វិធី9យ៉ាង​ការពារ​សុខភាព​ក្នុង​រដូវវស្សា

ការការពារ​សុខភាព​នៅក្នុង​រដូវភ្លៀង​ឱ្យបាន​ល្អ អាចជា​រឿង​ពិបាក​សម្រាប់​មនុស្ស​គ្រប់រូប ព្រោះថាអាកាសធាតុ​នៅក្នុង​រដូវ​នេះ​ងាយ​នឹង​ផ្លាស់ប្ដូរ​គ្រប់ពេល បន្តិច​ក៏​ក្ដៅ បន្តិច​ក៏​ភ្លៀង បន្តិច​ក៏​ត្រជាក់ ទើប​ធ្វើឱ្យ​រាងកាយ​មិនអាច​ទទួលយក​សភាព​ផ្លាស់ប្តូរ​បែបនេះ​បាន ធ្វើឱ្យមាន​ជំងឺ​កើតឡើង​ទាល់តែ​បាន។ យក​ល្អ អ្នក​គួរតែ​សាកល្បង​ថែរក្សា​សុខភាព​របស់​អ្នក​តាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ។

1. ទទួលទាន​ទឹក​យ៉ាងតិច​ក្នុង​មួយថ្ងៃ1.5លីត្រ
ក្នុង​មួយថ្ងៃ អ្នក​គួរតែ​ទទួលទាន​ទឹក​យ៉ាងហោចណាស់​មួយថ្ងៃ1.5លីត្រ ដើម្បី​បំពេញ​ជាតិ​ទឹក​ទៅដល់​សរសៃឈាម ហើយ​ទឹកនឹង​ទៅ​ជួយ​ឱ្យ​រាងកាយ​មាន​តុល្យភាព និង​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការឆ្លង​មេរោគផ្សេងៗ ដែល​ចូល​វាយ​ឡុ​ក​រាងកាយ​អ្នក។ ម្យ៉ាងទៀត ការទទួល​ទាន​បាន​គ្រប់គ្រាន់ នឹង​ជួយ​ឱ្យ​រាងកាយ​មាន​តុល្យភាព មិនកើត​ជំងឺ​ផ្ដាសាយ​បាន​ដោយ​ងាយ​ថែម​ទៀតផង។

2. គេង​ឱ្យបាន​គ្រប់គ្រាន់​មួយថ្ងៃ​ពី6-8ម៉ោង
អ្នក​គួរ​សម្រាក ឬ​គេង​ឱ្យបាន​គ្រប់គ្រាន់​យ៉ាងហោចណាស់​ពី6ទៅ8ម៉ោង ដើម្បីឱ្យ​រាងកាយ​មានឱកាស​ជួសជុល​កោសិកា​ខូចខាត​ឡើងវិញ ខណៈពេល​អ្នក​កំពុង​គេង​លក់ តែ​ប្រសិនបើ​អ្នក​ពិបាក​គេង ឬ​គេង​មិនសូវ​លក់​វិញ​នោះ អ្នក​គួរតែ​ទទួលទាន​ផ្លែ​ចេក​ជា​ជំនួយ ព្រោះ​នៅក្នុង​ផ្លែ​ចេក​មាន​សារធាតុ Triptophane ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់។

3. យក​ឆ័​ត្រ និង​អាវ​ភ្លៀង​ដាក់​តាម​ខ្លួន​ជានិច្ច
នៅក្នុង​រដូវភ្លៀង​បែបនេះ កុំ​ភ្លេច​យក​ឆ័​ត្រ និង​អាវ​ភ្លៀង​ទៅតាម​ខ្លួន​គ្រប់​ពេលដែល​អ្នក​ចេញទៅ​ខាងក្រៅ ដើម្បី​កុំឱ្យ​រាងកាយ​ទទឹកទឹកភ្លៀង​នៅពេល​ភ្លៀង​ធ្លាក់ ព្រោះ​វា​ជួយ​កាត់បន្ថយ​ការកើត​ជំងឺ​គ្រុនក្ដៅ និង​គ្រុនផ្ដាសាយ​បាន​ផងដែរ។

4. រក្សាខ្លួន​ឱ្យ​ស្ងួត​ជានិច្ច
ដើម្បី​ធ្វើឱ្យ​រាងកាយ​មាន​សីតុណ្ហភាព​អាច​ទប់​ទល់នឹង​អាកាសធាតុ​ខាងក្រៅ​បានល្អ មិនឱ្យ​កើត​ជំងឺផ្សេងៗដូចជា ជំងឺ​សើ​ស្បែក និង​រោគ​រលាក​សួត​បាន​ដោយ​ងាយ អ្នក​ត្រូវតែ​ធ្វើ​ខ្លួនឯង​ស្ងួត​ជានិច្ច។ នៅពេល​អ្នក​សើម​ទទឹក​ទឹកភ្លៀងថ្មីៗ អ្នក​គួរតែ​ឆាប់​ប្ដូរ​សម្លៀក​ពំ​ពាក់​ឱ្យបានភ្លាមៗ ដើម្បីឱ្យ​រាងកាយ​មាន​ភាពកក់ក្ដៅ​ឡើងវិញ តែ​ប៉ុណ្ណេះ​ក៏​ជួយ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺ​សើ​ស្បែក និង រោគ​រលាក​សួត​បាន​ហើយ។

5. មិនត្រូវ​ដើរចូល​កន្លែង​ដែលមាន​ទឹក​លិច
នៅ​កន្លែង​មានទឹក​លិច ចាត់ទុកថា​ជា​កន្លែង​ដែល​ត្រូវ​ហាមប្រាម​តែម្ដង ព្រោះ​វា​អាច​បង្ក​ឱ្យ​កើតមាន​ជំងឺ​សើ​ស្បែក ជំងឺថ្លើម និង​រោគ​រលាក​គ្រលៀន ដែល​បង្កដោយ​ទឹក​កខ្វក់ដែល​វា​ជា​គ្រោះថ្នាក់​មួយ​ដែល​គួរឱ្យ​បារម្ភ​បំផុត​ក្នុង​រដូវភ្លៀង​ធ្លាក់។

6. ការពារ​កុំឱ្យ​មូស​ខាំ
នៅ​រដូវ​ធ្លាក់ភ្លៀង មាន​សត្វ​មូស​ជាច្រើនដែល​អាច​បង្ក​ជា​ជំងឺគ្រុនឈាម​បានដូច្នេះហើយ​ទើប​អ្នកត្រូវកា​ពារ​កុំឱ្យ​មូស​ខាំ ដោយ​ការ​គេង​នៅក្នុង​មុង ឬ​ប្រើប្រាស់​ថ្នាំ​បណ្ដេញ​មូស​ចេញពី​លំនៅឋាន​របស់​អ្នក និង​គួរ​ស្លៀកពាក់​ឱ្យបាន​ជិត​ល្អ​ផងដែរ។

7. ប្រើ​ប្រេង​លាប​ប្រភេទ Eucalyptus Oil
នៅពេលដែល​អ្នក​តឹង​ច្រមុះ ឬ​ពិបាក​ក្នុងការ​ដកដង្ហើម អ្នក​គួរប្រើ​ប្រេង​លាប​ប្រភេទ Eucalyptus Oil លាប​នៅលើ​បរិវេណ​ទ្រូង ឬ​ខ្នង​របស់​អ្នក ដើម្បីឱ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់​អ្នកមាន​ភាព​ងាយ​ស្រួយ​ឡើងវិញ។

8. ទទួលទាន​អាហារ​ដែល​ចម្អិន​ឆ្អិនថ្មីៗ
អ្នក​គួរតែ​ជ្រើសរើស​ទទួលទាន​អាហារ​ណា​ដែល​ចម្អិន​ឆ្អិនថ្មីក្ដៅៗ ដើម្បី​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​មិនឱ្យ​កើតមាន​ជំងឺ ដែល​បង្កដោយ​សារធាតុ​ពុល​ដែលមាន​នៅក្នុ្ង​ងអាហារ។

9. ទទួលទាន​តែ​ឱសថ​បុរាណ​ក្ដៅឧណ្ហៗ
ជាប្រចាំ នៅ​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់ អាកាសធាតុ​តែងតែ​ប្រែ​ទៅជា​ត្រជាក់​ខ្លាំង ដូច្នេះ​អ្នក​គួរតែ​ទទួលទាន​តែ​ឱសថ​បុរាណ​ក្ដៅឧណ្ហៗ 1 កែវ ដើម្បីឱ្យ​រាងកាយ​របស់​អ្នកមាន​សីតុណ្ហភាព​ធម្មតា ការពារ​ជំងឺឆ្លង និង​បាក់តេរី ដែល​មក​ជាមួយនឹង​ទឹកភ្លៀង ហើយ​ម្យ៉ាងទៀត ការទទួល​ទាន​ទឹកតែ​ក្តៅឧណ្ហៗ ក៏​អាចជួយ​បន្ធូរបន្ថយ​ភាព​ត្រជាក់​បាន​យ៉ាង​ល្អ​ផងដែរ៕

Advertisement