9ចំណុចគួរ​យល់ដឹង​មុនពេល​គេង ដើម្បី​សោភ័ណភាព​ស្បែក

ការធ្វើឱ្យ​សម្រស់​ស្រស់ស្អាត​ផូរផង់ គឺមាន​វិធី​ច្រើនបែប​ច្រើនយ៉ាង​ណាស់ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​មិត្ត​នារី​គួរ​យល់ដឹង​បន្ថែមដើម្បីឱ្យ​សម្រស់​កាន់តែ​ស្រស់ស្អាត​ថ្វេ​ដង។ ចំណុច​ដែល​អ្នក​គួរកត់សម្គាល់​មានដូចជា ៖

1. ការ​ម៉ាស្សា​នៅលើ​ផ្ទៃមុខ​មុនពេល​ចូល​គេង: វិធី​នេះ​នឹង​ជួយ​ធ្វើឱ្យ​អ្នក​ទទួលទានដំណេក​បាន​លក់​ស្រួល និង​មាន​អារម្មណ៍​ស្រស់ស្រាយ​ពេល​ភ្ញាក់​ពី​ដំណេក​នាពេល​ព្រឹក។ អ្នក​ត្រូវយក​ចុង​ម្រាមដៃ​នាង​របស់​អ្នក​ម៉ាស្សា​ជា​រង្វង់តូចៗ ច​ម្លោះ​ចិញ្ចើម ចង្អូរ​ច្រមុះ ចង្កា និង​រង្វះមាត់។ បន្ទាប់មក​ត្រូវ​លាងមុខ​ដោយ​ទឹក​ក្តៅឧណ្ហៗ ហើយ​ជូត​មុខ​ឱ្យ​ស្ងួតថ្នមៗជាមួយនឹង​កន្សែង​ដែលមាន​រោមទន់ៗជាការ​ស្រេច។

2. ការប្រើប្រាស់​ផលិតផល​ជំនួយ​ស្បែក​នៅពេល​យប់: វា​មិន​គ្រាន់តែ​ជួយ​ដល់​ស្បែក​ដែល​ទទួលរង​នូវ​ការប៉ះពាល់​ពេញ​មួយថ្ងៃ​នោះទេ ប៉ុន្តែ​ជាតិ​ក្រែ​ម​នឹង​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក និង​ផ្តល់​សំណើម ជួយ​បំប៉ន​ស្បែក ធ្វើឱ្យ​ស្បែក​មុខ​របស់​អ្នកមាន​ភាព​ទន់ល្មើយ​គួរឱ្យ​ចង់​ស្ទាបអង្អែល។ ការជ្រើសរើស​ប្រភេទ Night Cream ដែល​ត្រូវ​នឹង​ស្បែ​កមុខ នោះ​គឺ​គួរ​ជ្រើសរើស​ប្រភេទ Night Cream ឱ្យ​ត្រូវ​ជាមួយនឹង​សភាព​ស្បែក​របស់​អ្នក និង​គួរប្រើ​កម្លាំង​ដៃថ្នមៗ លាបស្រាលៗ និង​គួរប្រើ​ក្រែ​ម​បែប​ស្តើង មិនគួរ​ប្រើ​ក្រែ​ម​ច្រើនពេក​នោះទេ ព្រោះ​វា​មិនមាន​ប្រយោជន៍​នោះទេ នាំ​តែ​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ឡើង​ខ្លាញ់​រងើម​នៅពេល​ព្រឹក​ប៉ុណ្ណោះ។

3. មិនគួរ​លាបម្សៅ​ផាត់​នៅមុន​ពេល​ចូល​គេង: ការ​លាបម្សៅ​ផាត់មុខ​មុន​ចូល​គេង វា​អាច​បង្ក​ឱ្យ​កើតការ​ស្ទះ​រន្ធ​ញើស​លើ​ផ្ទៃមុខ ហើយ​បើឡើង​រលោង គួរតែ​កែប​ញ្ហា​នេះ ដោយ​ការប្រើ​ក្រដាស​ជូត​ផ្តិត​យក​ជិត​ខ្លាញ់​ចេញ​ទើប​ល្អ។ យ៉ាងណាមិញ អ្នក​ត្រូវ​ចងចាំ​ថា មិនត្រូវ​ទុក​ផ្ទៃមុខ​ដែលមាន​ម្សៅ​ផាត់ ឬ Makeup ហើយ​ចូល​គេង​នោះទេ ត្រូវ​លាងមុខ​ជាមុនសិន​ទើប​ជាការ​ប្រសើរ។

4. ទម្លាប់​គេង​ផ្ងារ​ជា​ទម្លាប់​ល្អ​ចំពោះ​ស្បែ​កមុខ: នេះ​គឺជា​គន្លឹះ​អាថ៌កំបាំង​មួយ​ដែល​ធ្វើឱ្យ​ស្បែក​មុខ​មើលទៅ​ក្មេង​ជាង​វ័យ​របស់​ជនជាតិ​ចិន ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ទម្លាប់ ហើយ​ចូលចិត្ត​គេង​ផ្អៀង អ្នក​ត្រូវ​ប្តូរ​ស្រោមខ្នើយ​ពី​ស្រោមខ្នើយ​ដែល​ប្រើ​ក្រណាត់​ធម្មតា​មកជា​ក្រណាត់​សូត្រ ឬ​ក្រណាត់​សា​ទីន​វិញ ព្រោះ​វា​មានភាព​រអិល ហើយ​ភាព​រលោង និង​រអិល​នៃ​សាច់​ក្រណាត់​សូត្រ​នេះ​នឹងមិន​ធ្វើឱ្យ​កើត​ស្នាម​នៅលើ​ផ្ទៃមុខ​របស់​អ្នក ដែលជា​ហេតុបង្ក​ឱ្យ​កើត​ស្នាក​ស្នាម និង​ជ្រួញ​នៅលើ​ផ្ទៃមុខ​ថែម​ទៀតផង។

5. កន្លែង​គេង​មាន​អនាម័យ: នៅក្នុង​កន្លែង​គេង​របស់​អ្នក អ្នក​គួរ​សម្អាត​ឱ្យ​ស្អាត និង​មាន​អនាម័យ​ល្អ ប្រសិនបើ​អ្នក​មិនបាន​ធ្វើការ​សម្អាត​ឱ្យបាន​ញឹកញាប់​ទេនោះ ស្បែក​របស់​អ្នកនឹង​ប៉ះ​ជាមួយនឹង​វត្ថុ​កខ្វក់​ទាំងនោះ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ស្បែក​មុខ​របស់​អ្នក​ដូចជា ធ្វើឱ្យ​ស្បែ​កមុខ​ចុះខ្សោយ ឆាប់​ប្រតិកម្ម និង​កើតមុន​ជាដើម។ ដូច្នេះ​អ្នក​គួរ​មាន​អនាម័យ​ជាប់​ជានិច្ច ដោយ​ធ្វើការ​សម្អាត​បន្ទប់​គេង​របស់​អ្នក​ឱ្យបាន​ស្អាត មិនឱ្យ​មាន​ធូលី​ដី និង​គួរ​បើក​បង្អួត​ឱ្យ​ខ្យល់​ចេញចូល​នៅក្នុង​បន្ទប់​គេង​គ្រប់គ្រាន់ ដើម្បីឱ្យ​បរិយាកាស​នៅក្នុង​បន្ទប់​គេង​មាន​សភាព​ស្រស់ស្រាយ​គួរឱ្យ​ចង់​គេង​សម្រាក។

6. ការប្រើ​ម៉ាស​ក្លាស្សេត្រជាក់ៗបិទ​ភ្នែក: អ្នក​អាច​ប្រើ​ម៉ា​សបិទ​ភ្នែក ដែលមាន​លក់​នៅលើ​ទីផ្សារ ដោយ​គ្រាន់តែ​យក​ម៉ាស​ទាំងនោះ​ទៅ​ក្លាស្សេ​នៅក្នុង​ទូទឹកកក រួច​យកមក​បិទ​ផ្អាប់​ទុក​នៅលើ​ត្របកភ្នែក​របស់​អ្នក​រយៈពេល15នាទី ឬ​លើស​នេះ​បន្តិចបន្តួច​ក៏បាន។ ប្រសិនបើ​អ្នក​មិនមាន​ម៉ាស​ទេនោះ អ្នក​ក៏​អាច​ប្រើ​បន្ទះ​សំឡី​ជ្រលក់​ទឹកតែ​យកមក​បិទ​នៅលើ​ត្របកភ្នែក​ក៏បានមុន​ពេល​អ្នក​ចូល​គេង។ការធ្វើ​បែបនេះ​អាចជួយ​កាត់បន្ថយ​អាការ​ហើម​ក្រោម​ភ្នែក និង​ធ្វើឱ្យ​ភ្នែក​របស់​អ្នកមាន​សភាព​ស្រស់ថ្លា​នៅពេល​ភ្ញាក់​ពី​គេង​នាពេល​ព្រឹក។

7. មិនត្រូវ​ទទួលទាន​ទឹក​ច្រើន​នៅមុន​ពេល​ចូល​គេង​ឡើយ: ការទទួល​ទាន​ទឹក​ច្រើនពេក​នៅមុន​ពេល​ចូល​គេង អាចធ្វើឱ្យ​អ្នក​ពិបាក​គេង និង​ត្រូវ​ចូល​បន្ទប់​ទឹកជា​ញឹកញាប់។ ក្រៅពី​មិនត្រូវ​ទទួលទាន​ទឹក​ច្រើន​ហើយ​នោះ នៅពេល​ចូល​គេង​អ្នក​គួរតែ​ជ្រើសរើស​ប្រើ​ខ្នើយកើយ​ដែលមាន​រាង​ខ្ពស់​បន្តិច ដើម្បី​ការពារ​អង្គធាតុ​រាវ​ហូរ​ទៅ​ផ្តុំគ្នា​នៅលើ​ផ្ទៃមុខ​របស់​អ្នក ដែលជា​ហេតុ​ធ្វើឱ្យ​មុខ​របស់​អ្នក​កើតមាន​អាការ​ហើម​ស្ពុល​នៅពេល​ភ្ញាក់​ពី​គេង​ថែម​ទៀតផង។

8. ហាត់​ធ្វើ​សមាធិ​រយៈពេល10នាទី​មុនពេល​ចូល​គេង: ការធ្វើ​សមាធិ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ និង​ធ្វើឱ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ល្អ។ នៅពេលដែល​អ្នក​គេង​លក់​ល្អ អារម្មណ៍​របស់​អ្នក​ក៏​ស្រស់ថ្លា នោះ​រាងកាយ និង​ស្បែក​របស់​អ្នក​ក៏មាន​សភាព​ស្រស់ស្រាយ​ល្អ​ទៅតាម​នោះដែរ។

9. ការធ្វើ​ចលនា​រាងកាយ​រហ័សរហួន​នៅពេល​ព្រឹក: នៅពេល​ភ្ញាក់​ពី​គេង អ្នក​គួរតែ​ចេញទៅ​ឈរ​ពត់​សរសៃ​សរ​សូង ទៅ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​ទៅ​ស្រូបយក​ពន្លឺ​ថ្ងៃ​នាពេល​ព្រឹក​ព្រលឹម នឹងធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ស្រស់បស់​ល្អ ដើម្បី​ត្រៀម​ជាស្រេច​ក្នុងការ​បំពេញការងារផ្សេងៗពេញ​មួយថ្ងៃ​បាន​យ៉ាង​ល្អប្រសើរ៕

Advertisement