ការកើនឡើងនៃករណីឆ្លងមេរោគ corona ត្រូវបានប្រកាសបន្ថែមជាបន្តបន្ទាប់

ក្រុងហុងកុង និងម៉ាកាវ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន សុទ្ធតែបានទទួលស្គាល់ថា ប្រទេសពួកគេមានករណីឆ្លងមេរោគរលាកសួត nCoV ប្រភេទថ្មីនេះកើនឡើង។

ក្រុងហុងកុងទើបតែបានបញ្ជាក់ថា មានអ្នកឆ្លងមេរោគរលាកសួត corona (nCoV)នេះ ចំនួន 6ករណីបន្ថែមទៀត។ អគ្គនាយកផ្នែកគុណភាព និងសុវត្ថិភាព នៃអគ្គនាយកដ្ឋានមន្ទីរពេទ្យក្រុងហុងកុង លោក Chung Kin-lai បានឱ្យដឹងបែបនេះនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃនេះ។

អ្នកជំងឺខាងលើ សុទ្ធតែធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុង Wuhan នៃខេត្ត Hebei ជាកន្លែងដែលមានការផ្ទុះការឆ្លងមេរោគរលាកសួត corona ដំបូងគេ។

ក្រុងហុងកុងកំពុងពិចារណាក្នុងការបិទច្រកព្រំដែនរវាងចិនដីគោក និងក្រុងហុងកុង។ ប៉ុន្តែ មានការរិះគន់ថា បើមានការបិទច្រកនេះមែន វាហាក់ដូចជាជ្រុលហួសពេក។

ក្នុងថ្ងៃនេះដែរ ក្រុងម៉ាកាវ ក៏បានប្រកាសថា មានអ្នកឆ្លងមេរោគរលាកសួត Wuhan កើនឡើងចំនួន 3ករណីទៀតហើយ ដែលធ្វើឱ្យចំនួនអ្នកឆ្លងរោគនេះនៅពេលនេះកើនឡើងដល់ 5ករណី។

ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក៏បានទទួលស្គាល់ដែរថា មានករណីឆ្លងមេរោគរលាកសួត ដែលមកដល់ពេលនេះជាករណីទី5 ហើយ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានឱ្យដឹងថា អ្នកជំងឺនេះ គឺជាពលរដ្ឋចិន អាយុ 36ឆ្នាំ បានមកពីក្រុង Wuhan ជាមួយក្រុមគ្រួសារកាលពីថ្ងៃទី22 មករា និងស្នាក់នៅក្នុងសណ្ឋាគារមួយលើកោះ Sentosa។

ចំណែកប្រទេសម៉ាឡេស៊ីវិញ បានបញ្ជាក់អំពីចំនួនអ្នកឆ្លងមេរោគ coronaថ្មី ជាករណីទី4 ក្រោយការប្រកាសលើកដំបូងតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Noor Hisham Abdullah បានថ្លែងថា អ្នកជំងឺថ្មីនេះ គឺជាបុរសវ័យ 40ឆ្នាំ មកពីទីក្រុង Wuhan។

សហរដ្ឋអាមេរិកថ្ងៃនេះ ក៏បានប្រកាសដែរថា ប្រទេសនេះមានករណីឆ្លងមេរោគ nCoV (corona) ទី3 ដែរ។ អ្នកជំងឺនេះ បានធ្វើដំណើរពីក្រុង Wuhan ទៅកាន់រដ្ឋ California។ ចំណែក 2ករណីមុននេះ គឺបានកើតឡើងនៅ Washington និង Illinois។

ដងផ្លូវ​មួយ​នៃ​ក្រុង​ Wuhan

ជប៉ុនក៏បានឱ្យដឹងដែរថា រាជាណាចក្រនេះក៏មានអ្នកឆ្លងមេរោគដ៏កាចសាហាវនេះជាករណីទី4 ដែរ នេះបើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ NHK ។ អ្នកជំងឺជាពលរដ្ឋម្នាក់មកពីក្រុង Wuhan អាយុ 40ឆ្នាំ មកដល់ជប៉ុន កាលពីថ្ងៃទី22មករា។ បច្ចុប្បន្ន អ្នកជំងឺនេះ កំពុងសម្រាកព្យាបាលក្នុងខេត្រ Aichi។

មកទល់ពេលនេះ មានប្រទេសជាច្រើនផ្សេងទៀត ក៏មានករណីឆ្លងមេរោគនេះ ដូចជា អូស្ត្រាលី 4ករណី បារាំង 3ករណី ប៉ាគីស្ថាន 1ករណី និងប្រទេសថៃ មាន 7ករណី។ល៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement