មេរោគ​កូរ៉ូណា​អាច​សម្ងំ​ក្នុង​ខ្លួន​អ្នក​ជំងឺ​ ដល់​ទៅ​27ថ្ងៃ​ ដោយ​គ្មាន​រោគ​សញ្ញា

មន្ត្រី​សុខា​ភិបាល​​នៅ​ខេត្ត​ Hubei ប្រទេស​ចិន ដែល​ជា​តំបន់​មាន​ “សម្បុក​” មេរោគ​កូរ៉ូណា COVID-19 បានឱ្យដឹង​ថា បុរស​វ័យ​70ឆ្នាំ​ម្នាក់​នៅ​ក្នុង​ខេត្ត​នេះ បាន​ឆ្លង​មេរោគ​កូរ៉ូណា​រយៈ​ពេល​ដល់ទៅ​​27ថ្ងៃ​ ដោយ​មិន​មាន​រោគ​សញ្ញា​អ្វី​សោះ។

គេហទំព័រ​របស់​អាជ្ញា​ធរ​ខេត្ត Hubei បាន​ចុះ​ផ្សាយ​ថា កាល​ពី​ថ្ងៃទី24មករា​ បុរស​ដែល​មាន​ត្រកូល​ Jiang ខាង​លើ​នេះ បានបើក​បរ​រថយន្ត​ពី​សង្កាត់​ Yanzhou ទៅ​កាន់សង្កាត់ Shennongjia ក្នុង​ខេត្ត Hubei និង​បាន​នៅ​ក្បែរ​ប្អូន​ស្រី​របស់​ខ្លួន ដែលជាអ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា។

បុរស​ខាង​លើ​នេះ មាន​ជំងឺ​ក្ដៅ​ខ្លួន​នៅ​ថ្ងៃទី 20កុម្ភៈ ហើយ​មួយ​ថ្ងៃ​ក្រោយ​មក គាត់​ត្រូវ​បានគេ​​ពិនិត្យ​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។ ប្រការ​នេះ​បាន​បង្ហាញ​ថា ក្នុង​ករណី​របស់​លោក Jiang មេរោគ​កូរ៉ូណា​បាន​សម្ងំ​ក្នុង​ខ្លួន​គាត់​អស់​រយៈ​ពេល​27ថ្ងៃ មិន​មែន​ពី​2-14ថ្ងៃ​ តាម​ការ​យល់​ឃើញ​មុន​នេះ​នោះ​ទេ។

លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី សមាគម​វេជ្ជ​សាស្ត្រ​អាមេរិកាំង (​American Medical Association) កាល​ពី​ម្សិល​មិញ ក៏បាន​ឱ្យ​ដឹង​ដែរថា នារី​វ័យ​20ម្នាក់ មក​ពី​ទី​ក្រុង​ Wuhan បាន​ចម្លង​មេរោគ​កូរ៉ូណា​ទៅ​ឱ្យ​មនុស្ស​5នាក់​នៅ​ឯតំបន់ Anyang ខេត្ត​ Henan ប្រទេស​ចិន បើ​ទោះ​ជា​នាង​មិន​មាន​រោគ​សញ្ញា​បន្ទាប់​ពី​បាន​ឆ្លង​មេរោគ​នេះ​អស់​រយៈ​ពេល​ជាង​1ខែ​។

រយៈ​ពេល​នៃការ​​សម្ងំ​លាក់ខ្លួន​បាន​យូរជាង​មុន ​ដោយ​មិន​បញ្ចេញ​រោគ​សញ្ញា​អ្វី​សោះ​បែប​នេះ ​ធ្វើ​ឱ្យ​ស្ថាន​ភាព​អាសន្ន​រោគកូរ៉ូណា​ កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ​ខ្លាំង​ឡើង​ៗ។ គិត​មក​ដល់​ពេល​នេះ​ មេរោគ​រលាក​សួត​ថ្មី COVID-19 បាន​បង្ហាញ​​​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន​ដល់​ទៅ​30ទៅ​ហើយ ​តាំង​ពី​មេរោគ​នេះ​បាន​ចាប់​ផ្ដើម​ឆ្លង​នៅ​ក្នុង​ទី​ក្រុង​ Wuhan ខេត្ត Hubei កាល​ពី​ខែធ្នូ ឆ្នាំ​2019។ ​មក​ដល់​រសៀល​ថ្ងៃទី22កុម្ភៈ​នេះ វា​បាន​សម្លាប់​មនុស្ស​​យ៉ាង​តិច​2,360​​នាក់ និង​បាន​ឆ្លង​ទៅ​មនុស្ស​យ៉ាង​ហោច​77,662​នាក់​ នៅ​ទូទាំង​ពិភពលោក៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement