“ញ៉ាំ​ថ្នាំ​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” ធ្វើ​បែប​ហ្នឹង​បានដែរ​ឬទេ?

បច្ចុប្បន្ននេះ​ធាតុអាកាស​មិន​ទៀងទាត់ ខែ​ភ្លៀង​បែរជា​ក្ដៅ​ហួតហែង ខែប្រាំង​បែរជា​មាន​ភ្លៀង​ធ្លាក់​ខុសពី​ធម្មតា ធ្វើឱ្យ​មនុស្ស​យើង​ងាយ​នឹង​កើត​ជំងឺ​បំផុត។ សម្រាប់​អ្នកខ្លះ​នៅពេល​មាន​អារម្មណ៍​ថា ខ្លួន​ហាក់ដូចជា​រកកល​ចង់​ឈឺ​ហើយ​នោះ ក៏​ប្រញាប់​ស្ទុះ​ទៅ​រក​​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង ព្រោះតែ​ជឿថា “ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ” តើ​រឿងនេះ​មាន​ភាព​ពិតប្រាកដ និង​អាច​ធ្វើបាន​ដែរឬ​ទេ? យើង​នាំគ្នា​ទៅ​មើល​ចម្លើយ​ទាំងអស់គ្នា…។

“ញ៉ាំ​ថ្នាំ​ស្ទាក់​មុន​ឱ្យ​ហើយ ខ្លាច​ឈឺ”
ជំនឿ​ក្នុង​រឿងនេះ “មិនមែនជា​រឿង​ពិត” នោះទេ ការ​លេបថ្នាំ​ព្យាបាល​ទុកជាមុន​ក្រោយពី​មាន​អារម្មណ៍​ថា ខ្លួន​រកកល​ឈឺ ឬ​ក្រោយពី​ទទឹកភ្លៀង ឬ​ត្រូវ​ថ្ងៃ​ខ្លាំង​រយៈពេល​យូរ​ដែល​ធ្វើឱ្យ​ប្រថុយប្រថាន​ដល់​ការកើត​ជំងឺ​គ្រុនផ្ដាសាយ ឬ​មិន​ស្រួលខ្លួន​នោះ មិនបាន​ជួយ​ការពារ​រោគា​ទាំងនោះ​មិនឱ្យ​កើត​បានទេ ព្រោះថ្នាំ​ទាំងនោះ​មិនមែនមាន​ឫទ្ធិ​ក្នុងការ “ការពារ” ទេ តែមាន​ឫទ្ធិ​ក្នុងការ “ព្យាបាល” ទៅតាម​អាការរោគ ដូច្នេះ​គួរ​លេបថ្នាំ​ទាំងនោះ​នៅពេលណា​ដែលមាន​អាការ ឬ​ឈឺ​ថ្កាត់​ប៉ុណ្ណោះ។

ដូចជា​ថ្នាំ ប៉ា​រ៉ា​សេ​តា​ម៉ុ​ល មិន​មែនមាន​ឫទ្ធិ​បំបាត់រោគ​ផ្ដាសាយ​ដោយ​ត្រង់​នោះទេ តែមាន​ឫទ្ធិ​សម្រាល​អាការ​ឈឺក្បាល ឈឺ​ចុកចាប់​តាម​រាងកាយ បញ្ចុះ​កម្ដៅ ចំណែក​ថ្នាំ​ព្យាបាល​រោគ​ផ្ដាសាយ​ជាបន្ទះៗវិញ​នោះ ក៏​ជា​ថ្នាំ​ដែលមាន​ចំណែក​ផ្សំ​របស់​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល បូក​ជាមួយ​ថ្នាំ​បន្ថយ​ការ​ហៀរ​សំបោរ ឬ​ថ្នាំ​ព្យាបាល​ប្រតិកម្ម​ចាញ់ផ្សេងៗ ដែល​នឹង​បញ្ចេញ​ឫទ្ធិ​ដើម្បី​សម្រាល​អាការ​ឈឺក្បាល បញ្ចុះ​​កម្ដៅ តឹង​ច្រមុះ និងហៀរ​សំបោរ​ហ្នឹងឯង។

ដូច្នេះ​បើសិន​ញ៉ាំ​ថ្នាំ​ទាំងនោះ​ចូលទៅ​ដោយ​មិន​មាន​អាការ​ទាំងនោះ ហើយ​ថែមទាំង​ទទួលទាន​បែប​ហ្នឹង​ញឹកញាប់​ទៀតផង​នោះ ច្បាស់​ជាមាន​គ្រោះថ្នាក់​ដល់​រាងកាយ​យ៉ាងពិត​ប្រាកដព្រោះ​ការ​ញ៉ាំ​ថ្នាំ​ផ្ដេសផ្ដាស់ ដោយ​មិនបាន​ញ៉ាំ​តាម​អា​ការដែល​កើតឡើង​ពិតប្រាកដ​នោះ មានន័យថា លោកអ្នក​កំពុង​បានទទួល​ថ្នាំ​លើស​កម្រិត​ហើយ ដែល​វា​នឹងមាន​ផលប៉ះពាល់​ទៅដល់​ថ្លើម​ដែល​ត្រូវតែ​ធ្វើ​ការ​កាន់តែខ្លាំង​ឡើង និង​ប្រថុយ​នឹង​ការ​កើតរោគ​រលាក​ថ្លើម​នាពេល​អនាគត​ទៀតផង។

តែ​បើសិនជា​លោកអ្នក​ប្រាប់ថា លោកអ្នក​មិនបាន​ទទួលទាន​ថ្នាំ​ទាំងនោះ​ញឹកញាប់​ដល់​ថ្នាក់​នោះទេ វា​ក៏​ប្រហែលជា​នឹងមិន​កើតរោគ​រលាក​ថ្លើម​នោះដែរ តែ​ក៏​សូមកុំ​ភ្លេច​ចំណុច​ដំបូង​ដែល​យើង​បាន​ប្រាប់ថា ការដែល​ញ៉ាំ​ថ្នាំ​ទាំងនោះ​ ដើម្បី​ស្ទាក់​មិនឱ្យ​កើត​ជំងឺ​មិន​អាចជួយ​ការពារ​បាន​នោះទេ ដូច្នេះ​គួរតែបញ្ឈប់​ទង្វើ​បែប​ហ្នឹង​ទៅ​ប្រសើរ​ជាង៕

Advertisement