ហេតុ​អី​ត្រូវ “សម្អាតកំណកកំបោរ” ចេញពី​ធ្មេញ?

“ទៅ​ជួប​ពេទ្យធ្មេញ​ពេលណា ត្រូវ​ពេទ្យ​បង្ខំ​ឱ្យសម្អាត​កំណកកំបោរលឿងៗចេញពី​ធ្មេញ​គ្រប់ពេល” តើ​អ្នកណា​ធ្លាប់ជួយ​បញ្ហា​នេះ​ខ្លះ? ហើយ​ពេល​ឱ្យ​ពេទ្យ​សម្អាត​កំណកកំបោរ​នោះ​ចេញ​ពេលណា ស្រៀវធ្មេញ​គ្រប់ពេល ​ថែមទាំង​អស់​លុយ​មិន​តិចតួច​ទៀតផង។ តើ​អា​កំណកកំបោរលឿងៗដែល​នៅជាប់​នឹង​ធ្មេញ​របស់​អ្នក​នោះបាន​មកពីណា? និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ខ្លាំង ឬ​តិច​ប៉ុនណាដែរ? យើង​នាំគ្នា​មក​មើល​ទាំងអស់គ្នា…។

កំណកកំបោរលឿងៗនោះ​គឺ​ជាអ្វី?
កំណកកំបោរ កើត​មកពី​ការដែល​មេរោគ​បាក់តេរី​នៅក្នុង​មាត់​របស់​យើង​មានប្រតិកម្ម​ជាមួយនឹង​កម្ទេច​ចំណីអាហារ​ដែល​សេសសល់​នៅតាម​កន្លៀត​ធ្មេញ ធ្វើឱ្យ​កើតជា​បន្ទះ​ហ្វិ​ល​ស្រោប​ពីលើ​ធ្មេញ​មួយ​ជាន់​ទៀត រហូត​តោង​ជាប់​ណែន​ជ្រៅ​ក្លាយជា​កំណក​កំបោរ​ពណ៌​លឿង។ កំណកកំបោរ​នេះ​អាច​កើតឡើង​បាន​ចំពោះ​មនុស្ស​គ្រប់រូប ទោះជា​លោកអ្នក​មើលថែទាំ និង​សម្អាត​ធ្មេញ​បានល្អ​ប៉ុនណា​ក៏​ដោយ ព្រោះ​ជា​រឿង​ពិបាក​ក្នុងការ​កម្ចាត់​មេរោគ​បាក់តេរី និង​កម្ទេច​ចំណីអាហារ​ចេញ​ឱ្យ​អស់ពី​ក្នុង​ប្រអប់មាត់​របស់​យើង​បាន100%​ណាស់ គ្រាន់តែ​ថា បើ​យើង​មើលថែទាំ និង​សម្អាត​ធ្មេញ និង​កន្លែងផ្សេងៗនៅក្នុង​ប្រអប់មាត់​បានល្អ​ហើយ​នោះ ក៏​នឹងមាន​កំណក​កំបោរ​​តិច​ជាង​អ្នក​ឯទៀត​ប៉ុណ្ណោះឯង។

តើ​កំណកកំបោរ​បង្ក​គ្រោះថ្នាក់​ប៉ុនណា? មិន​កោស​ចេញ​បានដែរ​ទេ?
បើ​អ្នក​បណ្ដោយឱ្យ​កើត​កំណកកំបោរ​នៅ​នឹង​អញ្ចាញ ឬ​នៅ​នឹង​ធ្មេញ​របស់​អ្នកយូរៗទៅអាច​នឹង​ធ្វើឱ្យ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​រលាក​អញ្ចាញ​បាន ដែល​វា​គឺជា​មូលហេតុដំបូងៗរបស់​សុខភាពមាត់​ធ្មេញ​ដែល​អាក្រក់ទៅជារឿយៗនៅពេល​ក្រោយ ដូច្នេះ​គួរ​ប្រញាប់​ទៅ​កោស ឬ​សម្អាត​កំណកកំបោរ​ទាំងនោះ​ចេញពី​ធ្មេញ​តាំងពី​ដំបូង​តែម្ដង​ប្រសើរ​ជាង។

កំណកកំបោរ​នេះ អាច​កោស ឬ​សម្អាតចេញ​ដោយ​ខ្លួនឯង​បានទេ?
នៅលើ​អ្នកខ្លះ​ដែលមាន​កំណកកំបោរ​ម​ក​តោង​ធ្មេញ​ជាប់​ណែន​រហូត​មើលឃើញច្បាស់ៗនោះ អា​ចរក​អ្វីស្រួចៗ រឹងៗមក​កេះ​ចេញ តែ ឡា​រ៉ែ​ន​ សូម​ដាស់តឿន​ថា កុំ​ធ្វើ​បែប​ហ្នឹង​ជាដាច់ខាត ព្រោះ​ក្រៅតែពី​មិនអាច​យក​កំណកកំបោរ​ចេញពី​ធ្មេញ​ដូចដែល​ខ្លួន​បាន​គិត​ហើយ​នោះ ឧបករណ៍ និង​វិធី​ដែល​លោកអ្នក​ប្រើ​នោះ អាច​នឹង​ធ្វើឱ្យ​កើត​របួសស្នាម​នៅក្នុង​ប្រអប់មាត់ រហូត​ចេញឈាម ឬ​ធ្វើឱ្យ​រលាក និង​ហើម​សាច់​អញ្ចាញ​បាន ដូច្នេះ​គួរ​ទៅឱ្យ​លោកគ្រូ​ពេទ្យធ្មេញ​ប្រើ​ឧបករណ៍​ពេទ្យ​សម្រាប់​កោស ឬសម្អាតកំណកកំបោរ​នោះ​ចេញ​វិញ​ប្រសើរ​ជាង។

តើ​អ្នក​អាច​កាត់បន្ថយ​កំណកកំបោរ​នៅលើ​ធ្មេញ​យ៉ាងម៉េច​បាន?
បើ​មិន​ចង់ឱ្យមាន​កំណកកំបោរ​មក​តោង​ជាប់​នឹង​ធ្មេញច្រើន ឬ​ញឹកញាប់​នោះ គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​បំផុត មួយថ្ងៃ2​ដង ហើយម្ដងៗត្រូវ​ដុស​សម្អាត​ឱ្យបាន​យូរ​ជាង30វិនាទី ហើយកុំ​ភ្លេចត្រូវ​រុញ​ច្រាស​ចូលទៅ​ដុស​សម្អាត​ឱ្យដល់​ធ្មេញ​ខាងក្នុង​បំផុត​ផង​។

ជ្រើសរើស​ថ្នាំដុសធ្មេញ​ដែលមាន​ចំណែក​ផ្សំ​របស់​ផ្ល​អូ​រ៉ា​យ ដើម្បី​ការពារ​ធ្មេញ​ពុក និង​សារធាតុ​ត្រៃ​ខូ​សាន ដែល​ជួយ​ការពារ​ការកកើត​របស់​មេរោគ​បាក់តេរី។

ដើម្បី​ជាការ​កម្ចាត់​កម្ទេចកម្ទី​ចំណីអាហារ​ដែលជា​ប់​នៅតាម​កន្លៀត​ធ្មេញ លោកអ្នក​អាច​ប្រើ​អំបោះ​ខាត់​ធ្មេញ​ក្រោយពេល​ទទួលទាន​ចំណីអាហារ​ហើយ ឬ​ប្រើ​ក្រោយពេល​ដុសធ្មេញ​ហើយក៏​បាន។

ក្រៅពីនេះ ការកាត់បន្ថយ​អាហារ​ពពួក​ម្សៅ ស្ករ ទឹក​ភេសជ្ជៈ​កំប៉ុង និង​អាហារ​ដែលមាន​រសជាតិ​ជូរ​ខ្លាំង ក៏​អាចជួយ​ថ្នម​ស្រទាប់​ស្រោប​ធ្មេញ​មិនឱ្យ​សឹក​រហូត​មាន​កំណកកំបោរ​មក​តោង​ជាប់​បានងាយៗបានដែរ រួមទាំង​ការ​តម​ជក់បារី និង​ទៅ​ជួប​គ្រូ​ពេទ្យ​ធ្មេញ​រៀងរាល់6ខែម្ដង ដើម្បី​ពិនិត្យ​សុខភាព​ធ្មេញ​ជាប្រចាំ នឹង​ជួយ​ថែរក្សា​សុខភាព​របស់​ធ្មេញ​ឱ្យ​ស្អាត​រឹងមាំ កាត់បន្ថយ​ឱកាស​ក្នុង​ការ​កើត​កំណកកំបោរ​បាន​ដូចគ្នា៕

Advertisement