គិតដល់6ចំណុចមុនទទួលទានទឹកអំពៅ ដើម្បីរក្សាទម្ងន់

ទឹកអំពៅ គឺជាផលិតផលដែលបានមកពីការកៀបសាច់ដើមអំពៅឱ្យចេញជាទឹក ដែលជាផលិតផលធម្មជាតិមានសារធាតុស្ករធម្មជាតិដល់ទៅ15% ហើយវាក៏សម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនផ្សេងៗជាច្រើនទៀត។ ក្នុងទឹកអំពៅមានសារធាតុកាល់ស្យូម និងប៉ូតាស្យូមកម្រិតខ្ពស់បំផុត ហើយក្រៅពីនេះ ក៏មានសារធាតុដែក និងវីតាមីន A, C, B1, B2, B3 , B5, B6 និងសារធាតុប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។ បើតាមការបញ្ជាក់របស់អ្នកជំនាញសុខភាពបានប្រាប់ឱ្យដឹងថា ទឹកអំពៅ ជួយព្យាបាល និងការពាររោគជំងឺផ្សេងៗមួយចំនួនទៀត និងមិនធ្វើឱ្យធាត់ផងដែរ។ ដើម្បីស្រាយចម្ងល់អំពីបញ្ហាទទួលទានទឹកអំពៅហើយឡើងទម្ងន់ ថ្ងៃនេះទស្សនាវដ្ដីឡារ៉ែន សូមណែនាំប្រិយមិត្តអ្នកអានទាំងអស់ មកយល់ដឹងអំពីការថែរក្សាសុខភាព និងសម្រស់ជាមួយទឹកអំពៅដូចខាងក្រោមនេះ៖

1. មិនមានជាតិខ្លាញ់
ទឹកអំពៅ ពុំមានសារធាតុខ្លាញ់ឡើយហើយថែមទាំងមានរសជាតិផ្អែមពីធម្ម-ជាតិទៀតផង។ ដូច្នេះ អ្នកមិនចាំបាច់បន្ថែមស្ករចូលទៅក្នុងវា និងមិនត្រូវព្រួយបារម្ភអំពីការស្រូបជាតិខ្លាញ់ច្រើនហួសប្រមាណនៅក្នុងរាង-កាយ ខណៈអ្នកទទួលទានទឹកអំពៅនោះទេ។

2. មានផ្ទុកសារធាតុអាហារកាកសរសៃ
ទឹកអំពៅមានផ្ទុកសារធាតុអាហារកាកសរសៃហ្វាយប៊ឺរខ្ពស់ ហេតុដូច្នេះហើយទើបវា ជាភេសជ្ជៈដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដែលចង់សម្រកទម្ងន់។ ទឹកអំពៅស្រស់មានផ្ទុកកាកសរសៃហ្វាយប៊ឺរ 13ក្រាមក្នុងមួយកែវ។

3. ផ្ដល់កម្លាំង និងថាមពលដល់សារពាង្គកាយ
ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំង នឿយហត់ ល្ហិតល្ហៃ ទន់ដៃជើង គប្បីទទួលទានទឹកអំពៅមួយកែវ អាចធ្វើឱ្យអ្នកមានកម្លាំងឡើងវិញភ្លាមៗ។ គុណប្រយោជន៍របស់វាមិនត្រឹមតែអាចជួយអ្នកឱ្យមានកម្លាំងធ្វើសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួនដោយរីករាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យអ្នកនូវថាមពលក្នុងពេលហាត់ប្រាណទៀតផង។

4. ប្រឆាំងការរលាក និងអុកស៊ីតកម្ម
ការរលាក គឺជាមូលហេតុ ដែលធ្វើឱ្យមនុស្សភាគច្រើនមិនអាចសម្រកទម្ងន់បានឆាប់រហ័ស។ ទឹកអំពៅសម្បូរទៅដោយសារធាតុ​ប្រឆាំងនឹងអុកស៊ីតកម្មឈ្មោះថា Polyphenols ដែលមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកនៅក្នុងរាងកាយ។

5. កម្ចាត់កូឡេស្តេរ៉ូលក្នុងសរសៃឈាម
បរិមាណកូលេស្តេរ៉ូលអាក្រក់មាននៅក្នុងឈាម នាំឱ្យឡើងទម្ងន់មិនគួរឱ្យពេញចិត្ដ។ ទឹកអំពៅ ពុំមានផ្ទុកកូលេស្តេរ៉ូលទេហើយថែមទាំងអាចកម្ចាត់កូឡេស្តេរ៉ូលអាក្រក់នៅក្នុងឈាមបានទៀតផង ដែលធ្វើឱ្យអ្នកព្រួយបារម្ភកើតមានជំងឺបេះដូង ឬលើសឈាមទៀតផង។

6. ការពារសុខភាពពោះវៀន
ប្រព័ន្ធរំលាយអាហារ មានសុខភាពល្អមានការផ្សារភ្ជាប់ជាមួយនឹងការសម្រកទម្ងន់។ ទឹកអំពៅត្រូវបានណែនាំដោយគេហទំព័រសុខភាពពិភពលោក ដែលបានណែនាំអ្នកជំងឺឱ្យថែរក្សាចលនាពោះវៀន កាត់បន្ថយការទល់លាមក ព្យាបាលជាតិអាស៊ីត រួមទាំងការរលាកក្រពះ។ ហេតុនេះវាលើកកម្ពស់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ តែមិនស័ក្ដិសមចំពោះអ្នកជំងឺទឹកនោមផ្អែមឡើយ៕

Advertisement