វៀតណាមទៀតហើយ! អ្នកជំងឺដែលគេសង្ស័យថា មានផ្ទុកមេរោគ corona មានវត្តមានចាប់ពីហាណូយដល់កោះត្រល់

ក្នុងចំណោមអ្នកជំងឺគួរឱ្យសង្ស័យចំនួន 59នាក់ដែលត្រូវអាជ្ញាធរវៀតណាមដាក់ឱ្យនៅដាច់ដោយឡែក (isolated areas) មាន 22នាក់ត្រូវបានគេពិនិត្យឃើញថា មិនមានផ្ទុកមេរោគរលាកសួត Wuhan (corona)។ ចំណែក 35នាក់កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត និង 2នាក់ទៀតត្រូវបានរកឃើញថា មានផ្ទុកមេរោគនេះ។

កាលពីល្ងាចថ្ងៃទី26 ម្សិលមិញ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា ក្នុងចំណោមមនុស្សខាងលើ គឺមានអ្នកជំងឺ 15នាក់នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ទើបនឹងត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិន រួមមានជនជាតិវៀតណាម 13នាក់ និងជនជាតិចិន 2នាក់។

ក្នុងនោះដែរ មាន 2ករណីនៅមន្ទីរពេទ្យ E (ហាណូយ) កំពុងមានសុខភាពប្រសើរឡើង។ មន្ទីរពេទ្យ National Hospital Of Tropical Diseases មានអ្នកជំងឺ 10នាក់កំពុងរង់ចាំលទ្ធផលនៃការពិនិត្យសុខភាព។

ក្រៅពីនេះ នៅមានករណីជាច្រើននៅមន្ទីរពេទ្យ Vinmec មន្ទីរពេទ្យពហុព្យាបាលខេត្ត Hai Duong និងមន្ទីរពេទ្យខេត្ត Thanh Hoa ជាដើម សុទ្ធតែមានអ្នកជំងឺកំពុងរង់ចាំលទ្ធផលពិនិត្យសុខភាព បន្ទាប់ពីសង្ស័យថា មានផ្ទុកមេរោគរលាកសួត corona (Wuhan)។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម Vnexpress។

ចំណែកនៅភាគខាងត្បូងវិញ ក៏មាន 2ករណីនៅកោះត្រល់ និងជនជាតិចិន 2នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Cho Ray ក្នុងក្រុងហូជីមិញ។

មន្ទីរពេទ្យ Bach Mai នៃក្រុងហាណូយ

រីឯមនុស្ស 39នាក់ មាន 20នាក់ជាបុគ្គលិកនៃមន្ទីរពេទ្យ Cho Ray ធ្លាប់បាននៅក្បែរជនជាតិចិន 2នាក់ខាងលើ និង19នាក់ផ្សេងទៀតធ្លាប់បាននៅក្បែរអ្នកជំងឺ 2នាក់នៅឯកោះត្រល់ ក៏កំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេដែរ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement