គុណប្រយោជន៍នៃការជិះកង់ ដើម្បីសុខភាព

August 8, 2018​ ម៉ោង 4:23 pm
0

ប្រាកដ​ណាស់ ការ​ជិះ​កង់​​នឹង​ធ្វើឱ្យអ្នក​មាន​សុខភាព​ល្អ​ រីករាយ និងមាន​សេរីភាព​ ហើយក៏​មិន​ចាំបាច់ឱ្យអ្នក​ត្រូវ​ចំណាយ​អ្វី​ច្រើន​នោះទេ​។ អ្នក​អាច​រីករាយ​ជាមួយមជ្ឈដ្ឋាន​ខាងក្រៅ និងអាចកម្សាន្ដជាមួយនឹង​ជីវិត​របស់​អ្នកបានយ៉ាងពេញទំហឹង​។ ការជិះកង​មិន​ត្រឹមតែ​ជាការធ្វើ​លំ​ហាត់ប្រាណ​នោះទេ វា​ថែមទាំង​អាចជួយឱ្យ​អ្នកធ្វើដំណើរ​បាន​យ៉ាង​សប្បាយ​ រក្សារូបរាងកាយ​ឱ្យ​សមសួន និងជួយ​ដល់​បរិស្ថាន​បានទៀត​ផង​។ ការ​ធាក់​កង់​គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការជួយឱ្យ​អ្នកមាន​សុខភាព​ល្អ ដោយ​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ​អ្វី​ទាំងអស់ ក្រៅពី​ការកម្សាន្តសប្បាយ ​និង​ការ​ស្រូបយកខ្យល់អាកាស​បរិសុទ្ធ។

នៅថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមជម្រាបជូនពីគុណសម្បត្តិ​ទាំង5​យ៉ាង ដែល​អ្នក​នឹង​ទទួលបាន​ពី​ការ​ជិះ​កង់៖

1. បញ្ចេញជាតិពុលក្នុងរាងកាយ​
ជាការហាត់ប្រាណបែប Aerobic Exercise ដែលល្អនោះគឺ ការទាញយកអុកស៊ីហ្សែនទៅដុតបំផ្លាញសារធាតុខ្លាញ់ ដើម្បីកសាងថាមពលក្នុងការបញ្ចេញកម្លាំងរបស់រាងកាយ។ បើនិយាយឱ្យស្រួលយល់គឺ ជាផ្នែកមួយនៅក្នុងជម្រើសហាត់ប្រាណងាយៗ ក្នុងការបញ្ចេញជាតិពុលក្នុងខ្លួន និងជួយសម្រកទម្ងន់បានយ៉ាងល្អ។

2. សម្រួលផ្លូវដង្ហើម
ជាផ្នែកមួយនៃការជួយជំរុញឈាមឱ្យហូរវិលបានយ៉ាងស្រួល ដែលវាបានជួយសម្រួលដល់បេះដូង និងផ្លូវដង្ហើមឱ្យប្រសើរឡើងខ្លាំង។ ឈាមអាចនាំយកអុកស៊ីហ្សែ៊នបញ្ចូនទៅផ្នែកផ្សេងៗនៃរាងកាយបានយ៉ាងច្រើន។ ការហាត់-ប្រាណដោយជិះកង់ ជួយជំរុញដោយការរំលាយអាហារ និងបញ្ចូនកាកសំណល់អាហារមិនល្អចេញពីរាងកាយតាមរយៈដំណើរការបញ្ចេញចោលយ៉ាងស្រួល។

3. កាត់បន្ថយអារម្មណ៍តានតឹង
តើ​អ្នក​​ធ្លាប់បាន​ធ្វើ​សកម្មភាព​អ្វីខ្លះ នៅពេល​ដែល​អ្នក​កំពុងតែ​មានអារម្មណ៍ស្មុគស្មាញ​នោះ? តើ​អ្នក​មានចេញទៅ​រត់ នៅក្នុង​សួនច្បា​រដែរ​ទេ​? តើ​អ្នក​មាន​បាន​សម្គាល់​ទេ​ថា តើ​អ្នក​អាច​រក្សា​នូវ​ការអនុវត្តទម្លាប់​នេះ​បានប៉ុន្មាន​ដង​?ការ​ធាក់​កង់​គឺជា វិធី​ងាយៗ ដែល​អាច​ឱ្យ​អ្នក​មាន​ភាព​រីករាយ​នឹងបន្ត​ធ្វើ​វា ហើយ​វា​ក៏​ជាអ្នក​ជួយ​បន្ធូរ​នូវ​អារម្មណ៍តានតឹងរបស់​អ្នក​បាន​យ៉ាង​ល្អ​ផងដែរ​។ សុខភាព​ផ្លូវចិត្ត​ល្អ គឺ​ដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក​។ ហើយ​អ្វី​ដែល​ជា​ការប្រសើរ​នោះ​គឺ អ្នក​គួរ​កំណត់យក​ការ​ជិះ​កង់ ជា​ផ្នែក​មួយនៃ​ទម្លាប់​ជា​ប្រចាំថ្ងៃ​របស់​អ្នក​។​

