វៀតណាមបញ្ជូនអ្នកដំណើរ 10នាក់ទៅកាន់មន្ទីរពេទ្យ ដោយសង្ស័យថាបានឆ្លងមេរោគរលាកសួតថ្មី wuhan

មន្ទីរពេទ្យ Da Nang នៃប្រទេសវៀតណាម បានរកឃើញ និងបានដាក់អ្នកដំណើរចំនួន 10នាក់ឱ្យនៅដាច់ដោយឡែក ក្នុងនាយកដ្ឋានវេជ្ជសាស្ត្រត្រូពិក ដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តរកមេរោគរលាកសួត Wuhan។

កាលពីព្រឹកមិញ (26 មករា) អគ្គនាយករងនៃមន្ទីរពេទ្យ Da Nang លោក Nguyen Thanh Trung បានឱ្យដឹងថា ក្នុងចំណោមមនុស្សទាំង10នាក់ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកទាំងនោះ គឺមានជនជាតិចិន 6នាក់ ជនជាតិឆែកម្នាក់ និងជនជាតិវៀតណាម 3នាក់។

វេជ្ជបណ្ឌិតវៀតណាមម្នាក់បានឱ្យដឹងថា ក្នុងចំណោមជនជាតិចិនទាំងនោះ មិនមានអ្នកណាម្នាក់មកពីក្រុង Wuhan ទេ។

យោងតាមរបាយការណ៍ដំបូងពីអាជ្ញាធរ មានមនុស្សប្រហែល 15នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ Da Nang ប្រទេសវៀតណាម។ មនុស្សមួយចំនួនទៀត ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីមានលទ្ធផលបញ្ជាក់ថា មិនមានផ្ទុកមេរោគរលាកសួត corona ។

លោក Nguyen Thanh Trung បានឱ្យដឹងថា អ្នកដំណើរខាងលើទាំងអស់ត្រូវបានគេរកឃើញថា មានអាការក្ដៅខ្លួនខ្លាំង ពិសេសគឺអ្នកទេសចរជនជាតិចិន។ ក្រៅពីនេះ គឺជាបុគ្គលិកសណ្ឋាគារ រីហ្សត និងបុគ្គលិកនៅព្រលានយន្តហោះដែលធ្លាប់បាននៅក្បែរអ្នកទេសចរចិន។

លោក Nguyen Tien Hong អនុប្រធានមន្ទីរសុខាភិបាលក្រុង Da Nang ក៏បានឱ្យដឹងដែរថា កាលពីថ្ងៃទី25 កន្លងទៅ អ្នកទេសចរម្នាក់មកពីខេត្ត Hunan ប្រទេសចិន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានពិនិត្យឃើញថា មានកម្ដៅខ្លួនឡើងដល់ 38,8អង្សាសេ។

បច្ចុប្បន្ន ក្រុង Da Nang មិនទាន់មានករណីឆ្លងមេរោគរលាកសួតថ្មី Corona nCoV នៅឡើយ ប៉ុន្តែ ប៉ុន្មានថ្ងៃមុន អាជ្ញាធរក្រុង Da Nang ក៏ធ្លាប់បានរកឃើញភ្ញៀវទេសចរ 2នាក់ដែលមានកម្ដៅខ្លួនខ្ពស់ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ សំណាងល្អ ពួកគេមិនបានឆ្លងមេរោគដ៏សាហាវនេះទេ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement