ដឹងឬទេ កាហ្វេមានគុណប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះ?

មនុស្សជាច្រើនអាចមិនដឹងថា កាហ្វេដែលអ្នកនាំគ្នាទទួលទានរៀងរាល់ថ្ងៃនេះមានទាំងប្រយោជន៍និងផ្ដល់គុណវិបត្តិដល់រាងកាយ ច្រើនយ៉ាងឡើយថ្ងៃនេះទំព័រសុខភាព ឡារ៉ែន សូមនាំប្រិយមិត្តអ្នកអានទៅស្គាល់ពីគុណប្រយោជន៍ និងគុណវិបត្តិរបស់កាហ្វេទាំងអស់គ្នា។

គុណប្រយោជន៍របស់កាហ្វេ
1. ជួយបន្ថយអត្រាការប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី2 : ព្រោះនៅក្នុងកាហ្វេមានសារធាតុប្រឆាំងអនុមូលឥស្សរៈ និងសារធាតុគីនីនដែលជួយឱ្យរាងកាយអាចផលិតអីុនស៊ូលីនបានរឹតតែល្អឡើង ដូច្នេះអ្នកដែលកើតជំងឺទឹកនោមផ្អែមអាចសាកល្បងទទួលទានកាហ្វេលមើលបាន។

2. ជួយបន្ថយអត្រាការកើតសភាវភ្លេចភ្លាំង មិនសូវចងចាំបាន : ដោយកាហ្វេអីុនទៅបង្អាក់ ឬប្រឆាំងការផ្ដុំគ្នារបស់កូលេស្តេរ៉ូលដែលជាផលអាក្រក់ដល់រាងកាយ។

3. ជួយបន្ថយអត្រាការកើតរោគបេះដូង : ដោយជួយបន្ថយកូលេស្តេរ៉ូលក្នុងក្រសែឈាមការពារសរសៃឈាមឡើងរឹង និងជួយឱ្យឈាមហូរវិលបានល្អ។

4. ជំរុញចរន្តឈាមរត់នៅក្នុងខួរក្បាល : ក្លិនក្រអូបឈ្ងុយរបស់កាហ្វេនឹងជួយជំរុញឱ្យឈាមក្នុងខួរក្បាលហូរវិលរឹតតែល្អឡើង។

5. ជួយក្នុងការធ្វើការងាររបស់ប្រព័ន្ធរំលាយអាហារ : កាហ្វេអីុនពីកាហ្វេជួយសាងទឹករំលាយអាហារក្នុងក្រពះ និងថ្លើមបន្ថែម ដើម្បីដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយ។

6. ជួយរំលាយខ្លាញ់ : ដោយវានឹងចូលទៅជំរុញឱ្យខ្លាញ់បំបែកខ្លួន និងក្លាយជាកម្លាំងថាមពលជំនួសវិញ។

7. បង្កើនជាតិខ្លាញ់ល្អ : តាមរយៈការស្រាវជ្រាវបានរកឃើញថា ការទទួលទានកាហ្វេញឹកញាប់ នឹងជួយបង្កើនបរិមាណខ្លាញ់ល្អ ( HLD) ក្នុងរាងកាយបាន។

8. ជួយពន្យារភាពចុះខ្សោយរបស់រាងកាយ : ព្រោះការទទួលទានកាហ្វេដែលមានរសជាតិខាប់នឹងធ្វើឱ្យអុកស៊ីតកើតការបំបែកខ្លួនទើបកាត់បន្ថយការកើតមហារីក ជំរុញការដុតបំផ្លាញកម្លាំងថាមពល និងជួយឱ្យរាងកាយធ្វើការបានរឹតតែល្អឡើង និងស្រស់ស្រាយឡើង។

9. ជួយបំបាត់អាការឈឺក្បាល : ព្រោះកាហ្វេមានចំណែកផ្សំរបស់កាហ្វេអីុនដែលពង្រីកសរសៃឈាម រម្ងាប់អាការឈឺក្បាលបានដូចគ្នានឹងថ្នាំបំបាត់ការឈឺចាប់ដែរ ហើយថែមទាំងជួយដល់ការបត់ជើងតូច រំលាយជាតិខ្លាញ់ក្នុងសរសៃឈាម ដើម្បីមិនឱ្យមានជាតិខ្លាញ់ច្រើនជ្រុលពេក និងជួយសម្រាលអាការស្រវឹងស្រាសល់ពីយប់បានទៀតផង។

