ហេតុ​អី​បាន​មនុស្ស​យើង គេង​មមើ? តើ​ត្រូវ​ដាស់​ឱ្យ​ភ្ញាក់​ឬទេ?

ទោះបី​វា​ជា​រឿង​គួរឱ្យ​ខ្មាសអៀន​ដែល​អ្នកខ្លះ​មាន​អាកា​រគេង​មមើ​នៅពេល​យប់ ឬ​អ្នក​ខ្លះទៀត​អាច​នឹង​នៅតែ​គេង​មមើ​រហូត ទោះជា​ស្ថិតក្នុង​វ័យ​មនុស្ស​ធំ​ហើយ និង​មនុស្ស​គ្រប់រូប​បាន​ស្គាល់​អាកា​រគេង​មមើ​នេះ​យ៉ាងច្បាស់ ទាំង​កើត​នៅលើ​ខ្លួនឯង ឬ​ឃើញ​មនុស្សក្បែរៗខ្លួន​គេង​មមើ​ក៏ដោយ តែ​ជឿថា មនុស្ស​ជាច្រើន​ប្រហែលជា​នៅ​មិនទាន់​បានដឹង​ពី​មូល​ហេតុថា តើ​ហេតុ​អី​បានជា​អ្នកគេង​មមើ ក្រោក​ឡើងមក​ធ្វើ​នេះ​ធ្វើ​នោះបាន​យ៉ាងច្រើន ហើយ​តើ​អ្នកគួរ​ប្រតិបត្តិ​យ៉ាងណា​ជាមួយ​អ្នក​គេង​មមើ រួមទាំង​វិធី​ការពារ​ការ​គេង​មមើ​នេះ​ទៀតផង។ ដូច្នេះ​ឃើញថា ទោះជា​គ្រប់គ្នា​បាន​ស្គាល់​អាកា​រគេង​មមើ​ហើយ​មែន តែ​ក៏​នៅតែ​មិនទាន់​ដឹង​ពី​រឿងរ៉ាវ​របស់​ការ​គេង​មមើ​ជាច្រើន​ទៀត​ដែរ។

គេង​មមើ បណ្ដាលមកពី​អ្វី?
មូលហេតុ​របស់​ការ​គេង​មមើ​នៅ​មិនទាន់​អាច​បញ្ជាក់បាន​យ៉ាងច្បាស់​លាស់​ថា បណ្ដាលមកពី​អ្វី​នោះឡើយ តែ​អាចសន្និដ្ឋានថា ​បណ្ដាលមកពី​ការ​គេង​លក់​មិនបាន​ស្កប់ស្កល់ ត្រូវបាន​រុកកួន​រំខាន​ខណៈពេល​គេង ភាព​តានតឹង​ក្នុងអារម្មណ៍ វិតក្ក​កង្វល់ អាការ​គ្រុនក្ដៅ​មិន​ស្រួលខ្លួន ស្ថិតក្នុង​សភាវ​សោកសៅ ស្រវឹង​សល់ ឬ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការប្រើ​ថ្នាំ​រម្ងាប់​សរសៃប្រសាទ។ល។ អ្នកជំងឺ​ដែលមាន​រោគ​ប្រចាំកាយ អាចមាន​ភាព​ប្រថុយប្រថាន​នៅក្នុងការ​គេង​មមើ​ដែល​បណ្ដាលមកពី​អាការ​បន្ទាប់បន្សំ​របស់​ជំងឺផ្សេងៗដែល​កំពុង​កើត ដូចជា សភាវ​ឈប់​ដកដង្ហើម​ខណៈ​គេង​លក់ អ្នកជំងឺ​ដែល​ស្ថិតក្នុង​សភាវ​ងងុយគេង​ខ្លាំង​ជ្រុល ( Narcolepsy) ក្រុម​អាការ​ជើង​នៅ​មិន​សុខ ( Restless Legs Syndrome) ដែល​ធ្វើឱ្យ​អ្នកជំងឺ​មាន​អារម្មណ៍​រំខាន​ជើង​របស់​ខ្លួនឯង​រហូត​គេង​មិនសូវ​លក់ អ្នកជំងឺ​ទឹក​រំលាយ​អាហារ​ហូរ​បញ្ច្រាស់ ឬ​ឈឺក្បាល​ម៉ៃ​ក្រេ​ន​ជាដើម។ ក្រៅពីនេះ តំណពូជ​ក៏​ជា​ផ្នែក​មួយ​របស់​អាកា​រគេង​មមើ​ដែរ ព្រោះ​បើ​មាន​នរណាម្នាក់​ក្នុង​ក្រុមគ្រួសារ​មាន​អាកា​រគេង​មមើ នឹងធ្វើ​ឱ្យ​អ្នកមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​គេង​មមើ​ដែរ​ខ្លាំង​ឡើងដល់​ទៅ10ដង រួមទាំង​រឿង​រញ្ជួយ​ចិត្ត​ពី​ខាងក្រៅ​ដែល​ជំរុញ​ឱ្យ​កើត​អាកា​រគេង​មមើ​បាន អាចមាន​តាំងពី​ការអាន​សៀវភៅ មើល​ភាពយន្ត​ភ័យរន្ធត់ ឬ​រូបភាព​គួរឱ្យខ្លាច​មុនពេល​គេង​ដែល​ធ្វើឱ្យ​ខួរក្បាល និង​ផ្លូវចិត្ត​ត្រូវ​រុកកួន​រំខាន​រហូត​ធ្វើឱ្យ​គេង​លក់​មិន​ស្កប់ស្កល់ រហូត​កើត​អាកា​រគេង​មមើ​បាន​ដូចគ្នា។

