យុវជន​កំពុង​ចាប់អារម្មណ៍​លើ​ការកសាង​សុភមង្គល​គ្រួសារ

វេទិកាធំៗនានា​ដែល​បង្កើតឡើង​ដោយ​យុវជន​ភាគច្រើន​ជា​វេទិកា​ដែល​បង្ហាញ​ពី​ការអប់រំ ពី​ជីវិត​ជា​និស្សិត ពី​គន្លឹះ​ជោគជ័យ​លើ​អាហារូបករណ៍ និង​ការសិក្សា​ជាដើម តែ​នៅពេលនេះ​យុវជន​បានចាប់ផ្តើម​បោះជំហាន​ថ្មី​មួយ​ផ្សេងទៀត​ដែល​ចូល​កាន់តែ​ជ្រៅ​ក្នុង​ជីវិត​មនុស្ស គឺ​វេទិកា​ស្តីពី​ការកសាង​សុភមង្គល​ក្នុង​គ្រួសារ។

លោក ពេជ្រ ពិសាល អ្នកគ្រប់គ្រង​កម្មវិធី «អាថ៌កំបាំង កសាង​គ្រួសារ ដ៏​មាន​សុភមង្គល» បាន​លើកឡើងថា ការបង្កើត​សិក្ខាសាលា​ស្តីពី​សុភមង្គល​គ្រួសារ គឺ​ក្នុង​គោលបំណង​បង្ហាញ​ដល់​យុវជន និង​ប្រជាជន​ទូទៅ​នៅ​កម្ពុជា​ឱ្យបាន​យល់ដឹង​ពី​ភាពចាស់ទុំ​ក្នុងការ​រស់នៅ ក៏ដូចជា​ត្រៀមខ្លួន​ក្លាយជា​មនុស្ស​ដែល​ពោរពេញ​ទៅដោយ​ភាពជោគជ័យ​ពិតប្រាកដ ទាំង​ការសិក្សា ការងារ និង​សុភមង្គល​គ្រួសារ។

ជាធម្មតា​ទេ​គ្មាន​មនុ​ស្សណា​ម្នាក់​គេចផុត​ពី​ជីវិត​នៃ​ការកសាង​គ្រួសារ​នោះទេ ហេតុនេះ​ការរៀបចំ​ខ្លួន​ឱ្យ​ហើយ​សម្រាប់​កសាង​គ្រួសារ​ជា​រឿង​សំខាន់​សម្រាប់​យុវជន​កម្ពុជា។ ហេតុនេះហើយ​ទើប​សិក្ខាសាលា​នេះ​មាន​អញ្ជើញ​បុគ្គល​ដែល​ពោរពេញ​ទៅដោយ​បទពិសោធ​ជិវិត​ទាំង​ក្នុង​គ្រួសារ និង​ក្នុងសង្គម ដើម្បី​ចែករំលែក​មេរៀន​ជីវិតល្អៗទាំងអស់នោះ​ទៅកាន់​សាធារណជន​បាន​ស្វែងយល់។

វាគ្មិន​ដែល​នឹងធ្វើ​បទ​បង្ហាញ​នៅក្នុង​សិក្ខាសាលា​ស្តីពី​អាថ៌កំបាំង កសាង​គ្រួសារ ដ៏​មាន​សុភមង្គល រួមមាន លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន Campaint Cambodia លោក កែវ ឡង់ឌី នាយក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន Baby Outlet Cambodia និង​លោក រិ​ន រ៉ាវុធ មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ជាន់ខ្ពស់​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវជន​នីតិសម្បទា ដែល​នឹង​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ៕

Advertisement