10. ជួយដាស់ភាពក្លៀវក្លាស្វាហាប់ : ព្រោះកាហ្វេអីុនមានគុណសម្បត្តិមិនខុសពីសារធាតុជំរុញល្អដែលអាចដាស់ភាពស្វាហាប់ឱ្យរាងកាយដែលកំពុងនឿយហត់ ឬល្វើយអស់កម្លាំងឱ្យរស់រវើកឡើងវិញបានក្នុងរយៈពេលដ៏ខ្លី។

គុណវិបត្តិរបស់កាហ្វេ
1. ធ្វើឱ្យសម្ពាធឈាមខ្ពស់ឡើង : លទ្ធផលនៃការវិភាគបានបង្ហាញថា ពេលទទួលទានកាហ្វេមួយកែវហើយ សម្ពាធឈាមនឹងកើនខ្ពស់ឡើងយូរដល់ទៅ12ម៉ោង ដូច្នេះក្រុមមនុស្សដែលកើតជំងឺលើសឈាមមិនគួរទទួលទានកាហ្វេខណៈពេលមានអារម្មណ៍តានតឹង ឬមានសម្ពាធពីការធ្វើការងារឡើយ។

2. កាហ្វេនឹងហុចផលប៉ះពាល់ដល់ការបឺតជ្រាបសារធាតុរ៉ែ : កាហ្វេអីុននឹងបញ្ចេញផលប៉ះពាល់ដល់ការបឺតជ្រាបយកសារធាតុរ៉ែរបស់ពោះវៀន ដូចជា កាល់ស្យូម ជាតិដែក និងស័ង្កសីជាដើម ដូច្នេះ ក្មេងៗមិនគួរញ៉ាំកាហ្វេឡើយ។

3. កាហ្វេនឹងធ្វើឱ្យអ្នកមានជំងឺក្រពះកាន់តែមានដំបៅធ្ងន់ធ្ងរឡើង : ដោយសារតែកាហ្វេនឹងធ្វើឱ្យក្រពះមានទឹករំលាយអាហារ​ចេញមកច្រើនរហូតធ្វើឱ្យក្លាយជាដំបៅច្រើនឡើង ដូច្នេះអ្នកកើតជំងឺក្រពះមានដំបៅមិនគួរទទួលទានកាហ្វេច្រើនឡើយ ជាពិសេសក្នុងពេលដែលពោះទទេ។

4. កាហ្វេនឹងធ្វើឱ្យពុកឆ្អឹង : ដោយសារតែកាហ្វេអីុនមានគុណប្រយោជន៍ធ្វើឱ្យបញ្ចេញទឹកមូត្រច្រើនឡើង បើទទួលទានកាហ្វេរយៈពេលយូរនឹងធ្វើឱ្យបាត់បង់ជាតិកាល់ស្យូមទៅជាមួយទឹកមូត្រច្រើន រហូតធ្វើឱ្យឆ្អឹងពុក ជាពិសេសសម្រាប់ស្រ្តីក្នុងវ័យអស់រដូវ មិនគួរទទួលទានកាហ្វេច្រើនពេកឡើយ។

5. កាហ្វេមិនល្អសម្រាប់ស្រ្តីមានគភ៌ : ស្រ្តីមានគភ៌ បើទទួលទានកាហ្វេច្រើន នឹងធ្វើឱ្យទារកដែលនៅក្នុងគភ៌ធំធាត់មិនប្រក្រតី ឬអាចនឹងរលូតទៀតផង។

6. កាហ្វេនឹងបំផ្លាញវីតាមីន B1 : វីតាមីន B1 ជាវីតាមីនដែលរក្សាតុល្យភាព និងភាពស្ថិតស្ថេររបស់ប្រព័ន្ធប្រសាទ ដូច្នេះ អ្នកដែលខ្វះវីតាមីន B1 មិនគួរទទួលទានកាហ្វេឡើយ។ នៅពេលបានដឹងទាំងអស់គ្នាដូច្នេះហើយ សូមទទួលទានកាហ្វេឱ្យល្មមសមរម្យណាប្រិយមិត្តអ្នកអាន ព្រោះអ្វីក៏ដោយ ឱ្យតែលើសបរិមាណដែលសមរម្យល្មមហើយនោះ គឺសុទ្ធតែហុចគុណវិបត្តិឱ្យទាំងអស់៕

Advertisement