បន្តិចទៀត​ការិយាល័យ​ស្រុក​នឹង​ថយ​ ​តែ​អាច​កើន​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​គ្រប់​ស្រុក​ទាំងអស់​

February 13, 2019​ ម៉ោង 4:12 pm

​ប៉ុន្មាន​ខែមុន​នេះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា​ ​នឹង​កាត់បន្ថយ​ការិយាល័យ​ស្រុក​មួយចំនួន​ដែល​មិន​ចាំបាច់​ដើម្បី​បន្ថយ​ចំណាយ​ ​និង​ទុក​តែ​ការិយាល័យ​ណា​ដែល​មាន​ប្រតិបត្តិ​ការចាំបាច់​ប៉ុណ្ណោះ​ ​ហើយ​ការងារ​មួយចំនួន​ដែល​មិនសូវ​មាន​សកម្មភាព​ ​ត្រូវ​ប្រមូល​ផ្តុំគ្នា​ ​ដោយ​ប្រើ​មនុស្ស​តិចតែ​មានប្រសិទ្ធភាព​ខ្ពស់​។​


​ ​ប៉ុន្មាន​ខែក្រោយ​មក​ ​នៅ​ថ្ងៃនេះ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ​សិក្សា​ដើម្បី​បង្កើត​ឱ្យ​មាន​ច្រកចេញ​ចូល​តែមួយ​នៅ​គ្រប់​ស្រុក​ខណ្ឌ​ទាំងអស់​សម្រាប់​បង្កើន​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​ ​

​សម្តេច​ក្រឡាហោម​ ​បាន​គូសបញ្ជាក់​ថា​ ​ការបង្កើត​ច្រកចេញ​ចូល​តែមួយ​ ​គឺ​ដើម្បី​កាត់បន្ថយ​អំពើពុករលួយ​ ​ជំរុញ​ឱ្យ​មាន​តម្លាភាព​ ​និង​ផ្តល់​សេវា​ឱ្យ​បាន​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​ ​

​សម្តេច​បាន​បន្ថែម​ទៀត​ថា​ ​ច្រកចេញ​ចូល​តែមួយ​នេះ​ ​បាន​រួមចំណែក​ក្នុង​ការ​ប្រមូល​ថវិកា​ចូលជាតិ​បាន​ច្រើន​ផង​ដែរ​ ​ដែល​នេះ​គឺជា​នយោបាយ​មួយ​ត្រឹមត្រូវ​ ​ក្នុង​ការបម្រើ​ប្រជាជន​របស់​រាជរដ្ឋាភិបាល​។​ ​បច្ចុប្បន្ន​នេះ​ ​នៅ​តាម​រាជធានី​-​ខេត្ត​មាន​ច្រកចេញ​ចូល​ទាំងអស់​ ​តែ​ច្រកចេញ​ចូល​នៅ​តាម​ស្រុក​ខណ្ឌ​កន្លងមក​មានត្រឹមតែ​ ​52ប៉ុណ្ណោះ​ ​ហេតុនេះ​ទាមទារ​ឱ្យ​មាននៅ​ទូទាំង​ប្រទេស​ចាប់ពី​ឆ្នាំ2019​ ​ដល់​ឆ្នាំ2023​ ​ខាងមុខ​៕​ ​