ដឹង​ទេ ការ​គេង​ផ្អៀងខ្លួន​ខាងឆ្វេង មានគុណ​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​សុខភាព?

នៅក្នុង​ថ្ងៃនេះ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូម​ជម្រាបជូននូវអត្ថបទអំពី​សុខភាព​នៃ​ដំណេក​របស់អ្នកវិញម្តង។ ក្រៅពី​ការ​សម្រាក​​ឱ្យបាន​គ្រប់គ្រាន់ ទៀងទាត់​តាម​ពេលវេលាឱ្យបានយ៉ាងហោច8ម៉ោង​ហើយ​នោះ ការរៀបចំ​រៀប​បែបផែន​នៃ​ការ​គេង​ឱ្យ​បាន​​ត្រឹមត្រូវក៏​ជា​រឿង​មួយ​ដែល​អ្នក​គួរ​យកចិត្តទុកដាក់ផងដែរ ព្រោះ​វា​អាច​ហុច​ផល​ល្អ​ដល់​សុខភាព​រាងកាយរបស់អ្នក។ តើ​លំនាំ​នៃ​ការ​គេង​ផ្អៀងខ្លួន​ទៅខាង​ឆ្វេង​បាន​ហុច​ផល​អ្វីខ្លះ​សម្រាប់​ស្ត្រី និង​បុរស​? តោះ​សូម​តាមដាន​ទាំងអស់គ្នា​ជាមួយនឹងអត្ថបទខាង​ក្រោម​នេះ៖

1. សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
ដោយសារតែ​ក្រពះ​ និង​លំពែង​ស្ថិតនៅ​ខាងឆ្វេង​នៃ​រាងកាយ ខណៈដែល​អ្នក​គេង​លក់​ដោយ​បែរ​ខ្លួន​មក​ខាងឆ្វេង​ដូចគ្នានោះ ​បណ្ដាលឱ្យក្រពះ​ និង​លំពែង​ធ្វើ​ការរំលាយ​អាហារ​បាន​យ៉ាង​ល្អប្រសើរ​ដូចគ្នា និង​ល្អ​ជាងមុន​ទៅទៀត។ វា​ក៏បាន​ធ្វើឱ្យ​អាហារ​ដែល​ចូលទៅក្នុង​ក្រពះ​រំលាយ​បាន​យ៉ាង​ងាយស្រួល និង​បញ្ចេញ​អង់ស៊ីម​ទៅក្នុង​លំពែង​បានល្អ​ប្រសើរ​ថែមទៀតផង។ ក្រៅពីនោះ វា​ជួយ​សម្រួល​ដល់ការបញ្ចេញចោល​នូវ​កាកសំណល់​មិនល្អ​ចេញទៅ​ក្នុង​ពោះវៀនធំ បាន​យ៉ាង​ងាយស្រួល​ផងដែរ ដែល​ហុច​ផល​ល្អ​សម្រាប់​ការ​បន្ទោ​របង់​នាពេល​ព្រឹក។

2. សុខភាព​បេះដូង​ល្អប្រសើរ
បេះដូង​ស្ថិតនៅ​ខាងឆ្វេង​នៃ​រាងកាយ​របស់​អ្នក ដូច្នេះ​ហើយ​ប្រសិនបើ​ចង់ឱ្យ​ខ្លួន​អ្នក​គេង​លក់​ស្រួល អ្នក​គួរតែ​គេង​ផ្អៀងខ្លួន​មក​ខាងឆ្វេង ដើម្បី​ជំរុញ​លំហូរ​នៃ​គ្រាប់​ឈាម​ចូលទៅក្នុង​បេះដូង​បាន​យ៉ាង​លឿន។ ទង្វើ​នេះ គឺ​ពិតជា​ស័​ក្ដិ​សម​ចំពោះ​ការការពារ​ជំងឺ​បេះដូង ដែលជួយ​សម្រួល​ដល់​បេះដូង​មិនឱ្យ​ធ្វើការ​ធ្ងន់​លើសពីធម្មតា។

