ម៉ាស​បិទមុខ​ធម្មជាតិ ល្អ​សម្រាប់​អ្នក ​រវល់​ការងារ​ច្រើន

ផ្ទៃមុខ​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប ពីព្រោះ​វា​ជា​ផ្នែក​មួយ​ដែល​ទាក់ទាញ​ជាងគេ​នៅក្នុង​ក្រសែភ្នែក​អ្នក​នៅ​ជុំវិញខ្លួន។ ការព្រួយបារម្ភ​ពី​រឿង​សម្រស់​អស់អ្នក​ត្រូវបាន​ទស្សនាវដ្ដី ឡា​រ៉ែ​ន យកចិត្តទុកដាក់​ជានិច្ច ពិតប្រាកដ​ណាស់ ចំពោះ​ការថែរក្សា​ផ្ទៃមុខ​ឱ្យ​ស្រស់ស្អាត វា​មិន​ពិបាក​នោះទេ ដោយ​គ្រាន់​តែមាន​ផលិតផល​ធម្មជាតិ​មួយចំនួន​យកមក​បិទ​លើ​ផ្ទៃមុខ​របស់​អ្នក នោះ​អ្នកនឹង​អាច​ទទួលបាន​នូវ​ផ្ទៃមុខ​ដ៏​ស្រស់ស្អាត​ដូច​បំណង​ជាមិនខាន។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ណែនាំ​អំពី​ម៉ាស​បិទមុខ​បែប​ធម្មជាតិ​មួយចំនួន ដែល​ងាយស្រួល​ធ្វើ និងនៅក្បែរៗខ្លួន​អ្នក​បំផុត តោះ!! កុំ​រង់ចាំ​យូរ​មក​ជ្រាប និង​យល់ដឹង​ទាំងអស់គ្នា ដើម្បី​សម្រស់​ផ្ទៃមុខ​របស់​អ្នក៖

1. ស្ត្រ​ប​ប៊ឺ​រី : ចំពោះ​ស្ត្រ​ប​ប៊ឺ​រី មាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​សាលី​សា​ឡិច ដែល​អាច​កម្ចាត់​មុន​បាន​យ៉ាង​ល្អ។ ដូច្នេះ​ស្ត្រ​ប​ប៊ឺ​រី ក៏​ជា​ម៉ាស​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​ផ្ទៃមុខ​របស់​អ្នក​ផងដែរ។

វិធី​ប្រើ៖ ដោយ​គ្រាន់តែ​កិន​ស្ត្រ​ប​ប៊ឺ​រី​ឱ្យ​ម៉ដ្ឋ រួច​យកមក​លាប​លើ​ផ្ទៃមុខ ហើយ​ទុកចោល​ប្រមាណ1នាទី រួច​លាង​ជាមួយ​ទឹក​ក្កៅឧណ្ហៗ នោះ​អ្នកនឹង​ទទួលបាន​នូវ​ផ្ទៃមុខ​ដ៏​ស្រស់ស្អាត​ជាក់​ជាមិនខាន​ឡើយ។

2. ខ្ទិះដូង : អ្នក​តែងតែ​យក​ខ្ទិះដូង​ទៅ​លាយ​ធ្វើជា​អាហារផ្សេងៗ ចុះ​តើ​អ្នកដឹង​ទេ​ថា វា​ក៏មាន​ប្រយោជន៍​ចំពោះ​ស្បែក​មុខ​របស់​អ្នក​ដែរ? វា​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ទន់​ម៉ដ្ឋ​រលោង និង​ស្រស់ថ្លា​បាន។ ទោះបីជា​ដូង​មាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​ធាត់​ច្រើន​បន្ដិច​ក៏ដោយ ក៏​មិនអាច​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ឡើង​ជាតិ​ខ្លាញ់​នោះដែរ។

3. ផ្លែ​អា​វូ​កាដូ ឬផ្លែ​ប៊័រ : ចំពោះ​ផ្លែ​អា​វូ​កាដូ អ្នក​អាចយ​កវា​មក​ធ្វើជា​ម៉ាសបិទមុខ​បាន​ផងដែរ ពីព្រោះ​វា​ជួយផ្តល់​នូវ​សំណើម​ដល់​ស្បែក​មុខ​របស់​អ្នក​បាន​យ៉ាង​ល្អប្រសើរ។

វិធី​ប្រើ ៖ អ្នក​ឆ្កឹះ​យកតែ​សាច់​ខាងក្នុង​របស់អា​វូ​កាដូ​មក​បិទ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​ទុកចោល​ប្រមាណ1នាទី រួច​លាង​ទឹក​ចេញ​ឱ្យ​ស្អាត ដោយ​មិនចាំបាច់​ប្រើប្រាស់​ហ្វូ​ន​លាងមុខ​នោះទេ។