គេង​មមើ​មាន​អាការ​យ៉ាងណា?
អ្នក​ដែលមាន​អាកា​រគេង​មមើ​នឹង​ចាប់ផ្ដើម​ក្រោយពី​ការ​គេង​លក់​ទៅហើយ 1 – 3ម៉ោង ឬ​កើត​អាកា​រគេង​មមើ​ក្នុងអំឡុងពេល​គេង​លក់​ខ្លាំង។ អាការ​របស់​ការ​គេង​មមើ​មាន​តាំងពី​កើតឡើង​បន្តិចបន្តួច ដូចជា​ ការនិយាយរអ៊ូៗពេល​កំពុង​គេង​លក់ មមើ​យល់សប្តិ​កម្រើក​រាងកាយ​ចុះឡើង ស្រែក​វ៉ូសវ៉ាស​ខណៈ​ទាំង​ភ្នែក​កំពុង​បិទ មាន​អារម្មណ៍​ដូច​ស្ថិតក្នុង​សភាវ​សើ្ទ​រលក់​ស្ទើរ​ភ្ញាក់ តែ​កម្រើក​រាងកាយ​មិនបាន​ដូច​ខ្មោច​សង្កត់ មមើ​និយាយ​ឥត​ឈប់ រហូត​ទៅដល់​ក្រោក​ឡើង​ដើរ​ទៅមក រើ​របស់របរ និយាយ​តែម្នាក់ឯង និង​ធ្វើ​ការងារផ្សេងៗជាដើម។ អ្នកខ្លះ​អាច​ដល់​ថ្នាក់​ងើបឡើង​មក​តុបតែង​មុខមាត់ ឬ​ញ៉ាំ​អាហារ​ទៀតផង តែ​រយៈពេល​នៃការ​មមើ​នឹងមិន​សូវ​ជា​យូរ​ប៉ុន្មាន​ឡើយ ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​ភាគច្រើន​អ្នក​គេង​មមើ​អាច​ដើរ​ត្រឡប់មក​កន្លែង​គេង​វិញ​បាន​ដោយ​ខ្លួនឯង។

តើ​អ្នក​គេង​មមើ​មាន​គ្រោះថ្នាក់​ដែរឬទេ?
ជា​ប្រក្រតី អាកា​រគេង​មមើ​ច្រើនតែ​កើតឡើង​ក្នុងអំឡុង​វ័យក្មេង ហើយនឹង​បាត់ទៅ​វិញ​ជាបណ្ដើរៗដោយ​ឯកឯង​នៅពេល​ធំ​ឈានចូល​វ័យ​ជំទង់ តែ​ក៏មាន​អ្នកខ្លះ​នៅតែមាន​អាកា​រគេង​មមើ​នៅក្នុង​វ័យ​មនុស្ស​ធំ​ដែរ។ ការ​គេង​មមើ​គ្រាន់តែ​ជា​ភាពខុសប្រក្រតី​មួយ​របស់​ការ​គេង​លក់​ប៉ុណ្ណោះគ្មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ដល់​រាងកាយ​នោះទេគ្រាន់តែ​គ្រោះថ្នាក់​ដែល​កើតឡើង​អាច​បណ្ដាលមកពី​អា​ការដែល​កើតឡើង​ក្រោយពី​ពេល​គេង​មមើ នោះ​គឺ​ការ​ចេញទៅ​ដើរ​នៅក្នុង​កន្លែង​ដែល​គ្រោះថ្នាក់ ដូចជា​ប្រើប្រាស់​កាំបិត​នៅក្នុង​ចង្ក្រាន​បាយ មមើ​តោង​ចុះ​តាម​មាត់​បង្អួច ឬ​រានហាល ដើរ​ចុះ​ជណ្ដើរ បើកទ្វារ​ដើរចេញ​ទៅ​ក្រៅ​ផ្ទះ​ជាដើម ដូច្នេះ​គួរ​តាម​សង្កេតមើល​យ៉ាង​ប្រុងប្រយ័ត្ន​ពី​អាកប្បកិរិយា​របស់​អ្នក​គេង​មមើ​ឱ្យ​បានល្អ។

