អាចម៍រុយ​ ធ្វើឱ្យ​អ្នក​ខ្មាសគេ​ណាស់​មែន​ទេ?

អាចម៍រុយ​ភាគច្រើន​កើតឡើង​ដោយសារ​ការរង​នូវ​ផលប៉ះពាល់​ជាមួយ​កាំរស្មី Ultraviolet ខ្លាំង​និង​មាន​រយៈពេល​យូរ។ តើ​អាចម៍រុយ​ជា​មូលហេតុ​ដែលនាំឱ្យ​អ្នក​ស្ទើរតែ​មិន​ហ៊ាន​ឈាន​ជើង​ចេញពីផ្ទះ​ឱ្យ​ត្រូវ​កម្តៅថ្ងៃ​មែន​ទេ? ជាការ​ពិតណាស់​ដ្បិតថា​អាចម៍រុយ​មិន​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ ផ្ទៃមុខ​មាន​សភាព​គ្រើម​ដូច​មុន ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ដែរ​ចំពោះ​សម្រស់​របស់​អ្នក ហើយ​បើ​អ្នកជា​មនុស្ស​ម្នាក់​ដែល​មិនមាន​ជំនាញ​ ឬ​មិន​ចូលចិត្ត​ការតុបតែង​មុខ​ទៀត​នោះ អាចម៍​រុយគឺ​ប្រាកដជា​បង្ហាញខ្លួន​យ៉ាងច្បាស់​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ជាមិនខាន។ បើ​អ្នក​ធ្លាប់បាន​ ឬ​កំពុងតែ​ប្រើប្រាស់​ផលិតផល​មួយចំនួន​ដើម្បី​កម្ចាត់​អាចម៍រុយ​ចេញ ក៏​ធ្វើ​ទៀត​ចុះ ប៉ុន្តែ​បន្ថែម​ពី​នោះ ឡា​រ៉ែ​ន​ ចង់ឱ្យ​អ្នក​ជួយ​ជំរុញ​បញ្ហា​មួយ​នេះ​ឱ្យទៅ​កាន់តែ​ឆ្ងាយ ដោយ​វិធី​ធម្មជាតិ​រួមផ្សំ​ផងដែរ។ ឆ្លៀតពេល​តែ​បន្តិច ចំណាយ​ក៏​តិច ហើយ​វា​ក៏​មិន​ប៉ះពាល់​ ឬ​មានប្រតិកម្ម​ជាមួយ​ផលិតផល​ដែល​អ្នក​កំពុង​ប្រើ​ដែរនោះ សូម​សាកល្បង​ជាមួយនឹង៖

ក្រូចឆ្មារ: វា​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​អាចជួយ​ឱ្យ​ស្បែ​កស លុបបំបាត់​ស្នាម​អាច​ម៍រុយ​លើ​ស្បែក។ ក្រូចឆ្មារ​មួយ​ផ្លែ​ច្របាច់​យក​ទឹក​វា រួច​យក​ក្រណាត់ Cotton មួយ​ផ្ទាំង​តូច មក​ជ្រលក់​ទឹកក្រូច​ឆ្មារ​នោះ​ ហើយ​លាប​នៅលើ​ផ្ទៃមុខ​ ឬ​ត្រង់​កន្លែង​ដែលមាន​អាចម៍រុយ។ រួច​ទុកចោល20ទៅ30នាទី សឹម​សម្អាត​ដោយ​ទឹក​ត្រជាក់​តាម​ធម្មតា​វិញ។ជូត​មុខ​ឱ្យ​ស្ងួត រួច​លាប​ឡេ​ផ្តល់​សំណើម​ដល់​ផ្ទៃមុខ។ ក្រៅពីនេះ​ក៏​នៅមាន​វិធី​ជំនួស​មួយទៀត​គឺ លាយ​ស្ករស​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹកក្រូច​ឆ្មារ​មួយ​ផ្លែ ហើយ​យក​វា​ទៅ​ត្រដុស​ត្រង់​កន្លែង​ដែលមាន​អាចម៍រុយ ប្រហែល1នាទី។ រួច​ទុក​វា​ចោល10នាទី សឹម​លាង​ទឹក​ចេញ។ បើ​លោកអ្នក​ជ្រើស​រើសយក​វិធី​ដែល​ប្រើតែ​ទឹកក្រូច​ឆ្មារ​សុទ្ធ​ខាងលើ អ្នក​ត្រូវធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​បើ​ប្រើ​វិធី​ជំនួស​ស្ករស និង​ក្រូចឆ្មារ​អ្នក​អាចធ្វើ​វា2 ឬ3ដង​ក្នុង​មួយ​សប្តាហ៍​គឺ​គ្រប់គ្រាន់​ហើយ។

ប្រេង​ល្ហុងខ្វង: គ្រាន់តែ​យក​ប្រេង​ល្ហុងខ្វង2-3ដំណក់ មក​ម៉ាស្សា3នាទី​ពីលើ​ស្បែក​ដែល​កើត​អាចម៍រុយ។ រួច​ផ្អាប់​ទុក​រយៈពេល1ម៉ោង​សឹម​លាង​សម្អាត​វា​ចេញ​តាម​ធម្មតា។ អនុវត្តតាម​វិធី​នេះ​ឱ្យបាន​ម្តង ឬ​ពីរដង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវធ្វើ​វា​ជា​រៀងរាល់ថ្ងៃ ទើប​ទទួលបាន​ប្រសិទ្ធភាព​រហ័ស​ដូច​បំណង​របស់​អ្នក។

ប្រទាលកន្ទុយក្រពើ: នៅក្នុង​ជាតិ​អន្ធិល​របស់​ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​នូវ​សារធាតុ​ពី​ធម្មជាតិ​ដែល​អាច​ព្យាបាល​សភាព​ពណ៌​លើ​ស្បែក ការបំផ្លាញ​ដោយ​កម្តៅថ្ងៃ និង​បន្ថែមសំណើម​ដល់​ស្បែក​ផងដែរ។ ជាតិ​អន្ធិល​កាត់​ចេញពី​ធាង​ប្រទាល​កន្ទុយក្រពើថ្មីៗ យកមក​ត្រដុសថ្នមៗលើ​បរិវេណ​ដែល​កើត​អាចម៍រុយ ហើយ​ទុក​វា​ចោល​កន្លះ​ម៉ោង ចាំ​លាង​សម្អាត​ចេញ។ អនុវត្តតាម​វិធី​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បីឱ្យ​ស្បែក​មុខ​របស់​អ្នកមាន​សុខភាព​ល្អ ស្រស់ថ្លានិង​បំបាត់​បញ្ហា​អាចម៍រុយ​យ៉ាង​មាន​ប្រសិទ្ធភាព។

ក្រៅពី​សារធាតុ​ផ្សំ​ធម្មជាតិ​ដូច​រៀបរាប់​ពី​ខាងលើ លោកអ្នក​ក៏​អាច​សាកល្បង​ជាមួយនឹង​វិធី​មួយចំនួនទៀត​ដូចជា ផ្លែ​ល្ហុង​ទុំ, ត្រសក់, ទឹកដូង​ខ្ចី, ក្រែ​ម​ទឹកដោះគោ, តែ​បៃតង ឬ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ផងដែរ៕

Advertisement