4. ស៊ុត​លឿង : ប្រហែលជា​អ្នក​ធ្លាប់​ដឹង​រួចមក​ហើយពី​អត្ថប្រយោជន៍​របស់​ស៊ុត។ ចុះ​តើ​អ្នកដឹង​ទេ​ថា ស៊ុត​លឿង​ក៏​អាច​កាត់បន្ថយ​មុខ​មាន​ជាតិ​ខ្លាញ់​បានដែរ ហើយ​អាច​កម្ចាត់​បាក់តេរី​លើ​មុខ​បាន​ទៀត។ សាកល្បង​យក​ស៊ុត​ពណ៌​លឿង​មក​ធ្វើជា​ម៉ាស​បិទមុខ នោះ​អ្នកនឹង​បានដឹង​ពី​អនុភាព​នៃ​ការ​បន្តឹង​ស្បែក​មុខ​បាន​យ៉ាង​ប្រសើរ​។

5. ស្ករ : ចំពោះ​ស្ករ​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ទន់​ម៉ដ្ឋ និង​ស្រស់ថ្លា​បាន។ ប៉ុន្តែ​មិនមែន​អ្នកយក​ស្ករ​ទាំងស្រុង​ទៅ​លាប​លើ​ផ្ទៃមុខ​នោះទេ គឺ​ត្រូវ​បន្ថែម​ប្រេង​អូ​លីវ​លាយ​ជាមួយ​ផង។

វិធី​ប្រើ ៖ អ្នក​ត្រូវ​កូរ​ឱ្យ​សព្វ រវាង​ប្រេង​អូ​លីវ និង​ស្ករ រួច​លាប​លើ​ផ្ទៃមុខ នោះ​អ្នកនឹង​ទទួលបាន​នូវ​ស្បែក​មុខ​ស​ស្រស់ថ្លា​ជាមិនខាន។ ម្យ៉ាងទៀត អ្នក​ក៏​អាច​ប្រើ​ស្ករ​ជាមួយ​ស៊ុត​លឿង​បានដែរ។

6. ល្ហុង : ល្ហុង​ជា​ផ្លែឈើ​ធម្មជាតិ​មួយ​ដែលមាន​រសជាតិ​ឆ្ងាញ់ មិនតែប៉ុណ្ណោះវា​អាចជួយ​ដល់​ស្បែក​មុខ​របស់​អ្នក​បាន​ទៀតផង។

វិធី​ប្រើ ៖ អ្នក​គ្រាន់តែ​យក​សាច់​ផ្លែ​ល្ហុង​មក​លាប​លើ​មុខ​របស់​អ្នក​ឱ្យ​សព្វ រួច​ទុកចោល​មួយសន្ទុះ នោះ​អ្នកនឹង​ទទួលបាន​នូវ​ផ្ទៃមុខ​ស​ភ្លឺរលោងនិង​ជួយ​កម្ចាត់​កោសិកាចាស់ៗចេញពី​ផ្ទៃមុខ​របស់​អ្នក​បាន​ទៀតផង។

7. ផ្លែ​ប៉ោម​កិន : ចំពោះ​ផ្លែ​ប៉ោម​កិន មិន​សម្រាប់តែ​កុមារ​បរិភោគ​នោះទេ សូម្បីតែ​អ្នក​ក៏​អាច​ប្រើប្រាស់​វា​យកមក​ធ្វើជា​ម៉ាស​បិទមុខ​បានដែរ ពីព្រោះ​ផ្លែ​ប៉ោម​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ក្មេង​ជាង​វ័យ​បាន។

វិធី​ប្រើ ៖ អ្នក​ត្រូវយក​ផ្លែ​ប៉ោម​កិន​នោះមក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក រួច​ទុកចោល​ប្រមាណ1នាទី សឹម​លាង​ទឹកចេញ​ជាការ​ស្រេច។ ទាំងនេះជា​ម៉ាស​បិទមុខ​ជាមួយ​ផលិតផលធម្មជាតិ ដែល​អាចធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ស្រស់ស្អាត​បាន ដោយ​មិនចាំបាច់ចំណាយ​លុយ​ច្រើនដើម្បី​ទិញ​ផលិតផលថ្លៃៗនោះទេ។ ដូច្នេះ​សូម​សាកល្បង​ទាំងអស់គ្នា​ណា៎៕

Advertisement