3. ប្រសើរ​ចំពោះ​ស្ត្រី​មាន​គភ៌
អ្នកជំនាញ​បានធ្វើ​ការណែនាំ​ដល់​ស្ត្រី​មាន​គភ៌​ឱ្យប្រើ​ពេលវេលា​ឱ្យបាន​ច្រើន​បំផុត តាមដែល​អាចធ្វើ​ទៅបាន ក្នុងការ​គេ​ងផ្អៀង​មក​ខាងឆ្វេង។ ដោយសារតែ​ការ​គេង​បែរមក​ខាងឆ្វេង វា​ជួយ​សម្រួល​ដល់​កម្លាំង​សង្កត់​ទៅខាង​ក្រោយ និង​ជួយ​ឱ្យ​ការហូរ​របស់​ឈាម​ទៅកាន់​ស្បូន ​និង​ទារក​នៅក្នុង​ផ្ទៃ​បាន​យ៉ាង​ល្អប្រសើរ​ថែមទៀត​ផង។ ក្រៅពីនេះ វា​ជួយ​បន្ថយ​សម្ពាធ​នៃ​ការ​រំ​ញ័រ​ឆ្អឹងខ្នង និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​គេង​លក់​ស្រួល​ជាង​មុន។ ម្យ៉ាងទៀត វា​ជួយ​បញ្ជូន​អាហារ​ទៅកាន់​ទារក​នៅក្នុង​ផ្ទៃ​បាន​យ៉ាង​លឿន​ផងដែរ។ ដូច្នេះ​​ហើយ​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង​ជួយ​ឱ្យ​ស្ត្រី​មាន​គភ៌សម្រាន្ដ​​លក់​យ៉ាង​ស្រួលខ្លួន។

4. ការពារ​ការ​គេង​ស្រ​ម៉ុក
ការ​ទម្លាប់​គេង​ផ្អៀង​មក​ខាងឆ្វេង អាចជួយ​សម្រួល​ឱ្យ​អ្នក​ឈប់​គេង​ស្រ​ម៉ុក​បាន។ ដោយសារតែការគេង​បែរមក​ខាងឆ្វេង​ធ្វើ​ឱ្យ​បំពង់ក​របស់​អ្នក​មិន​ត្បៀត ហើយ​ចំហ​ផ្លូវដង្ហើម​បាន​ធំ​ ដែល​ងាយស្រួល​ក្នុងការ​ដកដង្ហើម​ខណៈ​ពេល​អ្នកដែល​គេង​លក់។ ដូច្នេះ​អ្នក​គួរ​ដឹងថា កាលដែល​អ្នក​គេង​ដោយ​ភាពងាយស្រួលទៅ​តាម​ឥរិយាបទ​រាល់ថ្ងៃរបស់អ្នកនេះ គឺ​ធ្វើឱ្យ​អ្នកគេង​ស្រ​ម៉ុក​ដោយ​មិនដឹង​ខ្លួន ព្រោះថាខណៈពេលគេង​អ្នក​ពិបាក​ក្នុង​ការដកដង្ហើម។

5. ទម្លាប់​គេង​ផ្អៀង​ខាងឆ្វេង​ធ្វើឱ្យ​គេង​លក់​ស្រួល​ និងមានសុខភាព​ល្អ
ខណៈដែល​អ្នក​បានដឹង​ពី​គុណប្រយោជន៍​នៃ​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង​ហើយ​នោះ សូម​លោកអ្នក​គិតពិចារណា​ឡើងវិញ ហើយសូមធ្វើការ​កែប្រែ​ទម្លាប់របស់អ្នកពីការ​គេង​ផ្អៀងទៅខាងស្ដាំ ប្ដូរ​មក​គេង​ផ្អៀងទៅខាងឆ្វេង​វិញ នោះ​វា​នឹងធ្វើ​ឱ្យ​អ្នក​គេង​លក់​ស្រួល បំបាត់​ភាព​តានតឹង បំបាត់​អារម្មណ៍រ​វើ​រ​វាយ បំបាត់​ការ​គេង​ស្រ​ម៉ុក តែ​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​យ៉ាង​ស្កប់ស្កល់ ព្រមទាំង​ហុច​ផល​ល្អ​ដល់​សុខភាព​របស់​អស់អ្នក​ទៀតផង៕

Advertisement