4. ជួយឱ្យឆាប់គេងលក់ស្រួល
បន្ទាប់ពីធ្វើការងារហើយ ខួរក្បាលរបស់អ្នកត្រូវការសម្រាក ក៏ប៉ុន្ដែសម័យថ្មីនេះ មនុស្សជាច្រើននិយមប្រើប្រាស់ទូរស័ព្ទជាប់ខ្លួនជានិច្ចដោយមិនចាប់អារម្មណ៍ពីផលប៉ះពាល់ដល់សុខភាពនោះទេ។ បញ្ហានេះ ពេលខ្លះអាចធ្វើឱ្យអ្នកគេងមិនលក់ និងមិនងាយគេង ក៏ព្រោះតែខួរក្បាលនៅតែដំណើរការជាប់រហូត គឺរហូតគិតខុសថា ពេលយប់ទៅជាពេលថ្ងៃ ពេលថ្ងៃទៅជាពេលយប់។ នៅពេលធាក់​កង់ គឺ​អ្នក​កំពុងតែ​ពង្រឹង​សាច់ដុំ​ទាំងអស់របស់​អ្នក​ ប្រព័ន្ធ​គ្រោងឆ្អឹង​ ខួរ​ឆ្អឹងខ្នង​ សន្លាក់​ ប្រព័ន្ធ​​ឈាម​រត់ និងប្រព័ន្ធ​ភាព​សាំ​របស់​អ្នក​។ នៅពេលដែលប្រព័ន្ធឈាមរបស់អ្នករត់បានស្រួល និងមានការបញ្ចេញកម្លាំងច្រើនទៀតនោះ ពិតប្រាកដណាស់ វាធ្វើឱ្យអ្នកនឿយហត់បន្ដិចមែន តែវាក៏ហុចផលឱ្យអ្នកឆាប់គេងលក់ស្រួលបានផងដែរ។

5. ហុចផលល្អចំពោះបរិស្ថាន
យើង​ដឹង​ហើយ​ថា ការប្រើ​យាន្ត​ជំនិះ​ផ្សេងៗ​ទៀត ដូចជា ឡាន​ ម៉ូតូ​ រថភ្លើង និងគ្រឿងយន្ត​ផ្សេងៗទៀត​គឺ សុទ្ធតែ​បាន​បំពុល​​ខ្យល់អាកាស​។ ការបំពុល​ដោយគ្មានសំលេង និងបន្សល់​នូវសារជាតិ​កាបូន​ជាច្រើនសន្ធឹកនៅ​ក្នុង​បរិយាកាស​ជុំវិញ​ខ្លួន​យើង​ វាបានបំផ្លាញសុខភាពយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ការ​ធាក់​កង់ គឺ​មិន​បាន​បន្សល់​នូវកាកសំណល់​កាបូន​អ្វី​នោះ​ទេ​ព្រោះកង់​មិនចាំបាច់ត្រូវការ​​ប្រេងសាំង ហើយ​វា​ក៏​មិន​បាន​បញ្ចេញ​នូវឧស្ម័ន​ពុល​អ្វី​នោះ​ដែរ​។ ការកាត់បន្ថយ​នូវ​ការប្រើ​គ្រឿងយន្ត​ដែល​មាន​ផ្សែង ហើយងាកមក​ប្រើ​​កង់​ជំនួស​វិញ គឺ​អាច​ជួយកាត់បន្ថយ​នូវ​កម្រិតជាតិពុល ដែល​នឹង​អាច​ផ្តល់ឱ្យ​យើង​រាល់គ្នានូវ​ខ្យល់​ដង្ហើមដ៏បរិសុទ្ធ។ កត្តា​នេះនឹង​ជម្រុញ​ឱ្យមាន​អត្ថប្រយោជន៍​ចំពោះ​មនុស្សជាតិ នៅក្នុង​រយៈពេល​​យូរនាពេលអនាគត ព្រមទាំងមានប្រយោជន៍ដល់សុខភាពជាខ្លាំងថែមទៀតផង​​៕

ចែករំលែក

គាំទ្រកាសែតឡារ៉ែនពាណិជ្ជ សូមជូយចុច Like & Share Facebook Page ខាងក្រោម

គាំទ្រទស្សនាវដ្ដីឡារ៉ែន សូមជូយចុច Like & Share Facebook Page ខាងក្រោម