តើ​គួរ​ដាស់​អ្នក​គេង​មមើ​ដែរឬទេ?
សំណួរ​នេះ​ប្រហែលជា​ស្ថិតក្នុង​ក្ដី​សង្ស័យ​របស់​មនុស្ស​ជាច្រើន​មិន​ខាន ហើយ​ចម្លើយ​ក៏​គឺដាស់​បាន! តែ​មិនគួរ​ធ្វើ​ឡើយ… ព្រោះ​គេ​អាច​នឹងមិន​ភ្ញាក់ និង​បើសិនជា​គេ​ភ្ញាក់​វិញ អាចធ្វើ​ឱ្យគេ​មាន​អាការ​មីង​មាំ​ង និង​ទម្រាំ​តែ​លង់លក់​ទៅវិញ​ម្ដងទៀត​ក៏ត្រូវ​ប្រើពេល​វេលា​យូរ​ជាង​មុន ឬ​អាច​នឹង​គេង​មិន​លក់​រហូតដល់​ភ្លឺ​តែម្ដង​ក៏មាន ជាពិសេស​ក្មេង​តូច​អាច​នឹង​ស្រែកយំ​រករឿង​យូរ​ទម្រាំ​នឹង​គេង​លក់​ទៅវិញ ព្រោះ​អាច​កើតក្ដី​ភ័យខ្លាច​ហ្នឹងឯង។ ដូច្នេះ​វិធី​ដែល​ល្អ​បំផុត គឺ​គួរ​ប្រយ័ត្នប្រយែង​អំពី​សុវត្ថិភាព​របស់គេ ហើយ​ព្យាយាម​នាំ​គេ​ត្រឡប់មក​គេង​នៅលើ​គ្រែ​វិញ​ដោយ​មិនចាំបាច់​ដាស់​ឱ្យ​ភ្ញាក់​ឡើយ ដែល​ធ្វើ​ឱ្យគេ​អាច​គេង​លក់​បន្តទៅទៀត​បាន​យ៉ាង​ងាយស្រួល។

ចំណុច​ប្រតិបត្តិ​ចំពោះ​អ្នក​ដែលមាន​អាកា​រគេង​មមើ​ជាប្រចាំ
ភាគច្រើន​អាកា​រគេង​មមើ​មិនបាន​កើតឡើង​ម្ដង ឬ​ពីរដង ហើយ​ឈប់​នោះទេ អាច​នឹង​កើត​អាកា​រគេង​មមើ​នេះជារឿយៗប្រមាណ​ជា2-4ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​អាច​នឹង​តិច ឬ​ច្រើនជាង​ហ្នឹង។ អ្វីដែល​អ្នកគួរ​ធ្វើ​នោះ​គឺ កត់​កំណត់ត្រា​ពេល​គេ​ចូល​គេង និង​ពេលដែល​គេ​ចាប់ផ្ដើម​មាន​អាកា​រគេង​មមើ បន្ទាប់ពីនោះ​នៅ​យប់តៗមកទៀត ចូរ​សាកល្បង​ដាស់​ឱ្យគេ​ភ្ញាក់​មុនពេល​ដែល​គេ​ចាប់ផ្ដើម​មាន​អាការ​មមើ​ប្រមាណ 30នាទីហើយ​សឹម​ឱ្យគេ​គេង​ទៅវិញ​ម្ដងទៀត។ វិធី​នេះ​នឹង​ជួយ​កាត់បន្ថយ​អាកា​រគេង​មមើ​ជាប្រចាំ​បាន៕

Advertisement