អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ… គ្រោះថ្នាក់​អាច​ដល់​ស្លាប់​បាន

អាការ​ងងឹតមុខ គឺជា​អា​ការដែល​បាត់បង់​ស្មារតី​មួយ​ភ្លែត និង​អាច​ដួល​ទាំង​ជំហរ គឺជា​ការ​ដួល​បាត់បង់​ស្មារតី ដែលមាន​តាំងពីខ្យល់គរ​ធម្មតារហូត​ទៅដល់​ខ្យល់គរ​ដួល​ដោយសារតែ​ភាពខុសប្រក្រតី​កម្រិត​ធ្ងន់ធ្ងរ​របស់​បេះដូង។

អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ ឬ​អាការ​ខ្យល់គរ​បាត់ស្មារតី ជា​អា​ការដែល​ជួបប្រទះ​ញឹកញាប់ជាស​ភាវ​ដែល​រាងកាយ​បាត់បង់​ការដឹង​ខ្លួន និងបាត់បង់​កម្លាំង​របស់​សាច់ដុំ​មួយ​ខណៈពេល ដែលជា​ផលប៉ះពាល់​បណ្ដាលមកពី​ឈាម​ដែលរ​ត់ទៅ​ចិញ្ចឹម​មែក​ធាង​នៃ​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​ថយចុះ ដែលមាន​បច្ច័យ​ពាក់ព័ន្ធ​ពី​បរិមាណ​ឈាម​ដែល​ចេញពី​បេះដូង និង​កម្លាំង​ទប់ទល់​របស់​សរសៃ​ឈាម​ទូទាំង​រាងកាយ។ អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ ច្រើនតែ​ដឹងខ្លួន​ប្រក្រតី​ឡើងវិញ​ដោយ​ខ្លួនឯង និង​អាច​កើតដដែលៗឡើង​ទៀត​បាន។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​បាន​រកឃើញថា ស្ទើរ10%នៃ​អ្នកជំងឺ​ដែល​មកជួប​គ្រូពេទ្យ​ដើម្បី​ចូល​ព្យាបាល ​មាន​មនុស្ស​ចាស់​ជាង50% សុទ្ធតែ​ធ្លាប់​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ​រួចមកហើយ​យ៉ាងតិច​ក៏1ដង​ដែរ។

អ្នក​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​ដែល​រក​មូលហេតុ​មិនឃើញ មាន​អត្រា​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​ដំបូង​ដែល​កើតឡើង​ខ្ពស់​ដល់​ទៅ6%ដោយ4% បាត់បង់​ជីវិត​បែប​ទាន់ហន់ តែបើ​មាន​មូលហេតុ​មកពី​ជំងឺ​បេះដូង​វិញ អត្រា​បាត់បង់​ជីវិត​ក្នុង​ឆ្នាំ​ដំបូង​ដែល​កើត​នោះ​នឹង​ខ្ពស់​ដល់​ទៅ18%-33% ដោយ24% ជាការ​បាត់បង់​ជីវិត​បែប​ទាន់ហន់។

សម្រាប់​អ្នក​ដែល​ប្រកប​អាជីព ដូចជា បុគ្គលិក​បើកបរ​រថយន្ត អ្នកបើក​យន្តហោះ កម្មករសំណង់ ឬ​អ្នក​ប្រតិបត្តិការ​ជាមួយ​គ្រឿងចក្រ រឹតតែ​មាន​ភាព​ប្រថុយប្រថាន​ខ្ពស់​ក្នុង​ស្លាប់បាត់​បង់ជីវិត​បន្ទា​ប់​ពី​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ។

អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​នេះ​អាចបែងចែក​បានជា2ក្រុម​ គឺក្រុម​ដែល​កើត​អាការ​ងងឹតមុខ​ដួល​ទាំង​ជំហរ​ ដោយសារ​សភាវ​លោហិត​ធ្លាក់ចុះ​ទាប​មួយ​ខណៈពេល តែ​មិនមែនជា​ជំងឺ​បេះដូង ឬ​ហៅងាយៗថា អាការ​ងងឹតមុខ​ខ្យល់គ​ទូទៅ ដោយសារតែ​រាងកាយ​ទ្រាំទ្រ​ជាមួយនឹង​សភាព​បរិស្ថាន​ជុំវិញខ្លួន​លែង​បាន ដោយមាន​មូលហេតុ​មកពី​ភាព​តានតឹង​ធុញថប់ សម្រាក​មិនបាន​គ្រប់​គ្រាន់ ឈរ ឬ​អង្គុយ​យូរ​ហួសហេតុ​ពេក។ ចំណែក​មួយក្រុម​ទៀត​គឺ អាការ​ងងឹតមុខដួល​ទាំង​ជំហរ​ បណ្ដាលមកពី​រោគ​បេះដូង និង​សរសៃឈាម ដូចជា​ អត្រា​លោត​របស់​បេះដូង​ខុស​ប្រក្រតី និងការ​ណែន​ស្ទះ​របស់​សរសៃឈាមជាដើម។

