ពិតទេ ទទួលទាន​សាច់​ក្រហម​រាល់ថ្ងៃ​ ហុច​ផល​អាក្រក់​ចំពោះ​សុខភាព​?

បើ​យោងតាម​ការសិក្សា​មួយ​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Harvard School of Public Health បាន​អះអាងថា ការទទួល​ទាន​សាច់​ក្រហម​កែច្នៃ​ត្រឹមតែ​ចំនួន2បន្ទះ​ក្នុង​មួយថ្ងៃ​អាច​បង្កើន​គ្រោះ​ហានិភ័យ​កើតមាន​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​ដល់ទៅ20%។ នៅថ្ងៃនេះ ទស្សនា​វ​ដ្តី​ ឡា​រ៉ែ​នសូម​ជម្រាបជូន​ពី​អត្ថបទ​សុខភាព​សម្រាប់​អ្នក​ដែល​និយម​ទទួលទាន​សាច់​ក្រហម​ដែល​បាន​កែច្នៃ និង​នៅមាន​ឈាម​ស្រស់​ដូចជា សាច់គោ សាច់ចៀន និងសាច់ពពែជាដើម។

ការសិក្សា​នេះ​ដែរក៏បាន​តាមដាន​ពិនិត្យ​លើ​មនុស្ស​ប្រុស​ស្រី​ជាង12ម៉ឺន​នាក់ ​និង​ចំណាយពេល​អស់​ជិត30ឆ្នាំ​បាន​រក​ឃើញ​​ទៀតថា ប្រសិនជា​គេ​ទទួលទាន​សាច់​ក្រហម​ស្រស់(មិន​កែច្នៃ)មួយ​បន្ទះ​ជាមធ្យម អត្រា​ប្រឈម​នឹង​ជំងឺ​ខាងលើ​បាន​ថយ​ចុះ​មក​​នៅត្រឹម13%។ សាស្ត្រាចារ្យ Frank Hu អ្នកនិពន្ធ​ជាន់ខ្ពស់​មកពី​សាកលវិទ្យាល័យ Harvard School of Public Health បាន​ថ្លែងថា “លទ្ធផល​នៃ​ការសិក្សា​នេះ​បានផ្តល់​ជា​ភស្តុតាង​កាន់តែច្បាស់​បន្ថែមទៀត​ដែលថា ការទទួល​ទាន​សាច់​ក្រហម​ជា​រៀងរាល់ថ្ងៃ ជាពិសេស​​សាច់​កែច្នៃ​ជា​អាហារ​សម្រេច គឺជា​ហេតុ​នៃ​ការ​ហុច​ផល​អាក្រក់​ចម្បង​នៃ​ការស្លាប់​មុន​អាយុ។ ផ្ទុយ​មកវិញ ការ​ជ្រើសរើស​យក​ប្រភព​អាហារ​សម្បូរ​ដោយ​ប្រូតេអីុន​ផ្សេងទៀត​មក​ជំនួស​សាច់​ក្រហម​គឺអាច​ហុច​ផល​វិជ្ជមាន​ដល់​សុខភាព”។ ការជំនួស​សាច់​ក្រហម​ដោយ​ត្រី​អាច​កាត់បន្ថយគ្រោះថ្នាក់​អាក្រក់​នៃ​ការស្លាប់​មុន​អាយុ​ពី​ជំងឺ​បេះដូង​ និង​មហារីក​បាន​ដល់​ទៅ7% ​ខណៈ​បន្លែ ​និង​បណ្តា​ផលិតផល​ធ្វើ​ពី​ទឹកដោះ​ដែលមាន​ខ្លាញ់​តិច​អាច​កាត់បន្ថយ​ហានិភ័យ​បាន10%។ ចំណែក​គ្រាប់​ធញ្ញជាតិ​ និង​ពពួក​សណ្តែក​មាន​ជាតិ​ប្រេង​វិញ​អាច​កាត់បន្ថយ​ហានិភ័យ​បាន​ដល់ទៅ14%។

បើតាម​ទិន្ន័យ​នៃ​ជំងឺមហារីក​ពិភពលោក WCRF បានស្នើ​ជា​យោបល់​ថា មនុស្សទាំងអស់គួរចៀសវាង​ទទួលទាន​សាច់​ក្រហម​ដែល​កែច្នៃ​ទុក​បានយូរ​ ឬកំណត់​ពី​ចំនួន​ដែល​ត្រូវ​ទទួលទាន​​ក្នុង​មួយ​សប្តាហ៍​កុំឱ្យ​លើសពី500ក្រាម។

គួ​បញ្ជាក់​ផងដែរ​ថា លោកគ្រូ​ពេទ្យ Rachel Thompson អនុប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​មូលនិធិ WCRF បាន​បញ្ជាក់​ថា “លទ្ធផល​លើក​នេះ​បាន​ជួយ​ពង្រឹង​បន្ថែម​នូវ​ភស្តុតាង​ដែល​បង្ហាញ​ពី​ការជាប់​ពាក់ព័ន្ធ​គ្នា​រវាង​សាច់​ក្រហម ​និង​ជំងឺ​រ៉ាំរ៉ៃ។ ជីវិត​អាច​ត្រូវបាន​ជួយសង្គ្រោះ​ឱ្យ​ផុតពី​សេចក្តីស្លាប់ ប្រសិនបើ​លោកអ្នកជំនួស​សាច់​ក្រហម​ដោយ​បណ្តា​អាហារ​សម្បូរ​ប្រូតេអីុន​ផ្សេងៗ​មានដូចជា ត្រី បន្លែ បណ្តា​សណ្តែក​មាន​ប្រេង និង​សាច់មាន់​ជាដើម”៕

Advertisement