង4 ដែលអាចអនុវត្តបានយ៉ាងងាយនៅក្នុងផ្ទះដោយខ្លួនឯង ដើម្បីឱ្យដើមទ្រូងមានសភាពតឹងណែនល្អ និងត្រឡប់មកសភាពស្រស់ស្អាតដូចដើមវិញ។

1. ប្រើប្រាស់គ្រីម ឬប្រេងសម្រាប់ម៉ាស្សាដើមទ្រូង
សុភាពនារីទាំងឡាយអាចត្រៀមគ្រីម ឬប្រេងសម្រាប់ម៉ាស្សាដើមទ្រូង ឬមួយក៏ប្រើប្រាស់ឡេប្រេងអូលីវ ដែលអ្នកមានស្រាប់នៅក្នុងផ្ទះក៏បាន ដើម្បីប្រើប្រាស់សម្រាប់ម៉ាស្សា។ អ្នកត្រូវប្រើម្រាមដៃទាំង3 រួមមាន ដៃចង្អុរ ដៃកណ្ដាល ដៃនាង ជ្រលក់ជាមួយប្រេង ឬគ្រីម រួចចុចពីលើស្បែកត្រង់បរិវេណសុដន់ ហើយធ្វើការម៉ាស្សាថ្មមៗទៅតាមរង្វង់ដើមទ្រូងក្នុងរយៈពេលពី5-10នាទី។

2. ម៉ាស្សាជុំវិញសុដន់
យកគ្រីម ឬប្រេងលាបជុំវិញបរិវេណសុដន់ឱ្យបានជុំសព្វលើកលែងតែបរិវេណក្បាលដោះតែប៉ុណ្ណោះ។ បន្ទាប់មកទៀត ត្រូវយកដៃខាងឆ្វេងមកជួយម៉ាស្សាបរិវេណសុដន់ខាងស្ដាំ។ ហើយលក្ខណៈនៃការម៉ាស្សាបរិវេណសុដន់នោះ គឺត្រូវម៉ាស្សាជាលក្ខណៈរង្វង់ ដោយចាប់ផ្ដើមម៉ាស្សាពីផ្នែកខាងក្រោមក្បែរសាច់ក្លៀក ម៉ាស្សាដេញជារង្វង់ចូលមកខ្សែខាងក្នុងនៃបរិវេណដើមទ្រូង។ នៅក្នុងអំឡុងពេលដែលអ្នកធ្វើម៉ាស្សានោះ អ្នកត្រូវម៉ាស្សាទាញស្បែកសុដន់ឱ្យខិតឡើងមកខាងលើចំនួន20ដង រហូតដល់អ្នកមានអារម្មណ៍ក្ដៅនៅបរិវេណដើមទ្រូង។ បន្ទាប់មកទៀត ត្រូវអនុវត្តបែបនេះ នៅសុដន់ខាងឆ្វេងដូចគ្នាទៀត។

3. ទាញសុដន់ឱ្យឡើង
សុភាពនារីទាំងឡាយត្រូវប្រើម្រាមដៃខាងឆ្វេង ផ្អិបជាប់នឹងសុដន់ខាងស្ដាំ ហើយទាញឡើងមកលើប្រមាណជា2សង់ទីម៉ែត្រ។ បន្ទាប់មកទៀត ចូរយកម្រាមដៃខាងស្ដាំចុចម៉ាស្សាតាមរង្វង់ខ្សែដើមទ្រូង ដោយព្យាយាមម៉ាស្សាទាញសាច់សុដន់ឱ្យឡើងមកលើចំនួន20​ដង។ បន្ទាប់មក អ្នកត្រូវអនុវត្តលើសុដន់ផ្នែកខាងឆ្វេងម្ខាងទៀតចំនួន20ដងដូចគ្នាដែរ។

4. លើកផ្ទៃសុដន់ឱ្យខ្ពស់ពីគល់សុដន់
ប្រើដៃទាំងសងខាងប្រមូល ឬលើកសុដន់ឡើង ចេញពីសាច់នៃគល់សុដន់របស់អ្នក ដោយចាប់ផ្ដើមលើកពីខាងក្រោមទៅចំចំណុចកណ្ដាលនៃសុដន់របស់អ្នក។ បន្ទាប់មកទៀតនារីៗយើងត្រូវម៉ាស្សាបែបនេះឱ្យបាន20ដង ទៅតាមលំដាប់លំដោយ។

យ៉ាងណាដែរ គន្លឹះទាំង4នេះ ពិតជាងាយស្រួលសម្រាប់សុភាពនារីយើងណាស់មែនទេ? កុំភ្លេចអនុវត្តតាមផងណ៎ា ធានាថា មានប្រសិទ្ធភាពជួយឱ្យសុដន់របស់អ្នកមានសភាពតឹងណែន ឡើងធំដូចសភាពដើមជាមិនខាន។ តែកុំភ្លេចត្រូវអនុវត្តជារៀងរាល់ថ្ងៃផងណា៎៕

Advertisement