ត្រសក់មានប្រយោជន៍ជួយការពារភាពជាំខ្មៅនៅបរិវេណក្លៀក

បើនិយាយពីបន្លែត្រសក់ អ្នកប្រាកដជាស្គាល់ហើយ ដែលបន្លែប្រភេទនេះគេតែងយកវាមកធ្វើអន្លក់ ល្បោយ ឆា ឬស្លរទៅតាមតម្រូវការក្នុងការធ្វើម្ហូបអាហារ។ ក្រៅពីការប្រើនៅក្នុងការទទួលទានហើយនោះ ត្រសក់ក៏មានសារប្រយោជន៍ជាច្រើនចំពោះរាងកាយមនុស្ស គឺគេអាចយកត្រសក់ទៅច្នៃជាប្រយោជន៍ផ្នែកថែរក្សាសម្រស់ស្បែកផងដែរ។ នៅក្នុងផ្លែត្រសក់មានផ្ទុកសារធាតុទឹក ដែលជាសារធាតុផ្សំសំខាន់រហូតដល់ទៅ 96% ដែលមានគុណសម្បត្តិសម្រាប់បង្កើនភាពស្រស់ស្រាយដល់ស្បែក។ មិនតែប៉ុណ្ណោះវាមានផ្ទុកនូវវីតាមីន C កាល់ស្យូម និងប៉ូតាស្យូម ដែលសុទ្ធសឹងតែជួយឱ្យស្បែកមានសុខភាពល្អ។ ត្រសក់អាចកម្ចាត់មុននៅលើផ្ទៃមុខបាន ដោយការយកសាច់ត្រសក់មកឈូសជាសរសៃ ឬជាចំណិតស្តើងៗមកបិតនៅលើផ្ទៃមុខ និងក រួចទុកចោលពី10-20នាទី។ ផ្លែត្រសក់មានប្រយោជន៍ជួយ ការពារការកើតមុនធម្មតា និងមុនមុខខ្មៅបានផងដែរ។ ប្រសិនបើអ្នកអនុវត្តវិធីនេះបានញឹកញាប់ អ្នកអាចបុកផ្លែត្រសក់ឱ្យម៉ដ្ឋ រួចច្រោះយកតែទឹកយកទៅលាបនៅលើស្បែក នឹងជួយឱ្យស្បែករបស់អ្នកកាន់តែមានសម្រស់ស្រស់ស្អាត មានសំណើម និងមិនស្ងួតបែកស្រកា។

អត្ថប្រយោជន៍របស់ផ្លែត្រសក់ក៏អាចលុបបំបាត់ស្នាមជាំខ្មៅនៅត្រង់រន្ធញើសក្រោមក្លៀក ដោយគ្រាន់តែប្រើគ្រឿងផ្សំដូចជា៖
– ប្រេងដូង 1ស្លាបព្រាបាយ
– ទឹកត្រសក់ 1ស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មារ 1ស្លាបព្រាកាហ្វេ
– ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ។

របៀបអនុវត្ត
ក្រោយពីងូតទឹករួច ចូរជូតខ្លួនឱ្យស្អាត ហើយយកសំឡីមកជ្រលក់ប្រេងដូងយកមកជូតនៅបរិវេណក្រោមក្លៀករាងជារង្វង់ បន្ទាប់មកលាយទឹកត្រសក់ ទឹកក្រូចឆ្មារ និងម្សៅរមៀតចូលគ្នាឱ្យសព្វ រួចយកមកលាបត្រង់បរិវេណក្រោមក្លៀកទុកចោលរយៈពេល20នាទី សឹមលាងទឹកស្អាត ហើយជូតឱ្យស្ងួត។ អ្នកគួរអនុវត្តវិធីនេះ 2-3ដងក្នុងមួយសប្តាហ៍ នោះក្លៀករបស់អ្នកនឹងមានពណ៌សគួរឱ្យចង់គយគន់ជាមិនខាន ជួយឱ្យអ្នកមានភាពជឿជាក់ក្នុងការបង្ហាញពីភាពស្រស់ស្អាតរបស់អ្នកនៅក្នុងចំណោមមនុស្សជាច្រើនយ៉ាងមានសេរីភាព។ ជាងនេះទៅទៀត ផ្លែត្រសក់ថែមទាំងមានប្រយោជន៍ចំពោះកែវភ្នែកទៀតផង ប្រសិនបើមានអាការរមាស់ផ្សានៅក្នុងភ្នែក ឬមានសភាពហើមភ្នែក នេាះអ្នកត្រូវយកផ្លែត្រសក់ទៅក្លាស្សេ ហើយចិតជាចំណិតស្តើងៗ យកមកបិតនៅលើត្របកភ្នែកទាំងសងខាង រួចគេងមួយស្របក់ ដើម្បីសម្រាកភ្នែកប្រហែលជា10នាទី នឹងជួយឱ្យភ្នែករបស់អ្នកប្រែមកជាមានសភាពស្រស់ស្រាយឡើងវិញ ព្រោះថានៅក្នុងផ្លែត្រសក់មានជាតិវីតាមីន និងសារធាតុខនិជខ្ពស់ ថែមទាំងជួយកាត់បន្ថយនូវអាការចុករោយក្នុងភ្នែកថែមទៀតផង គឺល្អចំពោះអ្នកដែលត្រូវប្រើភ្នែកសម្លឹងច្រើន និងរយៈពេលយូរ ឬទទួលរងនូវធូលីដី និងផ្សែងច្រើន៕

Advertisement