វិធី​ថែរក្សា​ស្បែក​នៅពេល​យប់​ដ៏​មាន​ប្រសិទ្ធភាព

ជាការ​ពិតណាស់​ការថែរក្សា​ស្បែក​របស់​មនុស្សម្នាក់ៗគឺ​ត្រូវធ្វើឡើង​អាស្រ័យទៅលើ​ប្រភេទ​នៃ​ស្បែករបស់​អ្នក​ផ្ទាល់ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​អ្នក​ក៏​គួរតែ​ដឹង​ពី​គ្រឹះ​នៃ​ការថែរក្សា​ស្បែក​ជាមុនសិន មុននឹង​ឈានចូល​ទៅដល់​ការថែរក្សា​ស្បែក​ទៅតាម​ប្រភេទស្បែក​ដែល​អ្នកមាន។ មិន​ថា​ពេល​ថ្ងៃ ឬ​ពេលយប់​នោះទេ ការថែរក្សា​ស្បែក​ឱ្យបាន​ត្រឹមត្រូវ​គឺជា​ទម្លាប់​ដ៏​ចាំបាច់ ដែល​អ្នក​ត្រូវតែ​អនុវត្ត ដើម្បី​ដណ្តើមយក​ភាពស្រស់ស្អាត ហើយ​ទម្លាប់​ប្រចាំ​ថ្ងៃនេះ​គឺមិនត្រូវ​ការចំណាយ​ពេល​ច្រើនជាង10នាទី​នោះទេ។ ដូច្នេះ​សូម​តាមដាន​ជាមួយនឹង​ជំហានសំខាន់ៗនៃ​ការថែរក្សា​ស្បែក​ទៅតាម​ដំណាក់កាលធំៗទាំង3 គឺ ការសម្អាត ការ​លាប​ឡេ (Toner) និង​ការផ្តល់​សំណើម (Moisturize)។

1. ការលាង​សម្អាត : លុបលាង​មុខ​របស់​អ្នក​ឱ្យបាន​ស្អាត​មុនពេល​ចូល​គេង ជាពិសេស​ប្រសិនបើ​អ្នក​តែងតែ​តុបតែង​មុខជា​មួយគ្រឿង​សម្អាងផ្សេងៗទៀត​នោះ គឺ​រឹតតែ​មិនអាច​មើលរំលង​បញ្ហា​នេះ​បានឡើយ។ ធូលី មេរោគ និង​កម្ទេច ដែល​នៅ​សេសសល់​លើ​ផ្ទៃមុខ គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​មុខ​កើតមុន។

2. Toner : សំដៅ​ទៅលើ​ឡេ ឬ​ទឹក​សម្អាត​ស្បែក ដែល​គេ​ច្រើនតែ​យកមកប្រើ​លើ​ផ្ទៃមុខ ដើម្បី​បង្រួម​រន្ធ​ញើស​ជាដើម។ ការ​លាប Toner នៅលើ​ផ្ទៃមុខ​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត pH និង​ការពារ​ស្បែក។ បន្ទាប់ពី​សម្អាត​ផ្ទៃមុខ​រួច អ្នក​ត្រូវ​លាប Toner ទៅលើ​មុខ ដើម្បីឱ្យ​វា​ចូលទៅ​ជួយ​បង្រួម​រន្ធ​ញើស បន្តឹង​ស្បែ​កមុខ និង​ការពារ​ស្បែក​មុខ​ពី​មេរោគផ្សេងៗ ដែល​អ្នក​មិនអាច​មើលឃើញ​ពេល​អ្នក​កំពុង​គេង។

3. Moisturize : នេះ​គឺជា​ការរៀបរាប់​អំពី​ការផ្តល់​សំណើម​ដល់​ស្បែក ហើយ​សំណើម​នៅពេលនេះ​គឺ​យើង​ចង់​សំដៅលើ​ជាតិ​ទឹក។ ទឹក​គឺជា​គ្រឿងផ្សំ​ដ៏​អាថ៌កំបាំង​បំផុត​សម្រាប់​ឱ្យ​ស្បែក​មាន​សំណើម និង​ស្រស់ស្រាយ។ នៅពេលដែល​ស្បែក​របស់​អ្នកមាន​សំណើម​គ្រប់គ្រាន់​នោះ វា​នឹងមាន​ភាព​ទន់​រលោង​ជាក់​ជាមិនខាន ដូច្នេះ​អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន។ ក្រៅពី​ទឹក​អ្នក​ក៏​អាច​ជ្រើសរើស​ប្រើ​ផលិតផល​ផ្តល់​សំណើម ឬឱសថ​ធម្មជាតិ​មួយចំនួន​ដូចជា ប្រទាល​កន្ទុយក្រពើ​ជាដើម ដើម្បី​ផ្តល់នូវ​សំណើម​ឱ្យ​ស្បែក​របស់​អ្នក​ផងដែរ។

ជា​ចុងក្រោយ ឡា​រ៉ែ​ន ចង់ឱ្យ​អ្នក​ចងចាំ​នូវ​ចំណុច​មួយទៀត​គឺ មុន​ចូល​គេង​អ្នក​ត្រូវ​ធ្វើឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​រីករាយ ព្រោះថា​ភាព​រីករាយ​នេះហើយ​ដែលជា​វិធី​នាំ​អ្នក​ទៅកាន់​ភាពស្រស់​-ស្រាយ គេង​លក់បាន​ស្កប់ស្កល់ ជួយ​ថែរក្សា​សម្រស់​ឱ្យនៅ​ក្មេង​ជាង​វ័យ៕

Advertisement