ហេតុ​អ្វី​បាន​ជា​មេរោគ​កូរ៉ូណា Covid-19 អាច​ឆ្លង​តាម​រយៈ​បំពង់​លូ​ក្នុង​អគារស្នាក់​នៅបាន?

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ កំពុង​ស្វែង​យល់​ឱ្យ​បាន​លម្អិត​ចំពោះ​សំណួរ​ដែល​សួរ​ថា “តើ​មេរោគ​កូរ៉ូណា Covid-19 អាច​ឆ្លង​តាម​បំពង់​លូក្នុង​អគារ​ស្នាក់​នៅដែរ​ ឬ​អត់?

អាជ្ញាធរ​ទីក្រុង​ហុង​កុងថ្មី​ៗ​នេះ បាន​ជម្លៀស​ពលរដ្ឋ​ជាង​100នាក់ ចេញពី​អគារស្នាក់​នៅ ​Hong Mei House នៅ​ក្នុង​តំបន់ Tsing Yi កាល​ពី​ថ្ងៃទី11 ខែកុម្ភៈ បន្ទាប់​ពី​ស្ត្រី​វ័យ​62ឆ្នាំ​ម្នាក់ បាន​ក្លាយជា​មនុស្ស​ទី​ពីរ​ក្នុង​អគារ​ ឆ្លង​មេរោគកូរ៉ូណា។ អ្នក​ជំងឺនេះ​ ស្នាក់​នៅ​លើ​ជាន់​ទី3 ដែល​មាន​ចម្ងាយ​​ពី​អ្នក​ជំងឺ​ដំបូង​រហូត​ដល់​10ជាន់​ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា មេរោគ​នេះ​អាច​ឆ្លង​តាម​បំពង់​លូក្នុង​អគារ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​រក​ឃើញ​បំពង់លូ​មួយដែល​បាន​ធ្លាយ​ នៅ​​ក្នុង​បន្ទប់​របស់​អ្នកជំងឺ​ទី2នេះ​ផងដែរ។

ក្រុម​មន្ត្រី​សុខាភិបាល​កំពុង​ស្រាវជ្រាវ​រក​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ឆ្លង​រវាង​អ្នក​ជំងឺ​ទី1 និង​អ្នក​ជំងឺ​ទី2 ដែល​នៅ​ក្នុង​អគារ​ Hong Mei House ​នេះ​។ អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO ធ្លាប់​បាន​ឱ្យ​ដឹងថា កាល​ពី​ឆ្នាំ2003 អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​មេរោគ​ SARS តាម​រយៈបំពង់លូខូច នៅ​​ក្នុង​អគារ Amoy Gardens នៅ​ក្រុង​ហុង​កុង​ផងដែរ​។

ករណី​ដែល​បាន​កើត​ឡើង​ខាង​​លើ​ គឺ​ដោយ​សារ​វីរុស​កូរ៉ូណាប្រភេទ​ SARS អាច​ឆ្លង​តាម​រយៈ​លាមក និង​កាក​សំណល់​ដែល​មិន​ទាន់​បាន​សម្លាប់​មេរោគ​។ វេជ្ជ​បណ្ឌិត ​Amesh Adalja អ្នក​ឯកទេស​ផ្នែក​ជំងឺ​ឆ្លង​នៃ​មជ្ឈ​មណ្ឌល​សន្តិសុខ​ផ្នែក​សុខ​ភាព​ Jonhs Hopkins ក្នុង​តំបន់ Baltimore បាន​ថ្លែងថា​ បំពង់លូបង្ហូរ​កាត​សំណល់ ត្រូវ​បាន​គេ​រៀប​ចំ​ដាក់​ឱ្យ​ដាច់​ដោយ​ឡែក​ពី​កន្លែង​រស់​នៅ ប៉ុន្តែ បើ​សិន​វា​បែក ឬ​ធ្លុះ វា​នឹង​អាចជួយ​ឱ្យ​មេរោគ​ចេញ​មក​ខាង​ក្រៅ​បា​ន ប្រការ​នេះ ធ្វើ​ឱ្យ​ពល​រដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​មាន​លូធ្លាយ​ ត្រូវ​​​ប្រឈម​ទៅ​នឹង​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​។ នេះ​បើ​តាម​សារព័ត៌មាន Live Science។

ក៏ប៉ុន្ដែ វេជ្ជ​បណ្ឌិត ​Amesh Adalja បាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​មេរោគ​កូរ៉ូណា Covid-19 អាច​ឆ្លង​តាម​រយៈបំពង់លូ តែ​នេះ​ក៏មិន​មែន​ជា​ការ​ឆ្លង​ធម្មតា​នោះ​ដែរ។ របៀប​ឆ្លងទូទៅ​​បំផុត​​របស់​មេរោគ​នេះ គឺ​តាម​រយៈ​កម្ទេចទឹក​មាត់ កម្ទេច​ស្លេស្ម ដែល​ខ្ទាត​ចេញនៅ​ពេល​អ្នកជំងឺ​កណ្ដាស់ ឬ​ក្អក។ ការ​ពិនិត្យ​បឋម​ទៅ​លើ​បំពង់​លូ​ក្នុង​អគារ Hong Mei House បង្ហាញ​ថា ប្រព័ន្ធ​បំពង់​លូនេះ ត្រូវ​បាន​រៀប​ចំ​យ៉ាង​ល្អ​។

ចំពោះ​ករណី​ឆ្លង​តាម​បំពង់លូក្នុង​អគារ Amoy Gardens កាល​ពី​ជំនាន់អាសន្ន​រោគ​ SARS វិញ អ្នក​ជំនាញ​កាល​ណោះ​បាន​រក​ឃើញថា ប្រព័ន្ធ​បំពង់​លូ​នោះ មានរចនា​មិន​​ល្អ។ ជា​ធម្មតា បំពង់​លូ​ក្នុង​បន្ទប់​ទឹក​​ តែង​មាន​រាង​អក្សរ​ U ដើម្បី​ទប់​​មិន​ឱ្យ​កាក​សំណល់​ និង​ខ្យល់​អាក្រក់​រត់​បញ្ច្រាស់​មក​ក្រោយ​ ប៉ុន្តែ បំពង់​លូ​នៅ​ឯ​អគារ​ Amoy Gardens គេ​ពិនិត្យ​ឃើញ​ថា ខ្យល់​ហ្គាស់​អាច​ភាយ​ត្រឡប់​ក្រោយ​បាន ដែលជា​ហេតុ​នាំ​ឱ្យ​មេរោគ​អាច​អណ្ដែត​ចេញ​មក​ក្រៅ​បាន​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement