ប្រយ័ត្ន! លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង ប្រឈម​នឹង​ជំងឺ​ជាច្រើន

លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង​លើសពី2ម៉ោង គឺមាន​ហានិភ័យ​គេង​មិន​លក់ ថែមទាំង​នាំមក​នូវ​រោគ និង​ជំងឺ​ជាច្រើន​ថែមទៀត​ផង។ ប្រសិនបើ​អ្នកជា​អ្នក​ដែល​និយម​លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេ អ្នក​គប្បី​ប្រយ័ត្ន​ចំពោះ​ជំងឺផ្សេងៗដូចជា ជំងឺ​ធាត់ ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម។

មនុស្ស​ជាច្រើន​មាន​ទង្វើ​លេង​ទូរស័ព្ទ​នៅលើ​គ្រែ​គេងជាប្រចាំ ចាប់តាំងពី​បើកភ្នែក​ឡើង​នៅពេល​ព្រឹក ក៏​ទាញ​ទូរស័ព្ទដៃ​មក​ឆែក​មើល​ពី​ព័ត៌មាន​ដែលមាន​នៅក្នុង​បណ្ដាញ​សង្គម។ បើទោះបីជា​ទម្រេត​ខ្លួន​គេង​នៅពេល​ពាក់​កណ្ដាលយប់ ក៏​អ្នក​នៅតែ​ចាប់យក​ទូរស័ព្ទដៃ​មក​មើលមុននឹង​បិទ​ភ្នែក​គេង​ដែរ ឬ​មាន​មនុស្ស​មួយចំនួនទៀត​លង់លក់​ដោយ​មិនបាន​បិទ​ទូរស័ព្ទ​តែម្ដង​ក៏មានដែរ។ តែ​នៅថ្ងៃនេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​រំឭក​ជាថ្មី​ម្ដង​ទៀតថា ទង្វើ​បែបនេះហើយ ដែល​កំពុងតែ​គំរាមកំហែង​សុខភាព​របស់​មនុស្ស​យើង​ជាខ្លាំង។

អ្នកជំនាញ​ខាង​សុខភាព​ពិភពលោក​បាន​សម្ដែង​នូវ​ក្ដីបារម្ភ​ចំពោះ​របៀប​រស់នៅ​ប្រចាំថ្ងៃ​នាពេល​បច្ចុប្បន្ននេះ​ដែល​កំ​ពុង​ជក់​លេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង​ថា វា​អាច​បង្ក​ឱ្យ​កើតមាន​បញ្ហា​ចំពោះ​សុខភាព​បាន ដោយសារតែ​អេក្រង់​ទូរស័ព្ទ​មាន​ពណ៌​ខៀវ (Blue Light) ជះ​ពន្លឺ​មក​ប៉ះពាល់​ដល់​ការផលិត​សារធាតុ​មេ​ឡា​តូ​នី​នដែល​ជួយ​គ្រប់គ្រង​ការ​គេង​លក់ និង​ក្រោក​ពី​គេង។ ដូចនេះហើយ ការលេង​ទូរស័ព្ទដៃ​មុនពេល​ចូល​គេង​លើសពី2ម៉ោង នឹង​ធ្វើឱ្យ​ខួរក្បាល​ដែល​បានទទួល​ពន្លឺ​ពណ៌​ខៀវ​នៅក្នុង​អំឡុងពេល​ពាក់កណ្ដាល​យប់ បញ្ជា​ប្រាប់ថា ពេលនេះគឺជា​ពេល​ថ្ងៃត្រង់ ដែលជា​ហេតុ​ហុច​ផល​ឱ្យ​កើត​អាការ​គេ​មិន​លក់ ឬ​គេង​មិន​ស្ងប់​នេះ​ឡើង ហើយ​ការលេង​ទូរស័ព្ទ​នៅក្នុងពេល​ពាក់កណ្ដាល​យប់ ក៏បាន​ហុច​ផល​អាក្រក់​ចំពោះ​ខ្សែ​ភ្នែក​ផងដែរ។

ទាំងអស់នេះ​គឺជា​ហានិភ័យ​ដែល​កើតឡើង​ចំពោះ​សុខភាព​របស់​មនុស្ស​យើង ប្រសិនបើ​អ្នក​គេង​មិន​លក់ ឬ​គេង​មិន​គ្រប់គ្រាន់ នឹង​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​ថា ល្វើយ អស់កម្លាំង ទន់ខ្សោយ​ នឿយហត់​នៅ​អំឡុងពេល​ថ្ងៃ និង​ប្រព័ន្ធ​ចងចាំ​កើតមាន​បញ្ហា​ជាដើម។ បញ្ហា​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ការសិក្សា និង​ការធ្វើការងារ​ជាប្រចាំ​ថ្ងៃជា​ខ្លាំង ដោយសារតែ​ខួរក្បាល​មិនអាច​ដំណើរការបាន​យ៉ាង​មាន​ប្រសិទ្ធភាព។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នកដទៃ​ថែមទៀតដូចជា កើត​អាការ​ងងុយគេង​នៅពេល​កំពុង​បើកបរ ឬ​ខណៈពេល​កំពុងធ្វើការ​ងា​រ​ជាមួយ​គ្រឿងចក្រ។ ក្រៅពីនេះ ការ​សម្រាក​មិន​គ្រប់គ្រាន់​ជាដើម​ហេតុ​នៃ​ការកើត​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​ធាត់ ( ដោយសារតែ​ប្រព័ន្ធ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​ដំណើរ​ការមិន​បានល្អ​គ្រប់គ្រាន់) ជំងឺ​ទឹកនោមផ្អែម រោគ​បេះដូង ជំងឺលើសឈាម និង​អាច​ប្រឈម​នឹង​បញ្ហា​ការប្រើប្រាស់​គ្រឿងញៀន ឬ​គ្រឿង​ស្រវឹង ដើម្បី​ជួយ​ដល់​ការ​គេង​មិន​លក់​ថែម​ទៀតផង។

អ្នកជំនាញ​សុខភាព​ពិភពលោក បាន​ណែនាំ​ឱ្យ​កាត់បន្ថយ​ការលេង​ទូរស័ព្ទ​មុនពេល​ចូល​គេង​យ៉ាងហោចណាស់1ម៉ោង ដើម្បីឱ្យ​ខ្សែ​ភ្នែក​របស់​អ្នក​បាន​សម្រាក ហើយ​រាងកាយ​របស់​អ្នក​ក៏បាន​សម្រាក​បានដែរ។ ប្រសិនបើ​ចាំបាច់​ត្រូវ​ការប្រើ​ទូរស័ព្ទដៃ​ខ្លាំងណាស់ អ្នក​គប្បី​ប្រើ​ឧបករណ៍​ការពារ​ពន្លឺ​ពណ៌​ខៀវ ដូចជា បន្ទះ​ការពារ​ភ្នែក​បិត​នៅលើ​អេក្រង់​ទូរស័ព្ទ ឬ​ប្រើប្រាស់​កម្មវិធី Night Shift ដើម្បី​ជួយ​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ​ដែល​បញ្ចេញ​មកពី​អេក្រង់​ទូរស័ព្ទ និង​ជួយ​កាត់បន្ថយ​ការ​ប្រឹង​សម្លឹង​របស់​ខ្សែ​ភ្នែក​ ហើយ​ធ្វើឱ្យ​អ្នក​គេ​លង់​បាន​ស្រួល៕

Advertisement