គុណប្រយោជន៍សរសៃពណ៌សជាប់នឹងសាច់ក្រូច ដែលអ្នកមិនធ្លាប់បានដឹងពីមុន

August 8, 2018​ ម៉ោង 3:08 pm

ផ្លែឈើដែលងាយរកទទួលទានបាននោះគឺ “ក្រូច” តែមានមនុស្សជាច្រើននាក់ដែលមិនបានដឹងថា ការទទួលផ្លែក្រូចជាអាហារពេលព្រឹក ជាវិធីសាស្ត្រមួយនៃការតមអាហារបានយ៉ាងប្រសើរបំផុត។ ដោយសារតែសរសៃពណ៌សដែលមានជាប់នឹងសាច់ក្រូចនេះហើយ ដែលជួយឱ្យអ្នកតមអាហារបាន ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀតផង។

ក្រូច ជាផ្លែឈើដែលត្រូវបានណែនាំឱ្យអ្នកដែលត្រូវការតមអាហារសម្រកទម្ងន់។ ក្នុងក្រូច100ក្រាម មានកាឡូរី45គីឡូកាឡូរី ហើយបើ75ក្រាម មានកាឡូរីរហូតដល់ទៅ34គីឡូកាឡូរីដែលអាចនិយាយបានថា ក្រូចជាផ្លែឈើដែលមានកាឡូរីទាបបំផុត និងសម្បូរទៅដោយវីតាមីនជាច្រើនយ៉ាង។ បើទោះបីជាអ្នកទទួលទានក្រូច3ផ្លែ នោះអ្នកក៏អាចទទួលបានកាឡូរី100គីឡូកាឡូរី ដែលល្អស័ក្ដិសមចំពោះអ្នកដែលនិយមទទួលទានអាហារកំបិុចកំប៉ុក មិនធ្វើឱ្យងាយធាត់បានឡើយ។ ភាគច្រើនមនុស្សទូទៅបានជ្រាបដឹងថា ក្នុងផ្លែក្រូច សម្បូរទៅដោយវីតាមីន C ច្រើន ដែលមានគុណសម្បិត្តជួយរក្សាស្បែកឱ្យភ្លឺរលោង និងជួយឱ្យមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ ក្រូចក៏មាននូវសារធាតុ Pectin ដែលអ្នកអាចមើលឃើញថា ជាសរសៃពណ៌សដែលមានជាប់នឹងផ្លែក្រូច មានគុណសម្បត្តិជួយដល់ការធ្វើការរបស់អង់ស៊ីម ដែលនាំមុខការរំលាយអាហារ និងការពារការស្រូបយកសារធាតុខ្លាញ់នៅក្នុងរាងកាយ។

សរសៃពណ៌ស ដែលជាប់នឹងសាច់ក្រូច ត្រូវបានគេហៅម៉្យាងទៀតថា “សរសៃ Pectin”។ នៅក្នុងសរសៃនេះមាននូវវីតាមីនជាច្រើនយ៉ាងបានផ្សំបញ្ចូលគ្នា និងមានទាំងម៉ូលីគុល Bioflavonoid ដែលគេឱ្យឈ្មោះមួយទៀតថា Hesperidin ផងដែរ។ យ៉ាងណាមិញ “សរសៃ Pectin” មានគុណសម្បត្តិជួយដុតកំឡោចជាតិខ្លាញ់នៅក្នុងរាងកាយ ជួយបន្ថយកូលេស្រ្តូរ៉លនៅក្នុងសរសៃឈាម ធ្វើឱ្យលំហូរវិលរបស់លោហិតហូរបានយ៉ាងប្រសើរ និងប្រមូលផ្ដុំសារធាតុវីតាមីន C ជាដើម។ ទាំងអស់នេះហើយបានជាសរសៃពណ៌សជាប់នឹងសាច់ក្រូចនោះ មានគុណប្រយោជន៍យ៉ាងមហាសាល ក្នុងការថែរក្សាសុខភាពរបស់អ្នក។

ដូច្នេះការទទួលទានផ្លែក្រូចមួយផ្លែ អ្នកនឹងទទួលបានទាំងវីតាមីន C និង A, សារធាតុ Flavonoid, អង់​ទី​អុក​ស៊ីដង់​, កាល់ស្យូម​, ម៉ាញ៉េ​ស្យូម​, ប៉ូ​តា​ស្យូម​ ជាតិទឹក និងជាប្រភេទអាហារមានជាតិ​សរសៃ រួមបញ្ចូលគ្នាផងដែរ។ ហើយវីតាមីនជាច្រើននៅក្នុងផ្លែក្រូច ផ្ដល់អត្ថប្រយោជន៍ដល់អ្នកក្រោយពេលទទួលទានដូចជា បំបាត់​ការ​ទល់លាមក​, កែសម្រួល​អា​ការឡើង​សម្ពាធ​ឈាម​ខ្ពស់​, បង្ការ​ជំងឺមហារីក, ទប់ស្កាត់​ជំងឺ​បេះដូង​​, ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​វី​រ៉ុស​​ ,ទប់ស្កាត់​ជំងឺ​ស្បែក​, ថែរក្សា​ឆ្អឹង, ធ្វើឱ្យ​ធ្មេញ​​រឹងមាំ​ ​,បង្ការ​ជំងឺ​តម្រង​នោម​, ព្យាបាលជំងឺផ្ដាសាយ, ក្រៅពីនេះគឺជួយបង្ការ និង​ព្យាបាល​ជំងឺ​ជា​ច្រើនទៀត​ដូចជា ជំងឺ​ហឺត​, ជំងឺ​រលាក​ទងសួត​, ជំងឺ​រលាក​សួត​, ជំងឺរបេង​ និងជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatic​ ផងដែរ៕