អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…

ប្រទេសចិន៖ មន្ត្រីសុខាភិបាលចិនបានឱ្យដឹងថា មានអ្នកឆ្លងជម្ងឺរលាកសួតដោយសារមេរោគ Corona ចំនួន 17នាក់បានបាត់បង់ជីវិត គឺកើនឡើងជិតទ្វេដងក្នុងរយៈពេលត្រឹមតែ 1ថ្ងៃប៉ុណ្ណោះ ហើយរឿងនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

អ្នកជម្ងឺដែលបានស្លាប់បាត់បង់ជីវិត សុទ្ធតែជាអ្នករស់នៅក្នុងក្រុង Wuhan នៃខេត្តHubei។ គិតមកដល់ល្ងាចថ្ងៃទី22 មករា ករណីឆ្លងជម្ងឺខាងលើ បានកើនដល់ 541នាក់ ដែលអ្នកទាំងនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រោះមានអាការក្ដៅរងា និងខ្សោយដង្ហើម។ ក្នុងចំណោមអ្នកដែលបានឆ្លងជម្ងឺរលាកសួតដោយមេរោគ Corona នេះ គឺមាន 15នាក់ជាបុគ្គលិកសុខាភិបាលដែលធ្លាប់ថែទាំអ្នកជម្ងឺរលាកសួត Wuhan។

នៅទីក្រុង Macau ក៏ត្រូវបានគេដឹងថា មានករណីឆ្លងជម្ងឺនេះជាលើកដំបូងដែរ។ អ្នកជម្ងឺម្នាក់នេះជាស្ត្រីអាយុ 52ឆ្នាំ មកពី Wuhan ដែលជាតំបន់កំណើតនៃមេរោគរលាកសួត corona។ អ្នកជម្ងឺនេះ មានអាការឈឺបំពង់ក និងក្អកប្រហែល 1សប្ដាហ៍ មុនពេលមកដល់ក្រុង Macau។

ថ្នាក់ដឹកនាំចិន បានអំពាវនាវឱ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍នៅចំពោះមុខបញ្ហានេះ។ ប៉ុន្តែ ជម្ងឺនេះបានប៉ះពាលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងពេលវេលារបស់ពលរដ្ឋចិន។ មនុស្សកាន់តែច្រើនបានលុបចោលគម្រោងធ្វើដំណើររបស់ខ្លួន ហើយអ្នកខ្លះសម្ងំនៅតែផ្ទះដើម្បីគេចពីហ្វូងមនុស្ស។ល។

ទោះជាយ៉ាងនេះក្ដី ប្រទេសចិនដែលកំពុងទទួលអំណរឆ្នាំថ្មី មានមនុស្សរាប់រយលាននាក់បាន និងកំពុងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ពាសពេញពិភពលោក ដូច្នេះការរាលដាលនៃជម្ងឺនេះ គឺប្រាកដជាពិបាកក្នុងការទប់ស្កាត់មិនខាន។

សារព័ត៌មាន Flightradar24 បានរាយការណ៍ថា ក្នុងសប្ដាហ៍នេះនឹងមានជើងហោះហើរសរុប 2,131ជើង ដែលហោះពីតំបន់ Wuhan ទៅកាន់បណ្ដាទីក្រុងក្នុងប្រទេសចិន។ ជើងហោះហើរអន្តរជាតិដែលហោះហើរចេញពីប្រទេសចិន នឹងមានចំនួនជាង 205ជើង គិតពីថ្ងៃទី20 ដល់27 មករាខាងមុខ ក្នុងនោះមាន 54ជើងហោះហើរនឹងចុះចតនៅប្រទេសថៃ ដែលជាប្រទេសនៅជិតខាងកម្ពុជា៕

ប្រភព​៖​ ព័ត៌មាន​បរទេស

Advertisement