ក្លាយជា​រាស្ត្រ​សាមញ្ញ​ តើ​ព្រះអង្គ​ម្ចាស់​ Harry​ នៃ​ក្សត្រ​អង់គ្លេស​ នឹង​ក្លាយទៅជា​យ៉ាងណា​?

ព្រះអង្គ​ម្ចាស់​ Harry​ នៃ​ចក្រភព​អង់គ្លេស​ ដែល​ទើបតែ​ដក​ព្រះ​កាយ​ចេញពី​ខ្សែ​រាជវង្ស​ជាមួយ​ព្រះជាយា​ ព្រះនាង​ Meghan​ នឹង​លែង​មាន​សិទ្ធិ​ក្នុង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ ទៅតាម​បទបញ្ជា​យោធា​នៃ​ប្រទេស​នេះ​ទៀតហើយ​។

សេចក្ដីប្រកាស​របស់​ព្រះបរមរាជវាំង​ Buckingham​ កាលពី​យប់​ថ្ងៃទី​18​ មករា​ កន្លងទៅ​ បាន​លើកឡើង​យ៉ាង​ច្បាស់​ថា​ តាម​ការព្រមព្រៀង​ដើម្បី​ចាកចេញ​ពី​ព្រះរាជកិច្ច​របស់​ព្រះអង្គ​ម្ចាស់​ និង​មហេសី​របស់​ទ្រង់​ ព្រះអង្គ​ម្ចាស់​ Harry​ នឹង​ត្រូវ​ដកខ្លួន​ចេញពី​តួនាទី​ទាំងឡាយ​ដែល​មាននៅ​ក្នុង​ជួរ​កងទ័ព​អង់គ្លេស​។

ច្បាប់​របស់​កងទ័ព​នៃ​ព្រះរាជាណាចក្រ​អង់គ្លេស​ បាន​កំណត់​ថា​ ទាហាន​ ឬនាយទាហាន​ណា​ ដែល​ចាកចេញ​ពី​ជួរ​កងទ័ព​ នៅតែ​អាច​ពាក់​គ្រឿងឥស្សរិយយស​យោធា​បាន​ ប៉ុន្តែ​មិន​មាន​សិទ្ធិ​ក្នុង​ការប្រើ​ប្រាស់​ឯកសណ្ឋាន​យោធា​ទៀត​ឡើយ​។

ព្រះអង្គ​ម្ចាស់​ Harry​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​របស់​កងទ័ព​អង់គ្លេស​កាលពី​ឆ្នាំ​2006​ និង​បាន​ចាកចេញ​វិញ​ក្នុង​ឆ្នាំ​2015​។ ក្នុង​អំឡុង​នៅជា​ទាហាន​ ព្រះអង្គ​ម្ចាស់​ក៏​ជា​មេបញ្ជាការ​មួយ​រូប​ផង​ដែរ​។ ព្រះ​ម្ចាស់​រូប​នេះ​ ធ្លាប់​ទទួល​បានការ​ប្រទាន​គោរមងារ​ជា​មេបញ្ជាការ​យោធា​កំពូល​បំផុត​ នោះ​គឺ​ “មេបញ្ជាការ​កិត្តិយស​ជាន់ខ្ពស់​នៃ​កង​ម៉ារីន​នៃ​ចក្រភព​អង់គ្លេស​” ក្នុង​ខែធ្នូ​ ឆ្នាំ​2017​ រួម​នឹង​គោរម​ងារ​ផ្សេង​ៗជាច្រើន​ទៀត​។ ក្រៅពី​នេះ​ ព្រះអង្គ​ម្ចាស់​ក៏​ជា​មេបញ្ជាការ​កិត្តិយស​នៃ​កង​យន្តហោះ​ក្នុង​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស​ និង​ជា​មេបញ្ជាការ​កិត្តិយស​ជាន់ខ្ពស់​នៃ​កងកម្លាំង​នាវាចម្បាំង​ខ្នាត​តូច​ និង​ក្រុម​មុជទឹក​របស់​កងទ័ពជើងទឹក​នៃ​ព្រះរាជាណាចក្រ​អង់គ្លេស​ផង​ដែរ​។

ព្រះអង្គ​ម្ចាស់​ Harry​ នឹង​លែង​មាន​សិទ្ធិ​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​ក្នុង​ព្រឹត្តិ​កា​រណ៍​ធំៗ​ ដូចជា​ Trooping​ the​ Color​ (ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​កងទ័ពជើងគោក​អង់គ្លេស​) និង​ Remembrance​ Sunday​ (ទិវា​រំឭក​ដល់​ស្នាដៃ​ និង​ការចូលរួម​របស់​យុទ្ធនា​រី​ នៃ​កងទ័ព​អង់គ្លេស​ក្នុង​សង្គ្រាមលោក​ និង​សង្គ្រាម​នានា​បន្ទាប់មក​ទៀត​)។

អតីត​នាយទាហាន​ម្នាក់​នៃ​កងទ័ពជើងទឹក​អង់គ្លេស​ បាន​ថ្លែង​ថា​ ៖ “លើកក្រោយ​ ពេល​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិ​ការណ៍​យោធា​ណាមួយ​ ទ្រង់​នឹង​ស្លៀកពាក់​ដូច​ប្រជារាស្ត្រ​សាមញ្ញ​ ព្រោះ​ទ្រង់​បាន​លាឈប់​ពីមុខ​តំណែង​ទាំងអស់​ក្នុង​ជួរ​កងទ័ព​។ ពិតជា​គួរ​ឱ្យ​សោកស្ដាយ​ណាស់​ ពេល​បាត់បង់​ទ្រង់​”។

គួរ​រំឭក​ថា​ កាលពី​ថ្ងៃទី​8 មករា​កន្លងទៅ​ ព្រះអង្គ​ម្ចាស់​ Harry​ បាន​ប្រកាស​ថា​ នឹង​ដកខ្លួន​ចេញពី​តួនាទី​ជាន់ខ្ពស់​ក្នុង​ខ្សែ​រាជវង្ស​ ដើម្បី​កសាង​ជីវភាព​ឱ្យ​បាន​ឯករាជ្យ​ជាង​មុន​ និង​អាច​មាន​ពេល​ច្រើន​ដើម្បី​ធ្វើដំណើរ​ទៅមក​រវាង​ទឹកដី​អង់គ្លេស​ និង​អាមេរិក​ខាងជើង​។ ម្ចាស់​ក្សត្រី​ Elizabeth​ II​ ទ្រង់​បាន​យល់ព្រម​តាម​សំណើ​នេះ​។

ព្រះអង្គ​ម្ចាស់​ Harry​ បច្ចុប្បន្ន​មាន​ព្រះជន្ម​ 35​វស្សា​ និង​បាន​រៀបអភិសេក​ជាមួយ​អតីត​តួឯកកុន​ កញ្ញា​ Meghan​ កាលពី​ឆ្នាំ​2018​ និង​មាន​រាជបុត្រា​មួយ​ព្រះអង្គ​ព្រះនាម​ Archie​។ គ្រួសារ​នេះ​ ធ្លាប់​បានឱ្យ​ដឹង​អំពី​ផលវិបាក​ក្នុង​ជីវភាព​ជាស​មា​ជិ​ករាជវង្ស​ ពិសេស​គឺ​ការ​តាម​ប្រមាញ់​របស់​ក្រុម​អ្នកសារព័ត៌មាន​។ ព្រះអង្គ​ម្ចាស់​ Harry​ ធ្លាប់​មាន​បន្ទូល​ថា​ ទ្រង់​ព្រួយបារម្ភ​ខ្លាច​ព្រះជាយា​របស់​ព្រះអង្គ​ គឺ​ម្ចាស់​ក្សត្រី​ Meghan​ នឹង​ក្លាយជា​ជនរងគ្រោះ​នៃ​ “អ្នកមាន​អំណាច​” ដែល​ធ្លាប់​នាំ​ឱ្យ​មាតា​ (ម្ចាស់​ក្សត្រី​ Diana​) របស់​ទ្រង់​បាត់បង់​ព្រះជន្ម​កាលពី​អតីតកាល​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement