គន្លឹះថែរក្សាសក់ងាយៗទាំង6យ៉ាងក្នុងរដូវភ្លៀង

នៅពេលដែលរដូវភ្លៀងបានមកដល់ នារីៗពិតជាពិបាកចិត្តបន្ដិចហើយក្នុងការថែរក្សាសរសៃសក់ឱ្យមានសភាពរស់រវើកគ្រប់ពេលវេលា។ បើអ្នកចាប់អារម្មណ៍ខ្លាំងពីបញ្ហាមួយនេះ ទស្សនាវដ្ដី ឡារ៉ែនសូមបង្ហាញជូននូវគន្លឹះទាំង6យ៉ាង ដើម្បីថែរក្សាសុខភាពសក់នារដូវភ្លៀងដូចខាងក្រោមនេះ។

1. ចៀសវាងធ្វើឱ្យសក់សើមពេញមួយយប់
សម្រាប់នារីៗដែលត្រូវទឹកភ្លៀង ហើយនៅសើមសក់នៅឡើយនោះ គប្បីជ្រើសរើសវិធីកក់សក់បន្ទាប់ពីត្រូវទឹកភ្លៀងរួច គឺប្រសើរបំផុតដើម្បីការពារជំងឺផ្ដាសាយ ព្រោះប្រសិនបើអ្នកមិនបានកក់សក់ទេ នោះសក់របស់អ្នកនឹងសើមនៅក្នុងរយៈពេលយូរពេញមួយយប់ និងធ្វើឱ្យសក់មានសភាពហើម ហើយមានក្លិនមិនល្អថែមទៀត ចំណែកឯជំងឺដែលនឹងតាមមកជាមួយដូចជាជំងឺផ្តាសាយជាដើមនោះនឹងចូលមកយារយីអ្នកជាមិនខាន។

2. បន្ទាប់ពីកក់សក់រួច ត្រូវផ្លុំសក់ឱ្យស្ងួត
ភាគច្រើនដូចដែលអ្នកបានដឹងហើយថាភ្លៀងនឹងធ្លាក់នៅក្នុងអំឡុងពេលល្ងាច បើអ្នកកក់សក់ក្រោយទទឹកទឹកភ្លៀង អ្នកត្រូវធ្វើការផ្លុំសក់ឱ្យស្ងួតមុនពេលចូលគេង ព្រោះមិនត្រូវបណ្ដោយឱ្យសក់សើមពេញមួយយប់នោះទេ។បន្ទាប់ពីផ្លុំសក់ហើយ ចូរប្រើក្រែមលាបបំប៉នសរសៃសក់ ដើម្បីឱ្យសក់មានសភាពរស់រវើកឡើងវិញមុនពេលចូលគេង។ ក៏ប៉ុន្ដែការផ្លុំសក់ជារៀងរាល់ថ្ងៃ ក៏មែនមែនជារឿងល្អសម្រាប់ការថែរក្សាសុខភាពសក់ប៉ុន្មានទេ ព្រោះសក់ងាយនឹងខូចដោយសារកម្ដៅខ្យល់ដែលភាយចេញពីម៉ាស៊ីនផ្លុំសក់។

3. ចៀសវាងការប្រើផលិតផលថែរក្សាសក់បែបរលើបរលោង និងស្អិត
ភាគច្រើនផលិតផលថែរក្សាសរសៃសក់មានធាតុផ្សំពីប្រេងច្រើន ក៏ប៉ុន្ដែនៅក្នុងអំឡុងរដូវភ្លៀងនេះ ការប្រើប្រាស់ផលិតផលថែរក្សាសក់ប្រភេទប្រេង គឺវាកាន់តែធ្វើឱ្យសក់របស់អ្នករលើបរលោងខ្លាំង និងស្អិត ពិតជាគួរឱ្យធុញ-ទ្រាន់ខ្លាំងណាស់។ វិធីសាស្ត្រដ៏ល្អមួយដែលអ្នកគួរអនុវត្តជាប្រចាំ គឺការជ្រើសរើសប្រើផលិតផលថែរក្សាសក់ណាដែលមិនសម្បូរដោយជាតិប្រេងច្រើនដូចជា ផលិតផលថែរក្សាសក់សម្រាប់កុមារជាដើម។

4. អប់សក់ខ្លះ ដើម្បីថែទាំសរសៃសក់ និងស្បែកក្បាល
អ្នកគប្បីអប់សរសៃសក់របស់អ្នកក្នុងមួយសប្តាហ៍ពី1ទៅ2ដង ដើម្បីជំនួយដល់សរសៃសក់ឱ្យបានជ្រៅ។ ត្រូវប្រើម្រាមដៃម៉ាស្សា ត្រង់ស្បែកក្បាលជារង្វង់មូលឱ្យសព្វ ដើម្បីជំរុញឱ្យឈាមរត់វិលបានល្អ និងជួយឱ្យការផលិតប្រេងពីឫសសក់បានប្រសើរឡើងថែមទៀតផង។

5. ប្រើកន្សែងសម្ងួតសក់
បន្ទាប់ពីលាងជម្រះសក់រួច អ្នកអាចយកកន្សែងមកផ្តិតពីគល់ដល់ចុងសក់ ប៉ុន្តែមិនត្រូវយកកន្សែងមករុំជុំវិញក្បាលរបស់អ្នកនោះទេព្រោះវាអាចបំផ្លាញឫសសក់របស់អ្នកបាន។មួយវិញទៀត ប្រសិនបើអ្នកយកកន្សែទៅញីឬត្រដុសនឹងសរសៃសក់ខ្លាំងពេក នោះសក់របស់អ្នក នឹងប្រែជារួញ និងសំពោងជាមិនខាន។ជំនួសដោយកន្សែង អ្នកគួរតែប្រើអាវយឺតណាមួយមកជំនួសវិញ ព្រោះវាទន់ និងផ្តល់ភាពងាយស្រួលជាង។

6. ហាមប្រើក្រាសសិតសក់ខុស
អ្នកគួរបញ្ឈប់ការសិតសក់ ដោយប្រើប្រាស់ក្រាសខុសប្រភេទចាប់ពីថ្ងៃនេះតទៅ។ ក្រាសសិតសក់ជ័រ ឬក្រាស់ដែលមានធ្មេញរឹង នឹងធ្វើឱ្យសក់របស់អ្នកចុះខ្សោយ និងខូច។ ហេតុនេះ អ្នកគួរតែប្រើក្រាស់ប្រភេទមូល ដែលមានធ្មេញរង្វើល ព្រោះគេចាត់ទុកវាជាប្រភេទក្រាស់ ដែលធ្វើឱ្យសក់រឹងមាំ ភ្លឺ រលោង និងមានសុខភាពល្អ។ គេធ្លាប់និយាយថា បើចង់បានសក់ទន់រលោងស្អាតទាល់តែ ឧស្សាហ៍សិតសក់ឱ្យបានញឹកញាប់។ ប៉ុន្តែ មានអ្នកមួយចំនួនទៀតក៏បាននិយាយថា សិតសក់ច្រើនដងពេកធ្វើឱ្យខូចសក់ ហេតុនេះ មនុស្សមួយចំនួនបែរជាមិនសូវសិតសក់ឱ្យបានត្រឹមត្រូវ ដូចជាសិតតែចុងៗសក់ជាដើមទៅវិញ។ ជាក់ស្តែង បើអ្នកសិតដល់ស្បែកក្បាល គឺជួយជំរុញការលូតលាស់នៃសក់ តែបើសិតញឹកញាប់ពេកក៏ធ្វើឱ្យជ្រុះសក់ផងដែរ។ ហេតុនេះ អ្នកអាចសិតសក់តែពេលណាដែលចាំបាច់ទៅបានហើយ ដូចជាពេលចងសក់ជាដើម៕

Advertisement