មូលហេតុ​របស់​ការកើត​ខ្យល់គ​ស្ទើរតែ​បាត់ស្មារតី ឬ​បាត់ស្មារតី​តែម្ដង មាន​ច្រើន​ដូចតទៅ ៖
1. សភាវ​ភ្ញាក់ផ្អើល ឬ​ខូចចិត្ត​ខ្លាំងក្លា
2. ក្អក ឬ​កណ្ដាស់​ខ្លាំង​ជ្រុល​ពេក
3. ខណៈ​ឈរ​បត់ជើងតូច ឬ​ក្រោយពេល​បត់ជើងតូច​រួច​ បន្ទាប់ពី​ទ្រាំ​មក​យូរ
4. ហាត់ប្រាណ​ខ្លាំង​ជ្រុល​ពេក
5. បន្ទាប់ពីទទួលទាន​អាហារ​ច្រើន​ហួសហេតុ
6. រលាក​សរសៃប្រសាទ​ខួរក្បាល
7. កើត​ជំងឺ​ខួរក្បាល​ចុះខ្សោយ
8. ជំងឺ ផារ​គិ​ន​សុន (នៅលើ​អ្នកខ្លះ​ដែលមាន​ប្រព័ន្ធ​ប្រសាទ​អត្តនោម័តិ​ខុស​ប្រក្រតី​រួមជាមួយ​ផង)
9. ជំងឺ​ទឹកនោមផ្អែម (នៅលើ​អ្នកជំងឺ​ដែល​សរសៃប្រសាទ​ត្រូវ​បំផ្លាញ​ដោយសារ​ទឹកនោមផ្អែម)
10. ដោយសារ​ថ្នាំ​ប្រភេទ​ខ្លះ ដូចជា​ទទួលទាន​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ច្រើន​ជ្រុល​ពេក
11. ទទួលទាន​ស្រា​ច្រើន​ជ្រុល​ពេក
12. ចំណុច​កំណើត​អគ្គិសនី​របស់​បេះដូង​ចុះខ្សោយ
13. បាត់បង់​ឈាម​ច្រើន ឬ​បាត់បង់​ជាតិ​ទឹក​អស់ពី​រាងកាយ​ច្រើន​ជ្រុល​ពេកដូចជា ​រាករូស​ធ្ងន់ធ្ងរ និងក្អួតចង្អោរ​ខ្លាំងក្លា
14. សភាវ​បេះដូង​លោត​ខុស​ចង្វាក់​យ៉ាងខ្លាំង​ក្លា
15. រោគ​សាច់ដុំ​បេះដូង​ក្រាស់​ខុស​ប្រក្រតី
16. សភាវ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ទាប ឬ​ខ្ពស់​ជ្រុល​ពេក

វិធី​ប្រតិបត្តិ​នៅពេល​កំពុងតែ​រកកល​នឹង​ខ្យល់គ​បាត់ស្មារតី នៅពេល​ចាប់ផ្ដើម​មាន​អាការ ចូរ​ប្រញាប់​រក​កន្លែង​សម្រាក ឬ​ចាប់​​តោង​អ្វីមួយ​ទប់ខ្លួន​ឱ្យ​ជាប់ និង​តន្ត្រំជើង ដើម្បីឱ្យ​ឈាម​រត់​ឆ្ពោះទៅ​បេះដូង​បាន​ច្រើនឡើង។ បើ​នៅតែ​មិនបាន​ធូរស្រាល ចូរ​អង្គុយ​ចុះ ហើយ​បើសិន​នៅតែ​មិនទាន់​​ធូរស្រាល​ទៀត ចូរ​គេង​រាបនឹង​ដី ដើម្បីឱ្យ​ឈាម​ហូរ​ទៅ​ចិញ្ចឹម​ខួរក្បាល​បាន​ច្រើនឡើង ព្រមទាំង​អាច​ការពារ​ការកើត​ខ្យល់គ​ដួល​ទាំង​ជំហរបាន គឺអាច​កាត់បន្ថយ​ការកើតមាន​របួសស្នាម ​បើសិនជា​ដួល​បោក​ទៅ​ដី ឬ​ទៅបុក ឬ​ប៉ះ​នឹង​វត្ថុផ្សេងៗបាន​ទៀតផង។

បើ​កំពុង​បើកបរ​រថយន្ត គួរតែ​ចត​រថយន្ត​ភ្លាមហើយ​កាច់​កៅអី​ទៅក្រោយ​ឱ្យ​ស្ថិតក្នុង​ឥរិយាបថ​គេង​រាប។ បើ​ស្ថិតនៅក្នុង​រថយន្ត​ដឹក​អ្នកដំណើរគួរ​រក​កន្លែង​អង្គុយ ឬ​គេង​នៅក្នុង​រថយន្ត​នោះហើយ​ប្រញាប់​ប្រាប់​អ្នកជិតខាង​ថា ខ្លួន​កំពុង​រកកល​ខ្យល់គ​ងងឹត​មុខ​ដួល។ មិនគួរ​ប្រញាប់​ចុះ​ពី​រថយន្ត​ឡើយ ព្រោះ​អាច​នឹង​ដួល​បាត់ស្មារតី​នៅត្រង់​ជណ្ដើរ​ចុះ​ពី​រថយន្ត នាំឱ្យ​កើត​គ្រោះថ្នាក់​បាន៕

Advertisement