ជឿទេថា ខ្ទិះដូងមានគុណសម្បត្តិជួយសម្រកខ្លាញ់ក្បាលពេាះ?

អ្នក​ប្រហែលជា​បាន​ជ្រាប​ពី​ចំណេះដឹង​នានា ដែល​បាន​ស៊ែរ​បន្ដ​គ្នា​ថា “ទទួលទាន​ទឹកខ្ទិះ​ដូង​ផ្សំ​លាយ​ជាមួយ​ទឹកដូង ជួយ​កម្ចាត់​ខ្លាញ់​តាម​សរសៃឈាម” តែ​គួរឱ្យ​ជឿជាក់​បាន​កម្រិតណា​នោះ សូម​តាមដាន​ទាំងអស់គ្នា​វិញ​ល្អ​ជាង។ ជាមួយគ្នានេះដែរ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ជម្រាបជូន​នូវ​អត្ថបទ​ពិសេស​មួយ ដែល​លោកអ្នក​មិន​ធ្លាប់បាន​អាន​ពីមុនមក​ឡើយ។ តោះ!! សូម​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​មក​ជ្រាប និង​ពិចារណា​ទាំងអស់​គ្នាអំពី​ការទទួល​ទាន ខ្ទិះដូង​លាយជាមួយ​ទឹកដូង​ក្នុងការ​សម្រក​ជាតិ​ខា្ល​ញ់​ក្នុង​សរសៃរ​ឈាម ក៏ដូចជា​សម្រក​ខ្លាញ់​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​ដូចខាងក្រោម​នេះ។

ដំបូង​សូមអ្នក​ពិចារណា​ចំពោះ​ថាមពល​ដែលមាន​នៅក្នុង​ខ្ទិះដូង 1កំប៉ុង​ចំណុះ250មី-​លី​លីត្រ វា​មានថាមពល360កាឡូរី និង​ផ្លែ​ដូង​មួយ​ផ្លែ ដែលមាន​ចំណុះ​ទឹក350មី​លី​លីត្រ មាន​ថាមពល​ដល់​ទៅ80កាឡូរី។ ប្រសិនបើ​អ្នកធ្វើការ​ផ្សំ​ប​ញ្ជូ​ល​គ្នា​រវាង​ធាតុ​ផ្សំ​ទាំងពីរ​ខាងលើនេះ​រួម​តែមួយ ដូច្នេះ​ថាមពល​សរុប​គឺ 440កាឡូរី ដែល​អាច​ចាត់ទុកថា​ស្មើរ​នឹង​ថាមពល​ដែល​អ្នក​បាន​ពី​ការ​ទទួលទាន​បាយ​សាច់មាន់1ចាន​ដូចគ្នា។

ដូច្នេះហើយ​ការទទួល​ទាន​ទឹកខ្ទិះ​ដូង​លាយ​ជាមួយ​ទឹកដូង ហើយ​បូកផ្សំ​ជាមួយ​អាហារផ្សេងៗទៀត​នោះ ថាមពល​អាហារ​ដែល​អ្នកទទួលបាន​សរុប​ក៏​កាន់តែ​ច្រើនឡើង​ទៅតាម​នោះដែរ។ ក្នុងករណី​ដែល​អ្នក​គិតថា ទទួលទាន​ទឹកខ្ទិះ​ដូង​លាយ​ជាមួយ​ទឹកដូង​ដោយ​មិន​ទទួលទាន​អាហារ​ផ្សេងទៀត ពោលគឺ រាងកាយ​របស់​អ្នក​នឹងខ្វះ​សារធាតុចិញ្ចឹម​ពី​អាហារ​ដទៃទៀត។ បើទោះបី​មានការ​បកស្រាយ​មួយ​និយាយថា ខ្ទិះដូង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រេង (Medium-chain Triglycerides) ដែលមាន​មូ​៉​លេ​គុល​ប្រេង​តូច​ជាង​មូ​៉​លេ​គុល​ប្រេង​ដទៃទៀត​ក៏ដោយ ក៏​ថាមពល និង​ជាតិ​ប្រូ​តេ​អី​ុ​ន​ដែលមាន​នៅក្នុង​ខ្ទិះដូង មាន​មិនតិចជាង​អាហារ​ជាតិ​ខ្លាញ់​ជាច្រើន​ទៀត ដែល​ងាយ​ធ្វើឱ្យ​អ្នក​ឡើង​គីឡូ​បាន​ផងដែរ។

ជា​ចុងក្រោយ​ការទទួល​ទាន​ទឹក​ខ្ទិះដូង​លាយ​ជាមួយ​ទឹកដូង ដើម្បី​ជួយ​សម្រក​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ ដូចដែល​គេ​បាន​លើកឡើងថា យកជាតិ​ខ្លាញ់​កម្ចាត់​ជាតិ​ខ្លាញ់ ដូច​ពិស​បន្សាបពិស​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ។ នៅក្នុង​ការអនុវត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​សម្រក​គីឡូ និង​ខ្លាញ់​នៅក្នុង​រាងកាយ អ្នក​គួរតែ​យកចិត្តទុកដាក់​ក្នុងការ​ចាត់ចែង​របប​អាហារ ហើយ​ជាពិសេស​គឺ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​វិញ​ទើប​ល្អប្រសើរ ព្រោះថាការហាត់​ប្រាណ​ជា​វិធី​ដុត​កំលោច​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត៕

Advertisement