ចិនប្រើថ្នាំព្យាបាលអេដស៍ ព្យាបាលជំងឺរលាកសួតថ្មី Wuhan

គណៈកម្មាធិការសុខាភិបាលក្រុងប៉េកាំង បានឱ្យដឹងថា មន្ទីរពេទ្យចំនួន3 ផ្សេងគ្នា កំពុងប្រើថ្នាំព្យាបាលជំងឺអេដស៍ដើម្បីទប់ទល់ជំងឺរលាកសួតថ្មី nCoV (corona)។

ព័ត៌មានខាងលើនេះ ត្រូវបានគេចុះផ្សាយឱ្យដឹងនៅថ្ងៃទី26 ខែមករានេះ។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ក្រុមមន្ត្រីសុខាភិបាលចិនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ nCoV (ជា​មេរោគបង្កឱ្យរលាកសួតថ្មី corona)។

វេជ្ជបណ្ឌិតកំពុងព្យាបាលអ្នកជំងឺរលាកសួតថ្មីដែលបង្កឡើងដោយមេរោគ nCoV

យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការវេជ្ជសាស្ត្រក្រុងប៉េកាំង ប្រភេទថ្នាំដែលកំពុងប្រើប្រាស់មានឈ្មោះថា Lopinavir និង Ritonavir នេះ ត្រូវបានគេពិសោធឃើញថា មានប្រសិទ្ធភាពក្នុងការព្យាបាលប្រឆាំងនឹងមេរោគដ៏មហាប្រល័យ corona នេះ។

មន្ទីរពេទ្យទាំង3 ដែលទទួលបញ្ជាឱ្យពិសោធថ្នាំអេដស៍ទៅលើអ្នកជំងឺរលាកសួតថ្មីនេះ រួមមាន មន្ទីរពេទ្យ Beijing Ditan មន្ទីរពេទ្យ Beijing You’an និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រលេខ5 នៃមន្ទីរពេទ្យពហុព្យាបាលយោធានៃប្រទេសចិន។

ប្រភពព័ត៌មានបានឱ្យដឹងថា លទ្ធផលនៃការប្រើប្រាស់ថ្នាំ Lopinavir រួមជាមួយនឹងថ្នាំ Ritonavir មកទល់នឹងពេលនេះ គឺមានប្រសិទ្ធភាពច្រើន។

សូមរំឭកថា កាលពីថ្ងៃទី25 មករា(ម្សិលមិញ) លោកវេជ្ជបណ្ឌិត Liang Wudong អាយុ 62ឆ្នាំ ដែលជាអ្នកព្យាបាល​អ្នកជំងឺរលាកសួត wuhan បានស្លាប់បាត់បង់ជីវិត(ដោយសារឆ្លងមេរោគដ៏សាហាវនេះ)។ ទីភ្នាក់ងារសារព័ត៌មានចិននានា បានចេញផ្សាយថា លោក Liang Wudong គឺជាវេជ្ជបណ្ឌិតសំខាន់ជាងគេ ដែលចំណាយពេលច្រើននៅក្បែរ និងព្យាបាលអ្នកជំងឺរលាកសួតដោយមេរោគ nCoV នៅមន្ទីរពេទ្យ Hubei Xinhua ចាប់តាំងពីអាសន្នរោគនេះបានផ្ទុះឡើង៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement