មេរោគបង្ករលាកសួតថ្មី Wuhan – 6 ចំណុចដែលអ្នកត្រូវដឹងពីវា ដើម្បីការពារជីវិត

មេរោគ Corona ប្រភេទថ្មី ដែលធ្វើឱ្យកើតជម្ងឺរលាកសួត និងសម្លាប់មនុស្សយ៉ាងឆាប់រហ័ស បានរាលដាលដល់ប្រទេសថៃ ជប៉ុន កូរ៉េខខាងត្បូង ហើយថ្មីៗនេះវាបានឆ្លងទៅដល់កោះតៃវ៉ាន់ បណ្ដាលឱ្យពិភពលោកភ័យខ្លាចជាខ្លាំង។ ដើម្បីការពារជីវិតរបស់យើងកុំឱ្យឆ្លងមេរោគនេះ តើយើងត្រូវធ្វើដូចម្ដេចខ្លះ?

មេរោគ Corona (Coronavirus) ដែលជាមូលហេតុនាំឱ្យរលាកសួតចម្លែកដែលបានកើតឡើងនៅតំបន់ Wuhan ប្រទេសចិន គឺជាមេរោគប្រភេទថ្មីបំផុតដែលទើបត្រូវបានរកឃើញ ដូច្នេះ នៅមានប្រការជាច្រើនដែលអ្នកវិទ្យាសាស្ដ្រមិនដឹងច្បាស់អំពីមេរោគនេះ។ យ៉ាងនេះក្ដី បើតាមទូរទស្សន៍ CNN ដោយសារតែប្រភេទមេរោគថ្មីនេះគឺជា “បងប្អូន” របស់មេរោគដែលធ្លាប់បានបង្កឱ្យមានអាសន្នរោគ SARS និង MERS ដូច្នេះអ្នកវិទ្យាសាស្ដ្រក៏ក្ដាប់បានមូលដ្ឋានគ្រឹះស្ដីពីមេរោគនេះ។

អ្នកវិទ្យាសាស្ត្រ Leo Poon ដែលជាអ្នកបានវិភាគមេរោគ corona យល់ថា ប្រភេទមេរោគថ្មីនេះប្រាកដជាបានកើតនៅលើសត្វ រួចហើយបានឆ្លងមកមនុស្ស។

លោក Poon ដែលជាអ្នកឯកទេសខាងមេរោគនៅសកលវិទ្យាល័យវេជ្ជសាស្ត្រសាធារណៈហុងកុងបានថ្លែងថា ៖ “អ្វីដែលយើងខ្ញុំដឹងនោះគឺថា វាបង្កឱ្យមានជម្ងឺរលាកសួត ហើយក្រោយមកវាក៏មិនមានប្រតិកម្មអ្វីជាមួយនិងការព្យាបាលដោយថ្នាំសម្លាប់មេរោគ (មានន័យថា មេរោគនេះនឹងមិនងាប់ បើទោះប្រើថ្នាំសម្លាប់វាក៏ដោយ)។ ប្រការនេះគេមិនភ្ញាក់ផ្អើល ព្រោះថាមេរោគ SARS ក៏ធ្លាប់ឆក់យកជីវិតអ្នកជម្ងឺរហូតដល់10% នៃអ្នកកើតរោគនេះ។

ខាងក្រោមនេះ គឺជាអ្វីដែលលោកអ្នកត្រូវដឹងអំពីមេរោគដ៏កាចសាហាវនេះ៖

មេរោគ corona គឺជាអ្វី?

យោងតាមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងអាសន្នរោគអាមេរិក មេរោគ corona គឺជាត្រកូនធំមួយដែលរួមមានប្រភេទផ្សេងៗគ្នា ដែលមានភាគច្រើននៅលើសត្វ។ ក្នុងករណីកម្រមួយចំនួន ពួកមេរោគនេះ អាចឆ្លងពីសត្វមកមនុស្ស។

អាការរបស់អ្នកជម្ងឺបន្ទាប់ពីបានឆ្លងមេរោគ corona

មេរោគប្រភេទនេះ បណ្ដាលឱ្យអ្នកជម្ងឺជួបបញ្ហាលើប្រព័ន្ធដង្ហើម ចាប់ពីស្រាល ដល់មធ្យម ស្រដៀងទៅនឹងអាការគ្រុនក្ដៅ។

រោគសញ្ញាដែលបង្ហាញថា បានឆ្លងមេរោគនេះ រួមមាន ហៀរសម្បោរ ក្អក ឈឺបំពង់.ក ហើយអាចឈឺក្បាល និងក្ដៅខ្លួន។ រោគសញ្ញាទាំងនេះ អាចអូសបន្លាយច្រើនថ្ងៃ។

សម្រាប់មនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មនុស្សចាស់ កុមារជាដើម មេរោគ corona នេះ នឹងធ្វើឱ្យកើតជម្ងឺទាក់ទិននឹងផ្លូវដង្ហើបផ្នែកខាងក្រោម ដូចជារលាកសួត ឬរលាកទងសួត។

របៀបឆ្លងនៃមេរោគនេះ

ក្រុមមេរោគ corona អាចឆ្លងរាលដាលតាមរយៈការប៉ះពាល់រវាងមនុស្ស និងសត្វ។ អ្នកវិទ្យាសាស្ត្រយល់ថា ក្រុមមេរោគ corona ដូចជា MERS បានចាប់ផ្ដើមឆ្លងពីសត្វឩដ្ឋមកមនុស្ស ខណៈដែលអ្នកវិទ្យាសាស្ត្រសង្ស័យថា សត្វសំពោចក្រអូបគឺជាដើមហេតុដែលនាំឱ្យជម្ងឺ SARS ផ្ទុះឡើង។

ចំពោះមនុស្ស មេរោគនេះនឹងឆ្លងពីអ្នកនេះ ទៅអ្នកនោះ តាមរយៈជាតិទឹករងៃ ឬទឹកសម្បោរ ហើយវាក៏អាចឆ្លងតាមខ្យល់បន្ទាប់ពីអ្នកកើតជម្ងឺនេះកណ្ដាស់ ឬចាប់ដៃគ្នា។

មេរោគនេះក៏អាចឆ្លងតាមរយៈការប៉ះចំរបស់ដែលអ្នកកើតជម្ងឺនេះបានកាន់ ព្រោះបន្ទាប់ពីបានប៉ះ ពួកគេប្រាកដជាយកដៃដែលជាប់មេរោគនោះទៅជូតមាត់ ភ្នែក ឬច្រមុះ។ អ្នកដែលបានថែទាំអ្នកជម្ងឺនេះក៏អាចឆ្លងរោគ នៅពេលច្រឡំដៃកាន់ចំរបស់ដែលអ្នកជម្ងឺបានប្រើដោយដៃទទេ នេះបើតាម CDC (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការអាសន្នរោគ) នៃសហរដ្ឋអាមេរិក។

ព្យាបាលមេរោគ corona ដោយវិធីណា?

មកដល់ពេលនេះ គេមិនទាន់រកឃើញវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពនៅឡើយ។ ករណីជាទូទៅ អាការនៃជម្ងឺនេះនឹងបាត់ទៅវិញឯកឯង។ គ្រូពេទ្យនឹងឱ្យលេបថ្នាំបំបាត់ការឈឺចាប់ឬថ្នាំបំបាត់គ្រុន។

យោងតាម CDC ការនៅក្នុងបន្ទប់ដែលមានសំណើមសមល្មម ឬងូតទឹកក្ដៅ ក៏អាចជួយកាត់បន្ថយការឈឺបំពង់ក និងក្អក។

អ្នកជម្ងឺគួរតែញ៉ាំទឹកឱ្យបានច្រើន សម្រាក និងគេងកាន់តែច្រើន កាន់តែល្អ។ ករណីដែលអាការកាន់តែធ្ងន់ធ្ងរ លោកអ្នកត្រូវតែទៅរកពេទ្យជាបន្ទាន់។

ទប់ស្កាត់ជម្ងឺដែលបង្កឡើងដោយមេរោគ corona

បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារមេរោគ corona នៅឡើយ។ ការពិសោធទៅលើវ៉ាក់សាំងការពារមេរោគ MERS កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។

ប៉ុន្តែ លោកអ្នកអាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនេះ ដោយការចៀសវាងការនៅក្បែរអ្នកជម្ងឺ។ រៀងរាល់ថ្ងៃ គួរកុំយកដៃដែលមិនទាន់លាងនឹងសាប៊ូទៅប៉ះមាត់ ភ្នែក និងច្រមុះ។ ចូរលាងដៃដោយប្រើសាប៊ូឱ្យបានញឹកញាប់ និងឱ្យបានយ៉ាងតិច20វិនាទី។ បើសិនលោកអ្នក គឺជាអ្នកជម្ងឺ សូមនៅសម្រាកក្នុងបន្ទប់ ចៀសវាងនៅក្បែរអ្នកផ្សេង។

ចូរបិទមាត់ និងច្រមុះ នៅពេលកណ្ដាស់។ លោកអ្នកត្រូវលាងសម្អាតដោយសាប៊ូនូវរបស់ដែលលោកអ្នកបានកាន់ ដើម្បីកុំឱ្យឆ្លងទៅអ្នកផ្សេង។

មេរោគ corona និងអ្នកមានផ្ទៃពោះ

ជាមួយនឹងស្ត្រីមានផ្ទៃពោះ មេរោគ corona អាចបង្កផលវិបាកធ្ងន់ និងគ្រោះថ្នាក់ជាងគេ។ មានករណីស្ត្រីមានផ្ទៃពោះដែលឆ្លងមេរោគ corona ប្រភេទ MERS បានធ្វើឱ្យកូនក្នុងផ្ទៃត្រូវបាត់បង់ជីវិត កាលពីឆ្នាំ2014៕

ប្រភព៖ សារព័ត៌មានបរទេស

ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…
អ្នកស្លាប់ដោយសារឆ្លងជម្ងឺរលាកសួត Wuhan កើនជិតទ្វេដង៖ ពលរដ្ឋចិនកំពុងភ័យខ្លាច…

Advertisement