វិធីមើលថែទាំស្បែកក្នុងរដូវភ្លៀង

មួយរយៈនេះធាតុអាកាសងងឹតស្រទុំ ថ្ងៃខ្លះមានទាំងភ្លៀងធ្លាក់មកខ្លាំងទៀតផង ព្រះអាទិត្យមិនសូវជា​បង្ហាញ​ខ្លួន​​ឱ្យឃើញ​ដូចពេលរដូវក្តៅប៉ុន្មាន​ទេ នារីៗជាច្រើននាំគ្នារអ៊ូរទាំពីភាពសើមប៉ប៉ិកប៉ប៉ាក់របស់ស្បែក និងបញ្ហាស្បែក​ដែល​កើត​ឡើង ដូច្នេះថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗក្នុងការមើលថែទាំស្បែកស្អាតៗរបស់អ្នក​ក្នុងរដូវភ្លៀងបែបនេះមក​ជម្រាប​ជូន​ដូចខាងក្រោម៖

ធាតុអាកាសដែលអុកមម៉ុកងងឹតស្រទុំបែបនេះ មនុស្សជាច្រើនតែងយល់ច្រឡំថា មិនចាំបាច់ប្រើ​គ្រីមការពារ​កម្តៅ​ថ្ងៃ​ទេ ព្រោះមិនសូវមានពន្លឺថ្ងៃក្តៅខ្លាំងប៉ុន្មានឡើយ ថែមទាំងខ្លាចថា ស្បែកនឹងឡើងស្អិតប៉ប៉ិកប៉ប៉ាក់ទៀតផង តែការពិតវិញ ទោះ​ជា​គ្មាន​ពន្លឺព្រះអាទិត្យមែន តែនៅក្នុងអំឡុងពេលថ្ងៃ ក៏នៅតែមានកាំរស្មី UV ដែលយើងមើលមិនឃើញចូលមកបំផ្លាញ​ស្រ-ទាប់​ស្បែកខាងក្នុង ដែលនាំឱ្យមាន​បញ្ហាស្លាកស្នាមមុនអាយុដែរ និងរួមទាំងកាំរស្មី UV ដែលចេញមកពីឧបករណ៍អគ្គិសនីទាំង​ឡាយដូចជាកុំព្យូទ័រ និងអំពូលភ្លើងជាដើម ដូច្នេះបើអ្នកធ្វេសប្រហែសមិនលាបគ្រីមការពារពន្លឺថ្ងៃនៅថ្ងៃណាមួយនោះ វាដូច​ជា​ការបើកឱកាសឱ្យកាំរស្មី UV ចូលមកដុតបំផ្លាញស្បែកដូច្នោះដែរ។ ឡារ៉ែន សូមណែនាំថា គួរជ្រើសរើសប្រើគ្រីមការពារ​ពន្លឺ​ថ្ងៃ​ណាដែលអាចការពារបានទាំង​កាំរស្មី UVA, UVB និងអនុមូលឥស្សរៈរៀងរាល់ពេលព្រឹកដោយជ្រើសរើសយករូបមន្ត​ការពារ​ទឹក មិនស្អិតប៉ប៉ិកប៉ប៉ាក់ស្បែក​​ដែលនាំ​ឱ្យ​​រំខានចិត្ត។

ចំណែកនារីៗដែលត្រូវតុបតែងមុខទៅធ្វើការរៀងរាល់ថ្ងៃវិញ យើងសូមណែនាំថា គួរជ្រើស-រើសប្រើម្សៅ មេកអាប់​ដែល​​មាន​រូប​​​មន្ត​​ការពារទឹក ជាពិសេសបរិវេណកែវភ្នែក មិនដូច្នេះទេអាចនឹងបានក្លាយទៅជាភ្នែកខ្លាឃ្មុំភែនដាមិនខានហើយ​នៅពេលល្ងាចត្រូវលាងគ្រឿងសម្អាងឱ្យស្អាតហ្មត់ចត់ផង ព្រោះនៅក្នុងរដូវភ្លៀងងាយនឹងកើតមុនណាស់។ សម្អាតដោយឃ្លីន​ស៊ីងលាងគ្រឿង​សម្អាង និងជ្រើសរើសប្រើហ្វូមលាងមុខណាដែលមិនធ្វើឱ្យស្បែកមុខស្ងួតក្រៀម។ បន្ទាប់ពីលាងសម្អាតផ្ទៃ​មុខ​ហើយ អ្នកគួរជូតសម្អាត​ដោយថូននើរ៍ ដើម្បីសម្រួលសភាពស្បែកដែលអាចជ្រើសរើសប្រើបែបរូបមន្ត​កម្ចាត់សារធាតុ​ពុល​ដែល​នៅសេសសល់នៅលើផ្ទៃមុខ (Detoxifying Toner) ដើម្បីឱ្យស្បែកសម្រួលតុល្យភាព និងកម្ចាត់សារធាតុអនុមូលឥស្សរៈ ដើម្បីភាពស្រស់បស់ និងកាត់បន្ថយ​ការកើតមុនពីកាកសំណល់ដែលនៅសេសសល់លើផ្ទៃមុខ និងបញ្ចប់ដោយការលាប​គ្រីម​ថែ​បំប៉នស្បែកនៅពេលយប់ឱ្យនៅតែ​ស្រស់ស្អាត​សម្រាប់ព្រឹកថ្ងៃស្អែក។

ក្រៅពីនេះ មិនត្រូវបណ្តែតបណ្តោយក្នុងការមើលថែទាំសុខភាពរាងកាយ ដើម្បីឱ្យស្បែកស្អាតចេញមកពីខាងក្នុង ដោយ​ការគេងសម្រាកឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលមានគុណប្រយោជន៍ ដោយអាចទទួលទានវីតាមីន និងសារធាតុ​អំបិលរ៉ែ រួមទាំងការហាត់ប្រាណជាប់ជាប្រចាំ ហើយដែលសំខាន់នោះគឺគួរទទួលទានទឹកស្អាតក្នុងមួយថ្ងៃឱ្យបាន8-10កែវ ដោយ​ក្រេបតិចៗជាប់រហូតពេញមួយថ្ងៃ ដើម្បីរក្សាភាពស្រស់បស់របស់ស្បែក៕

Advertisement