វិធីជ្រើសរើសមាន់ល្អ និងវិធីបោចរោមមាន់ឱ្យបានលឿន ងាយស្រួល និងមិនធុំក្លិនឆ្អាប

អ្នកលក់មាន់ និងទាភាគច្រើន តែងប្រើប្រាស់សារធាតុគីមីជួយដើម្បីងាយស្រួលក្នុងការបោចរោមមាន់-ទា និងប្រើពេលខ្លី ពិសេសនៅក្នុងរដូវបុណ្យទាន ប៉ុន្តែ ការធ្វើបែបនេះ វាប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលនឹងជួយធ្វើឱ្យការបោចរោមមាន់-ទារបស់លោកអ្នក មានភាពងាយស្រួល និងរហ័សទាន់ចិត្ត។

1.ការជ្រើសរើសមាន់

មាន់ដែលលោកអ្នកប្រុងនឹងទិញ ត្រូវតែជាមាន់ដែលមានសុខភាពល្អ មានសាច់ហាប់ណែន រហ័សរហួន ពេលចាប់កាន់វាវានឹងរើបម្រះខ្លាំង ភ្នែកវៃ សម្បុរស្បែករបស់វាក្រហមស្រស់ រោមរលោងល្អ គែរបស់វាមិនណែន និងមិនរឹង ទាំងអស់នេះបញ្ជាក់ថា គឺជាមាន់ដែលមានសុខភាពល្អ។

–ពេលសើយស្រទាប់រោមមើល ឃើញស្បែកមាន់មានសភាពស្ដើង អាចមើលឃើញសាច់ និងស្រមោលសរសៃឈាម ហើយពេលយកដៃទៅច្របាច់ ដងខ្លួនមាន់មានសភាពណែន មានឆ្នូតលឿងនៅត្រង់ទ្រូង និងស្លាប នោះគឺជាមាន់ល្អ។

–គូទមាន់ត្រូវតែក្រហមស្រស់ និងមានចលនារស់រវើក មិនសើម ឬជាប់លាមក។

–ដើម្បីដឹងថា មាន់ត្រូវគេចាក់ទឹកបញ្ចូលដែរឬអត់នោះ លោកអ្នកត្រូវមើលទៅលើផ្នែកខាងក្រោមស្លាបរបស់វា បើសិនមានចំណុចក្រហមច្រើន មានស្បែកប៉ោង និងមានដក់ទឹកក្នុងស្បែក ហើយមានជាំខ្មៅ នោះបង្ហាញថា មាន់នោះត្រូវគេចាក់ទឹកចូលដើម្បីឱ្យធ្ងន់ហើយ។

–ពេលឃើញមាន់មានសភាពដូចតទៅនេះ ចូរកុំទិញឱ្យសោះ ៖ សម្បុរស្លេកស្លាំង ជាំ សំកុក ចេញទឹកមាត់ គែឡើងរឹង ភ្នែកមិនវៃ ទម្លាក់ស្លាប មិនរហ័សរហួន ឱនក្បាល រោមបះខុសធម្មតា ស្គមស្គាំង ជើងត្រជាក់ រន្ធគូទសម្បុរស ឬក្រហមជាំ ឬមានជាប់លាមកជុំវិញ។

2.វិធីបោចមាន់

ត្រូវជ្រលក់ក្នុងទឹកមុនពេលបោច បន្ទាប់ពីបានសម្លាប់មាន់រួចហើយ អ្នកត្រូវជ្រលក់វាចូលទៅក្នុងទឹកត្រជាក់ឱ្យសព្វ រួចលើកចេញមកវិញ។ អ្នកអាចយកទឹកខ្មេះ ឬស្រា-ស មកលាបលើស្បែកវារយៈពេល 10នាទីដើម្បីធ្វើឱ្យរន្ធគល់រោមរបស់វារីកធំ។

បន្ទាប់មក ជ្រលក់មាន់ទៅក្នុងទឹកក្ដៅដែលមានសីតុណ្ហភាពប្រមាណជា 70 ទៅ 80អង្សាសេ(ជិតពុះ)។ អ្នកមិនត្រូវជ្រលក់ក្នុងទឹកក្ដៅយូរពេកទេ ព្រោះវានឹងធ្វើឱ្យស្បែកមាន់ផុយរលួយនៅពេលបោច។

ដើម្បីងាយស្រួលក្នុងការបោចរោមមាន់ ដំបូងអ្នកត្រូវប្រើដៃបោចរោមធំៗឱ្យអស់សិន បន្ទាប់មកប្រើប្រើចន្ទាសចាប់បោចរោមខ្លីៗដែលពិបាកបោចដោយដៃផ្ទាល់។

3.វិធីបំបាត់ក្លិនមិនល្អរបស់មាន់

–កាត់កញ្ចូញមាន់ចោល ព្រោះថា វាមិនល្អសម្រាប់សុខភាពមនុស្សទេ និងមានក្លិនអាក្រក់ផង។ យកអំបិលម៉ដ្ឋមកលាប និងត្រដុសឱ្យសព្វស្បែករបស់មាន់ ហើយយកក្រូចឆ្មារមួយចំណិតមកជូតត្រដុសម្ដងទៀត រួចទើបលាងសម្អាត និងទុកឱ្យស្រស់ទឹក មុនពេលចម្អិន។

–អ្នកក៏អាចយកអំបិល និងមើមខ្ញីដែលដំសំប៉ែតហើយ រួចចាក់ស្រា-សចូល យកទៅលាបលើស្បែកមាន់។ វិធីនេះក៏ជួយកាត់ក្លិនឆ្អាបរបស់វាបានដែរ និងថែមទាំងជួយឱ្យសាច់មាន់មានក្លិនឈ្ងុយឆ្ងាញ់ទៀតផង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement